- 2017-09-11 09:32:27
- បាល់ទាត់
Hun Sen Cup៖ ស្ទឹងត្រែង និងការពារជាតិជើងទី២រលាយសូន្យទាំងសោកស្តាយ
- 2017-09-11 09:32:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hun Sen Cup៖ ស្ទឹងត្រែង និងការពារជាតិជើងទី២រលាយសូន្យទាំងសោកស្តាយ
ចន្លោះមិនឃើញ
ការប្រកួតជើងទីពីររវាងក្រុមបាល់ទាត់ខេត្តស្ទឹងត្រែង និងក្លឹបបាល់ទាត់ក្រសួងការពារជាតិ ក្នុងពានរង្វាន់ហ៊ុន សែន ដែលនឹងប្រកួតនៅថ្ងៃទី ១៣ ខែកញ្ញា ២០១៧ ខាងមុខនេះ ត្រូវបានលុបចោល ហើយដោយខេត្តស្ទឹងត្រែងត្រូវចាញ់ដោយស្វ័យប្រវត្តិ។
កាលពីជើងទីមួយក្រសួងការពារជាតិបានយក ឈ្នះខេត្តស្ទឹងត្រែងនៅកីឡដ្ឋានស្តាតចាស់ដោយលទ្ធផល ៥-០។ ទោះគ្មានសង្ឃឹមយកឈ្នះក្រុមខ្លាំងក្រសួងការពារជាតិក្តី ប៉ុន្តែកីឡាករ និងគ្រូបង្វឹកបានប្រឹងប្រែង តស៊ូលះបង់ពេលវេលាសម្រាប់ការប្រកួតជើងទីពីរ គឺក្នុងគោលបំណងតែមួយគត់ដើម្បីផ្តល់បទពិសោធដល់កីឡាករវ័យក្មេង បណ្តុះក្តីសុបិនរបស់យុវជនៗក្នុងខេត្ត នៅពេលដែលបានឃើញក្រុមលំដាប់លីគកំពូលមកលេងក្នុងទឹកដីរបស់ខ្លួន។
តាមរយៈ Facebook របស់កីឡាករ Coca Phara ដែលជាខ្សែប្រយុទ្ធជួរមុខរបស់ខេត្តស្ទឹងត្រែងបានសំដែងការខកចិត្តជាខ្លាំងដោយបានលើកថា ៖«កីឡាករក្នុងក្រុមនៃខេត្តស្ទឹងត្រែងទាំងអស់ពិតជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលចំណាយពេលវេលាផ្ទាល់ខ្លួន ក៏ដូចជាថវិកាផ្ទាល់ខ្លួនមកចូលរួមហ្វឹកហាត់ក្នុងគោលបំណងទទួលក្លឹបក្រសួងការពារជាតិនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែងវិញ មិនថាខ្លួននៅឆ្ងាយ ឬជិតទីរួមខេត្តនោះទេដើម្បីត្រៀមធ្វើការប្រកួតជាមួយក្លឹប។ ប៉ុន្តែពេលនេះក្រុមទាំងមូលត្រូវបានដកសិទ្ធិក្នុងការប្រកួតហើយ ពិតជារឿងដ៏គួរឲ្យសោកស្តាយបំផុត សម្រាប់កីឡាករ ក៏ដូចជាអ្នកគាំទ្រនៅក្នុងខេត្តទាំងមូល»។
ដោយឡែកលោកគ្រូ សុខ សំអាត បានសរសេរថា ៖«ការជួបគ្នាជើងទី២ ថ្ងៃ១៣ /៩/២០១៧ (ស្ទឹងត្រែងvsក្លឹបការពារជាតិ) និយាយឲ្យខ្លីត្រូវបានឆាចោលហើយដោយសាទីលានខូច។ខ្ញុំសុំទោសចំពោះកីឡាករទាំងអស់ដែលធ្វើឲ្យខាតពេលវេលាប្អូនៗ តែខ្ញុំក៏ខាតពេលដូចប្អូនៗដែរ។ ហើយអាវថ្មីនេះ គិតថាការប្រកួតចប់ទើបយកលុយឲ្យ តែការគិតមិនដូចការគូរមែន។ ប្រហែលវាជាកម្មរបស់ខ្ញុំនិងប្អូនៗហើយ។ ខ្ញុំសូមអរគុណទឹកចិត្តប្អូនខ្លាំងណាស់ ហើយអរគុណពេលវេលាដែលធ្វើឲ្យយើងស្គាល់ និងរាប់អានគ្នា។ សុំទោស»។
អ្នកគាំទ្រក្នុងខេត្តស្ទឹងត្រែងទាំងអស់សម្តែងអារម្មណ៍សោកស្តាយដូចគ្នាផងដែរ ព្រោះមានអ្នកគាំទ្រខ្លះបានទិញអាវថ្មីរបស់ក្រុមជម្រើសខេត្តរបស់ខ្លួនទុកពាក់គាំទ្ររួចរាល់អស់ទៅហើយ។ ក្នុងនោះលោក Dara Reaskemy បានលើកឡើង និងអំពាវនាវដល់អ្នកគាំទ្រដើម្បីរៃអង្គាស់ថវិកាសងថ្លៃអាវដែលកាត់ថ្មីសម្រាប់ ក្រុមជម្រើសខេត្ត ដែលមិនទាន់បានឲ្យលុយគេ ដោយរំពឹងថានឹងប្រើចំណូលពីការប្រកួតខ្លះឲ្យថ្លៃអាវ ៕