• 2017-02-10 02:21:48
  • ប្រដាល់

ឃើញ​ប្រវត្តិ​នេះហើយ អ្នក​ប្រាកដ​ជា​ស្ញើច​សរសើរ ម៉ា សេរី ដែលមាន​​លើស​ពី​អ្វី​ដែល​ធ្លាប់​ដឹង​

  • 2017-02-10 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​ម៉ា សេរី ជា​អ្នក​ផលិត​កម្មវិធី​កីឡា​ពោរពេញ​​ដោយ​បទពិសោធន៍​និង​គំនិត​ច្នៃ​ប្រឌិត​ ព្រម​ទាំង​ជា​ពិធីករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​ប្រកប​ដោយ​វោហារសាស្ត្រ​ផ្នែក​ ខាង​កីឡា​ប្រចាំ​ CBS ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​អ្នក​ស្នេហា ​វិស័យ​កីឡា។ លោក​កើត​នៅ​ថ្ងៃ​ទី១០ ខែ មេសា ឆ្នាំ១៩៦០ ក្នុង​ត្រកូល​កសិករ​មួយ​ស្ថិត​ក្នុង​ភូមិ​ខ្នុរ ឃុំ ស្វាយអង្គ ស្រុក​ស្វាយរៀង ខេត្ត ស្វាយរៀង​ដែល​មាន​ ឪពុក​ឈ្មោះ ម៉ា ជូ និង​ម្ដាយ​ឈ្មោះ​ពៅ អ៊ុត។ លោក​ជា​កូន​ទី៦​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់(ប្រុស​ទាំង​អស់)។ បង​ប្រុស​ទី​១​ឈ្មោះ ម៉ា សារឿន បង​ប្រុស​ទី​២​ឈ្មោះ ម៉ា សារិន បាន​ស្លាប់​នៅ​សហរដ្ឋអាមេរិក​ បង​ប្រុស​ទី​៣ឈ្មោះ ម៉ា សារ៉ន បង​ប្រុស​ទី​៤​ឈ្មោះ ម៉ា សារី និង​បង​ប្រុស​ទី​៥​ឈ្មោះ​ ម៉ា សារ៉េត បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម និង​ប្អូន​ពៅ​ឈ្មោះ ម៉ា សារ៉ាយ។

លោក ម៉ា សេរី ពេល​ធ្វើ​ការ​ឆ្នាំ​២០១០

ស្នាដៃ​សំខាន់​ខ្លះ​ៗ​របស់​លោក​ ម៉ា សេរី

  • ការ​ប្រកួត​ខ្សែ​ក្រវាត់ S1 ពីរ​ដង

  • ការ​ប្រកួត​រវាង​កម្ពុជា​ជា​មួយ​សហរដ្ឋអាមេរិក​ឆ្នាំ

  • ការ​ប្រកួត​រវាង​កម្ពុជា​ជាមួយ​អូស្ត្រាលី

  • ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA

  • ការ​ប្រកួត​រវាង​កម្ពុជា​ជា​មួយ​នូវែលហ្សេឡង់

  • ការ​ប្រ​កួត​ពាន​រង្វាន់​គុន​ខ្មែរ​អន្តរជាតិ

  • ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រុង​បាវិត និង​ការ​ប្រកួត​ជា​មួយ​ឡាវ

  • ការ​ប្រកួត​កំពូល​ជើង​ឯក​ អាស៊ាន

  • ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ​ជា​ច្រើន​ទៀត

  • ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​

លោក ម៉ា សេរី (កាល​នៅ​រស់) និង​ភរិយា (រូបថត៖ ម៉ា សេរី)

