• 2019-10-14 08:21:26
  • បាល់ទាត់

មូលហេតុ​សំខាន់​៣​ដែល​ Liverpool អាច​ឈ្នះ​ Premier League រដូវ​កាល​នេះ

  • 2019-10-14 08:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​នៅ​ដើម​រដូវ​កាល​ឆ្នាំ​២០១៩-២០ នេះ​ក្រោយ​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ល្អ​បំផុត​នៅ​ Premier League។​

ក្រុម​មាន​មូលដ្ឋាន​នៅ Merseyside លេង​៨​ប្រកួត​ដំបូង​ ឈ្នះ​ទាំង​៨​ប្រកួត​ មាន​២៤​ពិន្ទុ​ឈរ​កំពូល​តារាង​លីគ​កំពូល​ បើ​ធៀប​ជាមួយ​ក្រុម​ផ្សេង​វិញ​ពួកគេ​ដាច់​​លេខ​២​ Manchester City ៨​ពិន្ទុ​, ដាច់​ Arsenal ដែល​ឈរ​លេខ​៣​ចំនួន​៩​ពិន្ទុ​ និង​ដាច់​ Leicester ១០​ពិន្ទុ។

យ៉ាង​ណា​នេះ​ទើប​តែ​ចាប់​ផ្ដើម​រដូវ​កាល​ប៉ុណ្ណោះ​ លទ្ធផល​ចុង​ក្រោយ​យ៉ាង​ម៉េច​នោះ​ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​សប្ដាហ៍​៣៨​។​ ខាង​ក្រោម​គឺ​ជា​មូលហេតុ​៣​ដែល​ក្រុម​លោក​ Jurgen Klopp អាច​ឈ្នះ​ពាន​ Premier League៖

១. ការ​ចាប់​ផ្ដើម​យ៉ាង​រលូន

អាច​ថា​ជា​សំណាង​ លាយឡំ​នឹង​បច្ចេកទេស​ នៅ​រដូវ​កាល​នេះ​ Liverpool ឈ្នះ​រហូត​នៅ​៨​ប្រកួត​កន្លង​មក​ស្រប​ពេល​ក្រុម​ផ្សេង​វិញ​ទទួល​លទ្ធផល​ខកចិត្ត​ មាន​ស្មើ​ និង​ចាញ់​រហូត​ធ្វើ​ឲ្យ​ Liverpool ដាច់​ពិន្ទុ​យ៉ាង​រយៈ​ត្រឹម​មិន​ដល់​២​ខែ​ស្រួល​បួល​ផង។​

២. ការ​ភ្លាត់​របស់​ Manchester City

៨​ប្រកួត​កន្លង​មក​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​មិន​អន់​នោះ​ទេ​ពោល​គឺ​ឈ្នះ​៥​ ស្មើ​១​ និង​ចាញ់​២​ ប៉ុន្តែ​ដោយ​សារ​ Liverpool មិន​ចាញ់​ឬ​ស្មើ​សោះ​ទើប​ធ្វើ​ឲ្យ​គម្លាត​ពិន្ទុ​ដាច់​ឆ្ងាយ​បែបនេះ។​ City បាន​បាត់​បង់​៣​ពិន្ទុ​ដោយ​សារ​ VAR កាល​ប៉ះ​ Spurs ស្របពេល​ Liverpool វិញ​ចំណេញ​៣​ពិន្ទុ​ពី​ VAR កាល​ប៉ះ​ Leicester នេះ​អាច​ថា​ជា​សំណាង​របស់​ហង្ស​ក៏​ថា​បាន។​ មួយ​វិញ​ទៀត​ក្រុម​លោក​ Pep កំពុង​ញាំញី​ដោយ​សារ​កីឡាករ​រង​របួស​បន្តបន្ទាប់។

៣. Premier League គឺ​ជា​អាទិភាព​របស់​ Liverpool

ដូច​ Klopp បាន​និយាយ​តាំង​ពី​ឆ្នាំ​២០១៥​រួច​ហើយ​ថា​ រយៈ​ពេល​៤​ឆ្នាំ​លោក​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធផល​ដើម្បី​យក​ពាន Premier League លើក​ដំបូង​ឲ្យ​ Liverpool។ ឆ្នាំ​២០១៩/២០​ គឺ​ជា​ពេល​វេលា​កំណត់​ហើយ​ដែល​អ្នក​ចាត់ការ​រូប​នេះ​ត្រូវ​ធ្វើ​ឲ្យ​បាន​តាម​សន្យា​ ដូច្នេះ​ចង់​មិន​ចង់​ Liverpool ត្រូវ​ចាត់​ទុក​ Premier League គឺ​ជា​ពាន​អាទិភាព​របស់​ខ្លួន៕

អត្ថបទ៖ សៀនហួរ

មតិយោបល់