- 2017-12-09 01:41:02
- បាល់ទាត់
កីឡាករកម្ពុជា៣នាក់នេះអាចទៅលេងលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មី
- 2017-12-09 01:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកម្ពុជា៣នាក់នេះអាចទៅលេងលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មី
ចន្លោះមិនឃើញ
សមាជិកជម្រើសជាតិកម្ពុជា៣នាក់អាចនឹងដឹកដៃគ្នាទៅលេងលីគកំពូលប្រទេសម៉ាឡេស៊ីគឺ Super League បន្ទាប់ពីមានពាក្យចចាមអារ៉ាមកាន់តែច្បាស់អំពីកីឡាករទាំង៣នាក់នេះពាក់ព័ន្ធចេញក្រៅប្រទេស។
ធារី ចន្ថាប៊ីន
អតីតកីឡាករភ្នំពេញក្រោនរូបនេះបានចុះកុងត្រារួចរាល់ហើយជាមួយក្លឹបTerengganu FC នៃក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសម៉ាឡេស៊ី។ រូបគេនឹងចំណាយពេលមួយរដូវកាលនៅទីនោះ។
ចាន់ វឌ្ឍនាកា
កូនប្រុសរបស់អភិបាលនៃគណៈអភិបាលខេត្តកំពតរូបនេះត្រូវបានប្រភពច្បាស់ការមួយបញ្ជាក់ថា ១០០%ហើយគឺទៅលេងលីគកំពូលប្រទេសម៉ាឡេស៊ីនៅរដូវកាល។ ពិធីសន្និសីទនៃការចុះហត្ថលេខារបស់អតីតសមាជិក Fujieda MYFC នឹងត្រូវធ្វើប្រហែលជាចុងខែធ្នូនេះហើយ។ ទោះជាយ៉ាងណាគេមិនទាន់ទម្លាយឲ្យដឹងពីឈ្មោះក្លឹបនៅឡើយទេ។ ចាន់ វឌ្ឍនាកា ក៏បានបញ្ជាក់ថា ក្លឹបដែលគេចុះសម្រេចទៅលេងរដូវកាលក្រោយនេះគឺមានប្រជាប្រិយភាពជាងអតីតក្លឹបនៅជប៉ុន ហើយរូបគេមានភាគរយខ្ពស់បំផុតក្នុងការបង្ហាញខ្លួន។
ពាក់ព័ន្ធនឹងការចេញប្រកបអាជីពក្រៅប្រទេសនេះ ឯកឧត្តម ចាន់ ចេស្តា ឪពុករបស់ ចាន់ វឌ្ឍនាកាបាននិយាយថា ការសម្រេចចិត្តទៅលេងនៅក្រៅប្រទេសដូចជានៅជប៉ុន ឬប្រទេសណាមួយនាពេលខាងមុខនេះគឺមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែនដែលតែងតែជួយគាំទ្រ និងលើកទឹកចិត្តដល់ការសម្រេចចិត្តរបស់កូនប្រុស។
កែវ សុខផេង
សមាជិកជម្រើសជាតិកម្ពុជារូបនេះបានប្រាប់ Sabay ថា រូបគេប្រហែលជាអាចចេញទៅលេងនៅក្រៅប្រទេសដាច់ឆ្នាំនេះហើយ។ លីគ៣ប្រទេសដែលរូបគេទម្លាយឲ្យដឹងគឺ សិង្ហបុរី ម៉ាឡេស៊ី និងថៃ។ ទោះជាយ៉ាងណា ផេកភាសាអង់គ្លេស TheMorning ផ្សាយល្ងាចមិញថា កែវ សុខផេង ក៏នឹងទៅលេងនៅលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី ហើយគ្រោងចុះហត្ថលេខាកុងត្រានាពេលខាងមុខដែរ។ ប៉ុន្តែ កែវ សុខផេង និង ចាន់ វឌ្ឍនាកាមិនលេងក្លឹបជាមួយគ្នា។
ប្រសិនបើ កែវ សុខផេងពិតជាបានទៅលេងនៅលីគកំពូលម៉ាឡេស៊ីមែននោះ ដូច្នេះរដូវកាលក្រោយនេះកីឡាករកម្ពុជា៣នាក់ហើយដែលអាចនឹងមានវត្តមាននៅក្រៅប្រទេសក្នុងលីគតែមួយ ប៉ុន្តែក្លឹបផ្សេងគ្នា៕