ឆ្នាំ ​១៩៨២ លោក​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នាង សុខ សុខុម​ជា​អ្នក​បញ្ចូល​សំឡេង​ខ្សែ​ភាពយន្ត​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​ លេខ​៥។ លោក​មាន​​កូន​​៥នាក់​(ប្រុស៣ ស្រី២)​សម្រាប់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍។ កូន​ទី១ឈ្មោះ សេរី វិជ្ជាធន់ ​ភេទ​ប្រុស កូន​ទី២​ឈ្មោះ សេរី ហាន់នីកា ភេទ​ស្រី កូន​ទី៣​ឈ្មោះ សេរី ណាថាន ភេទ​ប្រុស កូន​ទី៤​ឈ្មោះ សេរី ទីតូ ភេទ​ប្រុស និង​កូន​ពៅ​ឈ្មោះ សេរី ម៉ូនីតា ភេទ​ស្រី។ កូន​របស់​លោក​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើដែល​រហូត​មក​ដល់​ពេល​នេះ​​ គ្រួសារ​របស់​លោក​មាន​ជីវភាព​សមរម្យ​នៅ​ក្នុង​សង្គម។

សេរី ​ជា​បុគ្គល​មួយ​រូប​ដែល​ស្រលាញ់​ការសិក្សា។ លោក​ប្រសូត​បាន​ប្រមាណ​៥​ខែ ឪពុក​ម្ដាយ​របស់​លោក​បាន​ផ្លាស់​មក​រស់​នៅ​ក្នុង​ភូមិ​ និមិត្ត ឃុំ គោល ស្រុក​អូរជ្រៅ ខេត្ត​បាត់ដំបង (បច្ចុប្បន្ន​ខេត្ត​បន្ទាយ​មាន​ជ័យ)។ ​ទោះ​បី​ប្រទេស​ជាតិ​មាន​វិបត្តិ​នយោបាយ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​ខិត​ខំ​ព្យាយាម​សិក្សា​រហូត​បាន​ចប់​វិទ្យាល័យ​។ កាល​ពី​កុមារភាព សេរី​​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​និមិត្ត ឃុំ គោល ស្រុក អូរជ្រៅ ​ខេត្ត​ បាត់ដំបង។ បន្ទាប់​ពី​បញ្ចប់​បឋម​សិក្សា​យុវជន សេរី បាន​បន្ត​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​សម្ដេច​ឪ​ ស្រុក ​សិរីសោភ័ណ ខេត្ត​​បាត់​ដំបង់។ ក្រោយ​ប្រឡង​ជាប់​ឌីប្លូម យុវជន សេរី បាន​បន្ត​ការ​សិក្សា​នៅ​​វិទ្យាល័យ អៀប ឃុត សង្កាត់ រំចេក​បួន ​ខណ្ឌ រតនៈ ក្រុង​បាត់ដំបង។

ឆ្នាំ​១៩៧៥ ជា​ពេល​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ ប៉ុន្តែ​ដោយ​ប្រទេស​ជាតិ​មាន​ភាព​វឹក​វរ​ លោក​មិន​បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ឡើយ។ កាល​ណោះ​លោក​បាន​រសាត់ អណ្ដែត​ពី​ភូមិ​កំណើត ទៅ​រស់​នៅ​ជំរំ​ តាម​បណ្ដោយ​ព្រំ​ប្រទល់​ខ្មែរ-ថៃ។ សម័យ​នោះ​អង្គការ​សហប្រជាជាតិ​បាន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ ព្រំ​ដែន​ ហើយ​ក៏​ជា​ឱកាស​សម្រាប់​លោក​បាន​រៀន​ភាសា​បរទេស។ លោក​ក៏​បាន​សិក្សា​ភាសា​បារាំង​ និង​ថៃ​។ ទីបំផុត​លោក​​អាច​ប្រើ​ប្រាស់​ភាសា​ទាំង​ពីរ​នេះ​បាន​ល្អ​គួរ​សម។ ក្រោយ​ពេល​អាច​ប្រើ​ប្រាស់​ភាសា​បរទេស​បាន លោក​ក៏​មាន​ឱកាស​ធ្វើ​ការ​ងារ​ជាមួយ​អង្គការ​សហប្រជាជាតិ​ ក្នុង​នោះ​ក៏​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ផង​ដែរ។

