• 2017-08-23 06:56:39
  • ព័ត៌មាន

ហែមថុន​ វិទីនី​ ប្រកាស​ផ្អាក​ពី​កីឡា​ហែល​ទឹក​ក្រោយ​ចប់​ស៊ីហ្គេម ​

  • 2017-08-23 06:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ហែល​ទឹក​ឆ្នើម​កម្ពុជា​ ហែមថុន​ វិទីនី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ខ្លួន​ពី​ការ​ហ្វឹកហាត់​ ក៏​ដូច​ជា​ការ​ប្រកួត​គ្រប់​ព្រឹត្តិការណ៍​ទាំង​ក្នុង​​ និង​ ក្រៅ​ស្រុក​ ដើម្បី​ទុក​ពេល​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​របស់​ខ្លួន​ ដែល​ឈាន​ដល់​ដំណាក់​កាល​វះ​កាត់​ទៅ​ហើយ​នោះ។

ប្រាប់​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​វិញ្ញាសា​ហែល​មេអំបៅ​៥០​ម៉ែត្រ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ ចៅ​ស្រី​បង្កើត​អតីត​ព្រឹទ្ធាចារ្យ​កីឡា​ហែល​ទឹក​ ហែម​ ថុន​ ពន្យល់​ថា​ ជំងឺ​នេះ​បាន​វិវឌ្ឍ​ដល់​ដំណាក់កាល​វះកាត់​ហើយ ដ្បិត​វា​បាន​ចាប់​ផ្ដើម​ធ្វើ​ទុក​តាំង​ពី​ឆ្នាំ​ទៅ​មក​ម៉្លេះ​ ពេល​នាង​ទៅ​ហ្វឹកហាត់​នៅ​ខេត្ត​ភូកេត​ ប្រទេស​ថៃ។ «នេះ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្ញុំ​ ដោយសារ​ខ្ញុំ​ចង់​ឈប់​ដើម្បី​ចូល​វះកាត់​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ​។​ វា​ចូល​ដល់​ដំណាក់កាល​ធ្ងន់​ ព្រោះ​ពេទ្យ​ពិនិត្យ​មើល​ទៅ​ឃើញ​មាន​គុំ​ខ្ទុះ​នៅ​សង្ខាង​ច្រមុះ​ ហើយ​តែ​ធ្វើ​ទុក្ខ​ផ្ដាសាយ​ ហួល​ច្រមុះ​ និង​ ឈឺក្បាល»។

វិទីនី​ បន្ត​ថា​ ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​ក្រៅ​ស្រុក​ធំ​ៗ​ច្រើន​ ទើប​ធ្វើ​ឲ្យ​នាង​​ដក​ខ្លួន​ទៅ​ព្យាបាល​ ផ្ទុយ​ទៅ​វិញ​ ខ្លួន​ត្រូវ​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​ជាង​មុន​ ដើម្បី​ឈាន​ទៅ​រក​លទ្ធផល​មួយ​ប្រសើរ​ជាង​មុន។ «ខ្ញុំ​ហ្វឹកហាត់​ទាំង​ផ្ដាសាយ​ ខ្ញុំ​អត់​បាន​ឈប់​ទេ​ ដោយសារ​ខ្ញុំ​ដឹង​ថា​សមត្ថភាព​អត់​ទាន់​ដល់​គេ​ ចឹង​បើ​យើង​ឈឺ​ហើយ​ទម្រន់​ទៅ​តាម​ជំងឺ​ហ្នឹង​ លទ្ធផល​យើង​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គេ​»។ បែប​ណា​ក្ដី​ អត្តពលិក​រូប​ស្រស់​ដដែល​អះអាង​ថា​ ខ្លួន​នឹង​ត្រលប់​ទៅ​អាង​ហែល​ទឹក​ជា​ថ្មី​ ក្រោយ​បញ្ចប់​ការ​សម្រាក​ព្យាបាល​ដោយ​ជោគជ័យ។

សម្រាប់​ការ​ប្រជែង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩​នេះ​ វិទីនី​ ធ្វើ​បាន​ថេរវេលា​៣២.៩២​វិនាទី​ ក្នុង​វិញ្ញាសា​៥០ម៉ែត្រ​មេអំបៅ​ ដែល​ធ្វើ​ឲ្យ​នាង​អស់​លទ្ធភាព​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​ថ្ងៃ​ទី​២៥​ សីហា​ ខាង​មុខ​ កីឡា​ការិនី​វ័យ​២៣​រូប​នេះ​ នឹង​ត្រូវ​ប្រកួត​ក្នុង​វិញ្ញាសា​៥០​ម៉ែត្រ​សេរី៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី