- 2017-11-13 06:58:04
- ព័ត៌មាន
F1៖ Vettel ឈ្នះក្នុងការប្រណាំងបង្គ្រប់កិច្ចនៅ Brazilian GP
- 2017-11-13 06:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
F1៖ Vettel ឈ្នះក្នុងការប្រណាំងបង្គ្រប់កិច្ចនៅ Brazilian GP
ចន្លោះមិនឃើញ
Sebastian Vettel បានយកឈ្នះក្នុងការប្រណាំងរថយន្ត Formula One នៅទីលានទី១៩ Brazilian Grand Prix កាលពីថ្ងៃម្សិលមិញ។
អ្នកប្រណាំងរថយន្តសញ្ជាតិអាល្លឺម៉ង់ បានប្រើថេរវេលា ១ម៉ោង ៣១នាទី និង២៦,២៦២វិនាទី យកឈ្នះ Valtteri Bottas ដែលមកដល់ទីលេខ២ និង Kimi Raikkonen មកដល់ទីលេខ៣។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ Vettel បន្ទាប់ពីខកខានដល់ទីមុនគេចាប់តាំងពីខែកក្កដាមក។
ទោះជាឈ្នះនៅទីលានប្រទេសប្រេស៊ីលក្ដីក៏វាគ្រាន់ជាការប្រណាំងបង្គ្រប់កិច្ចប៉ុណ្ណោះព្រោះជើងឯក Formula One ពិភពលោកបានធ្លាក់ទៅក្នុងដៃរបស់ Lewis Hamilton តាំងពីការប្រណាំងនៅទីលាន Mexican Grand Prix មកម្ល៉េះ។ នៅការប្រកួតនៅទីលានប្រេស៊ីល អ្នកប្រណាំងរថយន្តវ័យ៣២ឆ្នាំបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ប៉ុន្តែនៅ១៨ទីលានកន្លងមក Hamilton បានយកឈ្នះរហូតដល់៩ទីលានធ្វើឲ្យរូបគេដាច់ពិន្ទុគូប្រជែងដើម្បីក្លាយជាជើងឯកសម្រាប់ឆ្នាំ២០១៧នេះ។
ការប្រណាំងរថយន្ត Formula One World Championship រដូវកាល២០១៧ នៅសល់មួយទីលានចុងក្រោយទៀតនឹងបញ្ចប់រដូវកាលហើយគឺទីលាន Abu Dhabi Grand Prix ស្ថិតក្នុងប្រទេសអារ៉ាប់រួម៕