• 2022-02-08 02:58:08
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​ការ៉ាតេ៖​ បញ្ចប់​វគ្គ​ចៅក្រម​ សិក្ខាកាម​មាន​ការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​

  • 2022-02-08 02:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ការ៉ាតេ​កម្ពុជា​ ក្រោយ​បញ្ចប់​វគ្គ​ចៅក្រម​ អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​ គឺ​មើល​ឃើញ​ថា​សិក្ខាកាម​ចូលរួម​មាន​ការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​ដែល​ជា​ការ​ល្អ​សម្រាប់​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី៩​ នា​ខែ​មិនា​ ២០២២​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​

ឯកឧត្ដម​ សាយ​ ណូរ៉ា (ឆ្វេង)

ឯកឧត្ដម​ សាយ​ ណូរ៉ា​ អនុប្រធាន​សហព័ន្ធ​សំដែង​នូវ​អំណរ​ស្វាគមន៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​សហព័ន្ធ​ក្នុង​ការ​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​នេះ​ឡើង។​

ទិដ្ឋភាពបិទវគ្គ

តាម​រយៈ​វគ្គ​សិក្សា​នេះ​ឯកឧត្ដម​មើល​ឃើញ​ថា​ សិក្ខាកាម​មាន​ការ​ចេះ​ដឹង​ច្បាស់លាស់​បាន​ល្អ​ មាន​ការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ទាំង​បរិមាណ​ និង​គុណភាព​ដែល​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ជាទី​មោទកភាព។​ នេះ​ជា​សក្ដានុពល​មួយ​ផង​ដែរ​សម្រាប់​កម្ពុជា​ដែល​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ជើងឯក​ ការ៉ាតេ​ អាស៊ីអាគ្នេយ៍​ លើក​ទី៩​ នា​ខែ​មិនា​ ខាង​មុខ​នេះ​ផង។​

ទិដ្ឋភាពបិទវគ្គ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​កម្រិត​ថ្នាក់​ជាតិ​ មាន​រយៈពេល​ ៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៤​ ដល់​ ៦​ ខែ​កុម្ភៈ​ ២០២២​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។​ សិក្ខាកាម​ចូលរួម​មាន​ ២៥​នាក់​ មក​ពី​សាលាគុន​ សមាគម​ ក្លឹប​ចំនួន​ ៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់