លោក ម៉ា សេរី (រូបថត៖ ម៉ា សេរី)

ទន្ទឹមនឹង​ភាព​ល្វីង​ជូរ​ចត់​ក្នុង​ការ​រស់​នៅ​តាម​ព្រំ​ប្រទល់​ខ្មែរ-ថៃ ជីវភាព​រស់​នៅ​ក៏​លំបាក​តោក​យ៉ាក ហើយ​រស់​នៅ​ទាំង​ព្រលឹង​ចុង​សក់​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ប៉ុន្តែ​យុវជន សេរី​នៅ​តែ​មាន​ឆន្ទៈ​​ជាប់​ចិត្ត​ចំពោះ​អក្សរ​សាស្ត្រ លោក​ក៏​បាន​ចាប់​ស្លាបប៉ាកកា​សរសេរ​រឿង​ប្រលោម​លោក​លក់​ជា​ភាគ។ លោក​បាន​សរសេរ​រឿង​ចេញ​លក់ ​ឬ​ជួល​ជា​ភាគ​ដាក់​តាម​តូប​​សៀវភៅ​នានា​ជា​រៀង​ រាល់​ថ្ងៃ​ចន្ទ-ពុធ បើ​ប្រៀប​ធៀប​នា​ពេល​បច្ចុប្បន្ន​ដូច​អ្វី​ដែល​យើង​តាម​ដាន​ទស្សនា​ខ្សែ​ ភាពយន្ត​ភាគ​ទូរទស្សន៍​ដូច្នោះ​ដែរ។ លោក​និពន្ធ​រឿង​ប្រលោម​លោក​បាន​ពីរ​រឿង ទី​មួយ​រឿង មច្ចុរាជ​ម្រាម​ប្រាំ​បី និង​ទី​ពីរ​រឿង ខ្សែ​ជីវិត​ខ្ញុំ។ ពេល​ខ្លះ​លោក​បាន​បញ្ជាក់​ថា “មាន​ប្រិយ​មិត្ត​អ្នក​អាន​ចង់​យល់​ដឹង​សាច់​រឿង​រហូត​ដល់​ទៅ​អង្គុយ​មើល​ លោក​សរសេរ​ទៀត​ផង ខណៈ​ពេល​​លោក​សរសេរ​មិន​ទាន់​ឬ​ប្រិយ​មិត្ត​អស់​សាច់​រឿង​អាន​បន្ត​ទៀត។ ក្រៅ​ពី​ទទួល​បាន​ប្រាក់​ខែ​ក្នុង​ការ​បម្រើ​​ការ​ងារ​ជា​មួយ​អង្គការ​ សហប្រជាជាតិ លោក​ក៏​អាច​រក​ប្រាក់​បាន​ខ្លះ​ៗ​ពី​ការ​លក់​ឬ​ជួល​អត្ថបទ​រឿង​ប្រលោម​លោក។ លើស​ពី​ការ​​និពន្ធ​រឿង​ប្រលោម​លោក​ លោក​ម៉ា សេរី​ក៏​ធ្លាប់​បាន​និពន្ធ​បទ​ចំ​រៀង​ឲ្យ​ផលិត​កម្ម​ខ្លះ​ៗ​នៅ​ក្នុង​រាជ​ ធានី​ភ្នំ​ពេញ​ផង​ដែរ។

