• 2017-08-15 09:02:55
  • ព័ត៌មាន

ម្ចាស់​ជយលាភីឈ្នះសំបុត្រ​ទៅមើលស៊ីហ្គេម នឹង​ត្រៀម​រឿង​ដ៏​អស្ចារ្យ​​ដើម្បី​បង្ហាញ​ពិភពលោក​​​​

  • 2017-08-15 09:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​នាក់​ដែល​ថត​វីដេអូ​ច្រៀង​បទ "កម្លាំង​ចិត្ត​បេះដូង​ខ្មែរ" សម្រាប់​លើក​ទឹកចិត្ត​កីឡាករ​ខ្មែរ​ ដែល​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​ទី​ក្រុង​កូឡាឡាំពួរ​​មាន​ ៥​នាក់​ដែល​​​បាន​​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ដោយសារ​មាន​វីដេអូ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជា​ងគេ។ ក្នុង​នោះ​ ពូឈី​វ ម្នាក់​ក្នុង​ចំណោម​៥នាក់​បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​ត្រៀម​សកម្មភាព​ពិសេសៗ​មួយ​ចំនួន​ ដើម្បី​បង្ហាញ​ដល់​ពិភពលោក​ អំឡុង​ពេល​ប្រកួត​​នៅ​កូឡាឡាំពួរ ដែល​ជា​ម្ចាស់​ផ្ទះ។

ពូ ឈីវ ប្រធាន​អ្នក​​គាំទ្រ​កីឡា

ម្ចាស់​បទ"លាក់​អារម្មណ៍" ដែល​ទើប​នឹង​ចេញ​កាល​ពី​ពេល​ថ្មីៗ​ នឹង​គៀងគរ​ សមាជិក​ប៉ុន្មាន​រូប​ដែល​បាន​ឈ្នះ​សំបុត្រ​ទៅ​​មើល​ការ​ប្រកួត​ស៊ីហ្គេម​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចូល​រួម​នេះ​មាន​ន័យ​បំផុត​។ លោក​បញ្ជាក់​ថា​នឹង​ ស្នើ​សុំ​ពួកគេ​ ឲ្យ​ស្លៀក​ពាក់​ដូចៗ​គ្នា​ ព្រម​ទាំង​មាន​កាន់​ទង់​ជាតិ​ដ៏​ធំ​ជាមួយ​គ្នា​ និង​មាន​កាន់​មេក្រូ​ត្រៀម​សម្រាប់​ស្រែក​ហ៊ោ​ ករណី​កម្មវិធី​ទាំង​មូល​អនុញ្ញាត អំឡុង​ពេល​ប្រកួត​ ផង​ដែរ ចំណែក​លោក​នៅ​តែ​មាន​គូសមុខមាត់​ដូច​រាល់ដង​ដែល​លោក​ធ្លាប់​បាន​ធ្វើកន្លងមក​។

យ៉ាងណាមិញ​ ក្នុង​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​លើក​ទី​១​នេះ ពូឈីវ ប្រាប់​ថា​ ជា​រឿង​មួយ​ដែល​រំភើប​ទាំង​មិន​នឹក​ស្មាន​ ហើយ​ក្នុង​នាម​ជា​​ប្រធាន​អ្នក​​គាំទ្រ​កីឡា លោក​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា​ ការ​ចេញ​ដំណើរ​ទៅ​អបអរ​និង​គាំ​ទ្រ​កីឡាករ​ខ្មេែរ​នៅ​ម៉ាឡេស៊ី​ លោក​នឹង​រៀន​សូត្រ​ពី​ការ​រៀប​ចំ​ ក៏​ដូចជា​របៀប​វារៈ​ផ្សេង​ៗ​ ដើម្បី​​ត្រៀម​ទុក​​សម្រាប់​ខ្មែរ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ ២០២៣​ខាង​មុខ។​ ដោយឡែក​សំបុត្រ​ ២ដែល​បាន​ឈ្នះ​ពី​ការ​ប្រកួត​វីដេអូ​របស់​ស្រាបៀរ​ Angkor Beer លោក​នឹង​នាំ​អ្នក​ឯកទេសខាង​ថត​រូប​ទៅ​ជាមួយ​លោក ដើម្បី​ផ្តិត​បាន​ទិដ្ឋភាព​ សកម្មភាព​ វីដេអូ​ មួយ​ចំនួន​ទុក​យក​មក​បង្ហាញ្​ដល់​ Fan នៅ​ខ្មែរ​ទៀត​ផង។

ជាមួយ​គ្នា​នេះ​ ឈ្មោះ​ Facebook​ អ្នក​ឈ្នះ​រង្វាន់​ទាំង​៥​នាក់​រួម​មាន​ Yun Ranuth, UKISS Sunsee Etaamo, Sopheak Phuong, ពូឈីវ និង PICH Choco។

ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​​លើក​ទី​២៩​ ឆ្នាំ​នេះ​ចាប់​ពី​ថ្ងៃ​ទី ១៩ ​ខែ សីហា​ ដល់​ ៣០ ខែ​ សីហា ឆ្នាំ ២០១៧ ដោយ​មាន​ការ​ប្រកួត​​៣៨​ប្រភេទ​កីឡា។ នេះ​គឺ​ជា​លើក​ទី​៦​ហើយ ដែល​ម៉ាឡេស៊ី​ទទួល​សិទ្ធិ​រ៉ាប់រង​ជា​ម្ចាស់​ផ្ទះ ដោយ​លើក​ដំបូង​​​នៅ​ឆ្នាំ​១៩៦៥ បន្ទាប់​មក ១៩៧១, ១៩៧៧, ១៩៨៩, ២០០១ និង​ចុងក្រោយ​ឆ្នាំ​២០១៧​នេះ​ឯង។

ក្នុង​នោះ​ក្រសួង​​​អប់​រំ​​ យុវ​ជន​​ និង​​​កីឡា​​​​បាន​​​បញ្ចេញ​​​​បញ្ជី​​​ឈ្មោះ​​​ថ្នាក់​​​ដឹក​​​នាំ​​ គ្រូ​​​បង្វឹក ​​កីឡាករ​​ និង​​​កីឡា​​​ការិនី​​​​ទាំង​​២៤​​ប្រភេទ​​​កីឡា​​​សម្រាប់​​​ត្រៀម​​​ចូល​​​រួម​​​ប្រកួត​​​កីឡា​​​ស៊ី​ហ្គេម​​​លើក​​​ទី​​២៩​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី​។ គណៈប្រតិភូ​​​កីឡា​​​កម្ពុជា​​​ដែល​​​រួម​​​មាន​​​ថ្នាក់​​​ដឹក​​​នាំ ​​គ្រូ​​​បង្វឹក​​ កីឡា​​​ក​រ​​​ កីឡា​​​ការិនី​​ និង​​​ម​ន្ត្រី​​​ទាំង​​​អស់​​​មាន​​​ចំនួន​​២៧៤​​នាក់៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី