- 2017-08-24 08:38:36
- ព័ត៌មាន
ឪពុកអង់ដ្រេអា បង្ហើបថា កូនស្រីប៉ងឈានដល់លេខ១០០ពិភពលោកក្នុងពេល៤ឆ្នាំ
- 2017-08-24 08:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកអង់ដ្រេអា បង្ហើបថា កូនស្រីប៉ងឈានដល់លេខ១០០ពិភពលោកក្នុងពេល៤ឆ្នាំ
ចន្លោះមិនឃើញ
លោក កា រចនា ឪពុកបង្កើតម្ចាស់មេដាយសំរឹទ្ធវាយកូនបាល់នារីស៊ីហ្គេម កា អង់ដ្រេអា ដារ៉ាវី បង្ហើបថា កូនស្រីខ្លួនប៉ងប្រើពេល៤ឆ្នាំ ដើរប្រជែងគ្រប់ព្រឹត្តិការណ៍ផ្លូវការរបស់សហព័ន្ធវាយកូនបាល់អន្តរជាតិ ITF ដើម្បីឈានទៅគ្រងលេខរៀងទី១០០ ឬតិចជាងនេះ ក្នុងតារាងចំណាត់ថ្នាក់កីឡាការិនីវាយកូនបាល់ពិភពលោក World Ranking ។
«ក្រោយគាត់រៀនចប់មហាវិទ្យាល័យនៅសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក គាត់ដាក់ការងារចោលសិន ដោយសារគាត់ស្រឡាញ់វាយកូនបាល់តាំងពីតូច។ គាត់ចង់ប្រជែងមើលក្នុងរយៈពេល៣ទៅ៤ឆ្នាំ ថាតើអាចឈានដល់កម្រិតណា នេះជាបំណងប្រាថ្នាដ៏ធំរបស់គាត់ ហើយខ្ញុំជាឪពុកម្ដាយនៅចាំជួយគាំទ្រកូនជានិច្ច»។ លោក កា រចនា ឲ្យដឹងបែបនេះ ក្រោយកូនស្រីបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តទល់កីឡាការិនីហ្វីលីពីន។
បុរសវ័យ៦៤ឆ្នាំដដែលប្រាប់បន្តថា អង់ដ្រេអា បានបង្ហាញភាពភ្ញាក់ផ្អើលត្រឹមមួយឆ្នាំដំបូង ដោយផ្ដើមពីគ្មានចំណាត់ថ្នាក់សោះ រហូតឈរនៅចំណាត់ថ្នាក់ខ្ទង់៥០០ក្នុងឆ្នាំនេះ។ លោកថា កូនស្រីបានចេញទៅប្រកួតស្ទើរគ្រប់ប្រទេស ក្នុងទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី ហើយក្នុងនាមជាឪពុកម្ដាយ លោកតែងផ្ដល់កម្លាំងចិត្ត ឬ ជិះយន្តទៅគាំទ្រផ្ទាល់តែម្ដង ប្រសិនបើកូនស្រីប្រកួតក្នុងតំបន់អាស៊ី។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ អង់ដ្រេអា ជាអត្តពលិកវាយកូនបាល់កម្ពុជាតែមួយរូបគត់ ដែលដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង ខណៈអត្តពលិក៧រូបផ្សេងទៀត ពុំអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះឡើយ៕