ជីវិត​ក្នុង​វិស័យ​កីឡា

លោក​ ម៉ា សេរី បាន​រៀប​អាពាហ៍ពិពាហ៍​ពិពាហ៍​ជា​មួយ​ភរិយា​ដែល​មាន​កំណើត​នៅ​រាជធានី​ភ្នំ​ពេញ​ ប៉ុន្តែ​លោក​មិន​បាន​មក​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ភ្លាម​ៗ​នោះ​ទេ។ ​លោក​គិត​ថា លោក​មិន​ដឹង​ថា​ ត្រូវ​ប្រកប​ការងារ​អ្វី​នោះ​ទេ ទោះ​ជា​ ភរិយា​របស់​លោក​បាន​បញ្ចុះ​បញ្ចូល​ និង​ហាក់​ដូច​មាន​សំណាង​ផង​នោះ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា “សំណាប​យោង​ដី​ស្រី​យោង​ប្រុស” ដល់​ឆ្នាំ​១៩៩៣ លោក​ក៏​សម្រេច​មក​រស់​នៅ​ទី​ក្រុង​ភ្នំ​​ពេញ​​តាម​ភរិយា ក្រោយ​ពី​រៀប​ការ​មាន​បុត្រ​៥​នាក់​ហើយ​នោះ។ បន្ទាប់​ពី​បាន​មក​ដល់​ទឹក​ដី​រាជធានី​ភ្នំ​ពេញ លោក​ពុំ​ទាន់​មាន​ការងារ​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ភរិយា​របស់​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។ លើស​ពី​នេះ​ទៀត​ភរិយា​របស់​លោក​ក៏​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​បញ្ចូល​ សំឡេង​ខ្សែ​​ភាព​យន្ត​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ ពេល​នោះ​ភរិយា​របស់​លោក​ក៏​បាន​ឲ្យ​លោក​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​​ខ្សែ​ភាព ​យន្ត​ ពី​ព្រោះ​លោក​ចេះ​ភាសា​បរទេស។ ​លោក​បាន​ធ្វើ​ការ​ជា​អ្នក​ប្រែ​ខ្សែ​ភាព​យន្ត​សម្រាប់​ដាក់​បញ្ចាំង​តាម​ ស្ថានីយ​ទូរទស្សន៍​ និង​រោង​ភាពយន្ត​នានា។

ក្រោយមក លោក​ឈប់​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​ហើយ​ចូល​បម្រើ​ការងារ​ជា​មួយ​អ៊ុនតាក់។ បន្ទាប់​ពី​ឈប់​ធ្វើ​ការ​ជា​មួយ​អ៊ុនតាក់​ លោក​ក៏​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​វិញ។ ឆ្នាំ​១៩៩៦ ភរិយា​របស់​លោក​បាន​​ណែ​នាំ​លោក​ឲ្យ​ចូល​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​នៅ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។ ចាប់​តាំង​ពី​ពេល​នោះ​មក ការងារ​របស់​លោក​កាន់​តែ​រីក​ចម្រើន​ជា​លំដាប់។ ក្រៅ​ពី​ការងារ​ជា​អ្នក​បក​ប្រែ​ខ្សែ​ភាពយន្ត ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​តែង​តែ​ប្រើ​លោក​ឲ្យ​ធ្វើ​ការងារ​ក្រៅ​ពី ​ការងារ​ជា​អ្នក​បក​ប្រែ​ ហើយ​លោក​ក៏​មាន​សមត្ថភាព​ធ្វើ​បាន។ លោក​អាច​ប្រើ​ប្រាស់​ភាសា​ថៃ​ និង​បារាំង​បាន​យ៉ាង​ល្អ​ ពី​ព្រោះ​លោក​ធ្លាប់​បាន​សិក្សា​កាល​នៅ​ជំរំ និង​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ ព្រម​ជា​មួយ​នឹង​បទពិសោធន៍​ជា​អ្នក​និពន្ធ​រឿង​ផង​​នោះ​ ធ្វើ​ឲ្យ​លោក​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​បាន​យ៉ាង​ល្អ​ក្នុង​ការ​បក​ប្រែ​ខ្សែ ​ភាព​យន្ត និង​កិច្ចការ​ផ្សេង​ៗ​ទៀត។

