• 2017-10-26 13:46:38
  • ព័ត៌មាន

Nissan ក្លាយជាក្រុមហ៊ុនជប៉ុនដំបូងប្រឡូកការប្រណាំងរថយន្តអគ្គិសនី Formula E

  • 2017-10-26 13:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan នឹងក្លាយជាក្រុមហ៊ុនរថយន្តជប៉ុនដំបូងគេដែលចូលរួមប្រកួតប្រជែងក្នុងការប្រណាំង Formula E (ប្រណាំងរថយន្តអគ្គិសនី) នៅរដូវកាល ២០១៨-២០១៩ ខាងមុខជំនួសតំណែងដៃគូសម្ព័ន្ធ Renault ។

ដោយឡែកក្រុមហ៊ុនសម្ព័ន្ធបារាំង Renault នឹងចាកចេញពីទីលានប្រណាំងរថយន្តអគ្គិសនី Formula E នៅដំណាច់រដូវកាល ២០១៧-២០១៨ ខែកក្កដាឆ្នាំក្រោយនេះដើម្បីផ្តោតលើការប្រណាំងរថយន្តធម្មតា Formula One វិញម្តងខណៈក្រុមប្រណាំង e.dams របស់ខ្លួនធ្លាប់បានដណ្តើមជើងឯក Formula E បីឆ្នាំជាប់ៗគ្នា ។

នាយកប្រតិបត្តិលោក Thierry Koskas ប្រចាំក្រុមហ៊ុន Renault និយាយក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីរដូវកាលទី៤យើងនឹងផ្តោតលើប្រភពធនធានលើគោលបំណងដ៏ក្លៀវក្លាសម្រាប់ការប្រណាំង Formula One ហើយយើងនៅតែសម្លឹងទៅមុខដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រណាំងរថយន្តជាមួយដៃគូសម្ព័ន្ធ Nissan ។

ដោយឡែកប្រធាននាយកប្រតិបត្តិរបស់ Formula E លោក Alejandro Agag និយាយថា វត្តមានរបស់ Nissan ចូលមកក្នុងទីលានប្រណាំងគឺជាថ្ងៃដ៏សំខាន់មួយ ។ វាគឺជាឱកាសដ៏វិសេសវិសាលដែលឃើញក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេរបស់យើងចូលរួមដោយបង្ហាញថាតើបដិវត្តរថយន្តអគ្គិសនីពិភពលោកពិតប្រាកដជាអ្វីខណៈជប៉ុនគឺជាប្រទេសដែលឈានមុខគេនូវបច្ចេកវិទ្យាថ្មីៗជាក់ស្តែងដូចជាការបោះជំហានរបស់ Nissan ចូលក្នុង Formula E ជាដើម ។

រំឮកថា ក្រុមហ៊ុនរថយន្តមួយចំនួនដែលបានចូលរួមការប្រណាំងរថយន្ត Formula E ដូចជា BMW, Audi, Renault, Jaguar, Citroen និងក្រុមហ៊ុនឥណ្ឌា Mahindra ខណៈក្រុមហ៊ុន Mercedes និង Porsche នឹងចូលទីលានប្រណាំងនៅរដូវកាលទី ៦ ពោលគឺចាប់ផ្តើមនៅឆ្នាំ ២០១៩ និងបញ្ចប់នៅឆ្នាំ ២០២០ ៕

ប្រភព៖ Euro News ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់
អត្ថបទថ្មី