- 2018-06-29 13:06:40
- បាល់ទាត់
ការពិត ខ្សែប្រយុទ្ធកូឡុំប៊ី Falcao ក៏មានជាប់ឈាមជ័រអង់គ្លេសដែរ
- 2018-06-29 13:06:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ខ្សែប្រយុទ្ធកូឡុំប៊ី Falcao ក៏មានជាប់ឈាមជ័រអង់គ្លេសដែរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកូឡុំប៊ី Radamel Falcao មានជាប់ឈាមជ័រអង់គ្លេស។
កីឡាករមានតាទួតជាជនជាតិអង់គ្លេស។
តាទួតរបស់ Falcao មានឈ្មោះ George King កើតនៅ Selby ទីក្រុង Yorkshire ខាងជើង និងបានប្រកបរបរការងារផ្នែកគណនេយ្យ និងក៏ជាអ្នកចូលចិត្តលេងកូនគោលមួយរូបផងដែរ។ នៅឆ្នាំ ១៩៣២ លោក និងភរិយាបានចាកចេញពីស្រុកកំណើតមកប្រទេសកូឡុំប៊ី ដើម្បីធ្វើការឲ្យក្រុមហ៊ុនមួយឈ្មោះ The United Fruit Company។
នៅទីនោះ ប្រពន្ធលោក George បានស្លាប់ពេលសម្រាលកូន។ ក្រោយមក លោកក៏បានរៀបការជាមួយប្រពន្ធថ្មីដែលមានជាតិជាកូឡុំប៊ី មានឈ្មោះថា Juliana។ អ្នកទាំងពីរប្រសូតបានកូនចំនួន ៥ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍។ ក្នុងចំណោមនោះ មានម្នាក់ឈ្មោះ Denis ដែលត្រូវជាយាយបង្កើតរបស់កីឡាករ Falcao។
ដោយសម្អាងលើហេតុផលខាងលើនេះឯង កាលពី Falcao នៅវ័យ ១៣ ឆ្នាំ លោក Radamel Garcia ដែលត្រូវជាឪពុកកីឡាករ បានស្នើយកសញ្ជាតិអង់គ្លេសឲ្យកូនខ្លួន ដើម្បីធ្វើឲ្យកីឡាករមានភាពងាយស្រួលក្នុងទទួលបានឱកាសទៅបន្តអាជីពបាល់ទាត់នៅអឺរ៉ុប។ យ៉ាងនេះក្ដី ទូតអង់គ្លេសប្រចាំកូឡុំប៊ី បានបដិសេធសំណើនេះ។ តាមច្បាប់អង់គ្លេស ទាល់តែមានឪពុកម្ដាយ ឬជីដូនជីតាមានសញ្ជាតិអង់គ្លេសទើបបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលសញ្ជាតិប្រទេសមួយនេះ។
តាមពិត ទោះមិនបានសញ្ជាតិក្ដី កីឡាករមិនបានភ្លេចអំពីឈាមជ័រអង់គ្លេសរបស់ខ្លួនឡើយ។ ក្នុងបទសម្ភាសន៍ជាមួយ Mail កាលពីឆ្នាំ ២០១៤ Falcao បាននិយាយថា៖ "ខ្ញុំមានមោទនភាពចំពោះឈាមជ័រអង់គ្លេសរបស់ខ្ញុំ។ តា (ទួត) របស់ខ្ញុំគឺជាជនជាតិអង់គ្លេស ហើយក៏ជាកីឡាករមួយរូបផងដែរ"។
កូឡុំប៊ីនឹងត្រូវប្រកួតវគ្គ ១៦ ក្រុមចុងក្រោយជាមួយអង់គ្លេស នាវេលាម៉ោង ១ យប់រំលងអាធ្រាត្រថ្ងៃទី ៣ កក្កដាខាងមុខ (ម៉ោងនៅកម្ពុជា)៕