ការងារ​ជា​ពិធីករ​ និង​អ្នក​​ផលិត​កម្មវិធី​កីឡា​ដូច​ លោក​ម៉ា សេរី​ពុំ​ដែល​មាន​បំណង​ចង់​ធ្វើ​ឡើយ។ ក្ដី​ស្រមៃ​របស់​លោក​ចង់​ក្លាយ​ជា​អ្នក​កាសែត​ និង​ជា​មន្ត្រី​ការ​ទូត​ ប៉ុន្តែ​អ្វី​ដែល​លោក​ប៉ង​ប្រាថ្នា​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ។ ​ពេល​​លោក​កំពុង​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មាន​ពេល​មួយ​នោះ​កម្មវិធី​កីឡា​បាល់​ទាត់​ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ ប៉ុន្តែ​ពិធី​ករ​អវត្តមាន​ ដូច្នេះ​ហើយ​គេ​ក៏​ជ្រើស​រើស​រូប​លោក​ឲ្យ​ជំនួស​មួយ​ពេល​សិន។ ពេល​នោះ​លោក​ប្រើ​ប្រាស់​ពាក្យ​បច្ចេកទេស​បាន​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​ខាង​ ប៉ុស្តិ៍​លេខ​៥​ ក៏​ដូច​ជា​ទស្សនិកជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​ជា​ ពិធីករ​បាល់ទាត់។ ប៉ុន្តែ​ទស្សនិកជន​មិន​​​ទាន់​បាន​ស្គាល់​ឈ្មោះ​លោក​នៅ​ឡើយ​ទេ​ ទស្សនិកជន​ស្គាល់​ត្រឹម​តែ​ពិធីករ​តា​ស្រមូម​តែ​ប៉ុណ្ណោះ​ ព្រោះ​លោក​មិន​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ទុក​ជា​មុន​ដូច​ជា​កោរ​ពុក​មាត់​ ឡើយ។

លោក ​ម៉ា សេរី ស្រលាញ់​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​កីឡា ជាពិសេស​កីឡា​បាល់ទាត់។ ពេល​លោក​រស់​នៅ​រសាត់​អណ្ដែត​តាម​ទល់​ដែន​ និង​ចូល​ទៅ​រស់​ក្នុង​ទឹក​ដី​ប្រទេស​ថៃ លោក​តែង​តែ​មើល​កម្មវិធី​ប្រកួត​បាល់ទាត់ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​ស្គាល់​ប្រវត្តិ​កីឡាករ​បាល់ទាត់ និង​ក្រុម​បាល់ទាត់​នានា​នៅ​អឺរ៉ុប។ កត្តា​ទាំង​នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នាំ​ឲ្យ​លោក​​ក្លាយ​ ជា​ពិធីករ​ដ៏​ល្បីល្បាញ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

ឆ្នាំ២០០៣ លោក​ម៉ា សេរី ​បាន​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ទៅ​បម្រើ​ការងារ​នៅ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ីធីអិន។ ក្រោម​ម្លប់​ដំបូល​នៃ​ស្ថានីយ​ទូរទស្សន៍​កម្ពុជា ស៊ីធីអិន រឹតតែ​ធ្វើ​ឲ្យ​លោក បញ្ចេញ​ស្នាដៃ​គួរ​ឲ្យ​កោត​សរសើរ​ក្នុង​ការ​ផលិត​កម្មវិធី​កីឡា​ថ្មីៗ។ នៅ​ទី​នោះ​ ​លោក​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​កម្មវិធី​កីឡា។ លោក​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​កីឡា​ទាំង​អស់​នៅ​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ដូច​ជា​ព័ត៌មាន​កីឡា​ប្រ​ចាំ​ថ្ងៃ ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​ពី​ថ្ងៃ​សុក្រ-អាទិត្យ កីឡា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដែល​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់។

