• 2020-11-17 06:16:36
  • បាល់ទាត់

លីគ២៖ កែម វ៉ានដា ៥ប្រកួតជាប់ជម្រើស១១នាក់ដំបូងទាំង៥ប្រកួត

  • 2020-11-17 06:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារកណ្ដាល កែម វ៉ានដា បានខឹតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង រហូតបានជាប់ជម្រើស១១នាក់ដំបូងទាំង៥ប្រកួត ឱ្យក្លឹប ISI Dangkor Senchey ក្នុងការប្រកួតប្រជែងជ្រើសជើងឯកកម្ពុជា លីគ២ឆ្នាំ២០២០ ក្រោយដំណើរការបាន៥សប្ដាហ៍ មុនសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសផ្អាក ដោយសារការផ្ទុះជាថ្មីនៃជំងឺ Covid-19។

យុវជនវ័យ២១មកពីខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍ត្រេកអរ និងលើកឡើងថា ៖«(ខ្ញុំ)សប្បាយចិត្ត ព្រោះយើងដណ្ដើមបានកៅអីដំបូងទាំង៥ប្រកួតអ៊ីចឹង។ មុនយើងដណ្ដើមកៅអីហ្នឹងបាន ដោយសារយើងខិតខំប្រឹងប្រែងហ្វឹកហាត់អីដែរ។ ស្ដាប់គ្រូដាក់លំហាត់ យើងធ្វើបានល្អ ដណ្ដើមបានកៅអី១១នាក់ អ៊ីចឹងយើងសប្បាយចិត្ត»។

តើវ៉ានដាយល់យ៉ាងណា ចំពោះការប្រកួតប្រជែង នៅលីគ២របស់កម្ពុជានេះ? អតីតយុវជន U18 ក្លឹបក្រសួងការពារជាតិ យល់ឃើញថាការប្រកួតប្រជែងលីគ​២ មិនចាញ់លីគទី១ប៉ុន្មានឡើយ ព្រោះក្លឹបទាំង១០សុទ្ធតែមានមហិច្ចតា ចង់ឡើងទៅលេងនៅលីគទី១ដូចគ្នា។ ច្បាស់ណាស់ ពួកគេបានរៀបចំក្លឹប និងត្រៀមខ្លួនបានយ៉ាងល្អ។

ថ្វីបើក្រុមនីមួយៗមានការរៀបចំល្អ ប៉ុន្តែ កែម វ៉ានដា ថានឹងខិតខំប្រឹងប្រែង ដើម្បីជួយក្លឹបឱ្យទទួលបានជោគជ័យនៅ​​​លីគទី២។

កែម វ៉ានដា កំពុងហ្វឹកហាត់

កែម វ៉ានដា បន្ថែម ៖«ទោះក្លឹបយើងចាប់ផ្ដើមថ្មីជាលក្ខណៈអាជីព ប្រមូលផ្ដុំបានរយៈពេលខ្លីក៏ដោយ ខ្ញុំនឹងព្យាយាមប្ដេជ្ញាចិត្ត ខំប្រឹងហ្វឹកហាត់ គោរពវិន័យ ដើម្បីជួយក្លឹបឱ្យទទួលបានជោគជ័យនៅលីគទី២នេះ»។

គិតត្រឹមសប្ដាហ៍ទី៥ អតីតកីឡាករជម្រើសខេត្តកំពង់ចាម បានជួយឱ្យក្លឹប ISI Dangkor Senchey ឈ្នះ៣ ចាញ់១ និងស្មើ១ប្រកួត មាន១០ពិន្ទុ​ឈរលេខរៀងទី៣ តាមពីក្រោយក្លឹបលេខ២ព្រៃវែង (១០ពិន្ទុ) និងលេខ១ TIFFY ARMY U-21 (១៣ពិន្ទុ)៕

រូបភាពផ្ដល់ឱ្យដោយ កែម វ៉ានដា

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់