• 2020-02-04 04:38:00
  • បាល់ទាត់

ល្បី​ថា Liverpool ចង់​បាន​ Rashford និង Son!

  • 2020-02-04 04:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​កាល​ពី​ខែ​មករា Liverpool មិន​បាន​នាំ​ចូល​កីឡាករ​រូប​ណា​ម្នាក់​ឡើយ ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​ជប៉ុន​ Takumi Minamino នៃ​ក្លឹប​អូទ្រីស​ Salzburg ក្នុង​តម្លៃ​ខ្លួន ៧,២៥លាន​ផោន។ មាន​ការរិះគន់​ថា ក្រុម​ហង្ស​ក្រហម​ពិបាក​ក្នុង​ការ​រក​ទិញ​កីឡាករ​ មក​ពង្រឹង​ក្រុម​។ យោង​តាម​គេហទំព័រ The Independent ក្រុម​កំពូល​តារាង Premier League មួយ​នេះ ចង់​បាន Marcus Rashford និង Son Heung-min ក្នុង​​រដូវ​កាល​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​ខាង​មុខ​ (ខែ​មិថុនា)។​

ប្រភព​បាន​ឱ្យ​ដឹង ទាំង Rashford និង Son សុទ្ធ​តែ​ជា​ខ្សែប្រយុទ្ធ ដែល Liverpool និង​លោក Klopp ចង់​បាន​ ប៉ុន្តែ​អ្វី​ជា​ក្ដី​បារម្ភ​នោះ​គឺ ពួកគេ​ខ្លាច​ក្លឹប Manchester United និង Tottenham មិន​ព្រម​លក់។ មិន​តែ​ប៉ុណ្ណោះ​​មាន​ការ​អះអាង​ថា ខ្សែ​បម្រើ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen កីឡាករ Kai Havertz វ័យ​២០​ឆ្នាំ​ក៏​ស្ថិត​ក្នុង Shortlist របស់ Liverpool ដែរ ប៉ុន្តែ​តម្លៃ​ខ្លួន ៨០​លាន​ផោន អាច​ជា​តម្លៃ​ថ្លៃ​មួយដែល​ក្លឹប​ហង្ស​ក្រហម​ ពិបាក​ទទួល​យក។

ជាមួយ​គ្នា​នេះ​ខ្សែ​បម្រើ​ស្លាប Jadon Sancho របស់ Dortmund និង​ខែ​ប្រយុទ្ធ Kylian Mbappe របស់ PGS ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់ Liverpool ដែរ ប៉ុន្តែ​ជើង​ខ្លាំង Premier League នា​រដូវ​កាល​នេះ បែប​នឹង​មិន​ចំណាយ​លុយ​ទិញ​កីឡា​ករ​​ណា​មួយ​​ឡើយ ហើយ​រឿង​ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ Anfield ត្រូវ​ធ្វើ​មុន​គេ ក្រោយ​បញ្ចប់​រដូវ​កាល​នេះនោះ គឺចុះ​កុងត្រា​រយៈ​ពេល​វែង​ជាមួយ​​ខែល​ការពារ​ដ៏​រឹងមាំ Van Dijk និង​អ្នកចាំទី Alisson៕

ប្រភព៖ Metro ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់