​លោក​​បាន​សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​រៀប​ចំ​ការ ​ប្រកួត​អន្តរជាតិ​បាន​​ជា​ច្រើន​ទាំង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាតិ​ និង​អន្តរជាតិ​។ ឆ្នាំ​២០០៥ ការ​ប្រកួត​ខ្សែ​ក្រវាត់​ S1 ពីរ​ដង ឆ្នាំ២០០៦ ការ​ប្រកួត​រវាង​កម្ពុជា​ជា​មួយ​សហរដ្ឋអាមេរិក ឆ្នាំ ២០០៧ ការ​ប្រកួត​រវាង​កម្ពុជា​ជាមួយ​អូស្ត្រាលី ឆ្នាំ២០០៨ ការ​ប្រកួត​រវាង​កម្ពុជា​ជា​មួយ​នូវែលហ្សេឡង់​ និង​ខ្សែ​ក្រវាត់​ពិភពលោក ISKA ឆ្នាំ២០០៩ ការ​ប្រ​កួត​ពាន​រង្វាន់​គុន​ខ្មែរ​អន្តរជាតិ និង​ឆ្នាំ​២០១០ ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រុង​បាវិត ការ​ប្រកួត​ជា​មួយ​ឡាវ និង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រៀប​ចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ​ជា​ច្រើន។

ក្រៅ​ពី​វិស័យ​កីឡា​ លោក​​ ម៉ា សេរី​បាន​បន្សល់​ទុក​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​​ក្នុង​នោះ​​ការ​និពន្ធ​​បទ​ចម្រៀង​ចន្លោះ​ពី​២០ទៅ៣០បទ។ តារា​ចម្រៀង​ដែល​ធ្លាប់​ច្រៀង​ស្នាដៃ​និពន្ធ​របស់​លោក​មាន​ដូច​ជា​ លោក ឈឿន ឧត្ដម ជិន សេរីយ៉ា លោក សេន រ៉ានុត កញ្ញា សុគន្ធ និសា​ ជា​ដើម។

ទោះ​ជា​ជីវិត​ធ្លាក់​ខ្លួន​ឈឺ​ ក៏​​លោក​ម៉ា សេរី​​នៅ​តែ​មិនទាន់​អស់​ចិត្ត​នៅ​ឡើយ​​ក្នុង​ការ​បម្រើ​ទស្សនិកជន​ដែល​ស្រលាញ់​ពេញ​ចិត្ត​ចំពោះ​កីឡា។ សំដី​ចុង​ក្រោយ​របស់​លោក​គឺ​ ​រាល់​​ពេល​ដែល​មាន​អ្នក​ធម្មតា​​មក​សួរ​សុខទុក្ខ​​​​លោក​ច្រើន​នៅ​មន្ទីរ​ពេទ្យ​​ ​លោក​​​មាន​អារម្មណ៍​ធម្មតា​។ ប៉ុន្តែ​នៅ​ពេល​ណា​ដែល​បាន​ឃើញ​កីឡាករ​ប្រដាល់​មក​សួរ​សុខ​ទុក្ខ​វិញ ​លោក​​តែងតែ​អួល​ដើម​ក​រហូត​ ហើយ​ពេល​ខ្លះ​ទឹក​ភ្នែក​ក៏​ស្រក់​មក​ដោយ​មិន​ដឹង​ខ្លួន។ លោក​​ស្រលាញ់​វិស័យ​កីឡា​ប្រដាល់​ណាស់​ ព្រោះ​វា​ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ ​ដោយ​លោក​រំពឹង​ថា​ថ្ងៃ​ណា​មួយ​វិស័យ​នេះ​នឹង​លើក​មុខ​មាត់​ជាតិ​ជាក់ជា​មិន​ខាន។ លោក​បាន​ទទួល​មរណភាព​ដោយ​រោគជរាពាធ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ក្នុង​​វ័យ​៥៦​ឆ្នាំ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី