- 2017-07-05 02:47:50
- បាល់ទាត់
ប្រវត្តិគ្រូបង្វឹក SCG Muangthong ធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម៤ដង មុនមកប៉ះ All Stars កម្ពុជា
- 2017-07-05 02:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិគ្រូបង្វឹក SCG Muangthong ធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម៤ដង មុនមកប៉ះ All Stars កម្ពុជា
ចន្លោះមិនឃើញ
លោក Totchtawan Sripan គ្រូបង្វឹកក្រុម SCG Muangthong United នឹងដឹកនាំកូនក្រុមរបស់ខ្លួនមកប្រកួតជាមួយក្រុម Cambodian All Stars នៅថ្ងៃទី១៦ខាងមុខនេះ ក្នុងដំណើរ SCG Muangthong United ASEAN Tour 2017។
ដោយការប្រកួតនេះទៀតសោត អាចនិយាយបានថាជាការសងសឹកគ្នាមួយ ព្រោះថាកាលពីឆ្នាំមុននោះ ក្រុមជើងឯកថៃមួយនេះ បានបរាជ័យម្ដងមកហើយនៅពហុកីឡដ្ឋានជាតិ ក្រោមថ្វីជើងរបស់ All Stars របស់កម្ពុជាក្នុងលទ្ធផល ៤-៣។ ដោយឡែកនៅគ្រានោះ មិនមែនដឹកនាំដោយលោក Totchtawan ទេ ដូច្នេះលទ្ធផលលើកនេះអាចនឹងប្រែប្រួលខ្លះព្រោះក្រុម Muangthong ក្រោមគ្រូបង្វឹកម្នាក់នេះ ឃើញថាមានលទ្ធផលច្រើន។
បើនិយាយពីប្រវត្តិរបស់គ្រូបង្វឹកវ័យ៤៥ឆ្នាំនេះវិញ លោកគឺជាអតីតកីឡាករល្បីឈ្មោះម្នាក់ ដោយធ្លាប់លេងឱ្យជម្រើសជាតិវិញតាំងពីឆ្នាំ១៩៩២ដល់ឆ្នាំ២០០៨។ លេងក្នុងតំបន់បម្រើប្រយុទ្ធ លោក Totchtawan មានសមត្ថភាពខ្ពស់ដោយធ្លាប់ទៅលេងនៅក្រៅប្រទេស ដូចជាថៃនិងសិង្ហបុរីជាដើម។ អ្វីដែលបុរសរូបនេះ កាន់តែល្បីល្បាញថែមទៀតនោះគឺអំឡុងពេលលេងឱ្យជម្រើសជាតិ ទល់ក្រុម Manchester United ក្នុងប្រកួតមិត្តភាពឆ្នាំ២០០១នោះ លោកអាចរកគ្រាប់បាល់បានយ៉ាងស្អាត។ នៅព្រឹត្តិការណ៍ Sea Games វិញ លោកបានជួយជម្រើសជាតិថៃឈ្នះមេដាយមាសដល់ទៅ៤ដងឯណោះ ក្នុងឆ្នាំ១៩៩៣ ១៩៩៥ ១៩៩៧ និង១៩៩៩។
មិនត្រឹមតែប៉ុណ្ណឹងនៅឆ្នាំ២០០៧ Totchtawan ក៏នៅធ្វើបានល្អដែរ ដោយអាចស៊ុតបាល់ពិន័យចម្ងាយជាង៣០ម៉ែត្របញ្ចូលទីក្រុមហុល្លង់ថែមទៀត។ ដូច្នេះហើយ ទើបបានជាអ្នកគាំទ្រវិស័យកីឡានៅប្រទេសថៃ កោតសរសើរអ្វីដែលគ្រូបង្វឹករូបនេះធ្វើបានខ្លាំងណាស់ ក្នុងអាជីពជាកីឡាកររបស់លោក។
នៅឆ្នាំ២០០៩ បុរសខាងលើនេះបានធ្វើជាគ្រូបង្វឹករបស់ក្រុម BEC Tero Sasana ក្នុងនាមជាកីឡាករផង និងបង្ហាត់ផង។ ដល់ឆ្នាំ២០១០ លោកបានបញ្ចប់អាជីពជាកីឡាករ និងក្លាយជាគ្រូបង្វឹកក្លឹបមួយនេះពេញលេញតែម្ដង។ ដឹកនាំបាន១ឆ្នាំ Totchtawan បានផ្លាស់ទៅដឹកនាំក្រុម Saraburi វិញ រហូតដល់ឆ្នាំ២០១៥។ ក្នុងឆ្នាំនេះ លោកបានសម្រេចចិត្តផ្លាស់ទៅដឹកនាំក្រុម Police United វិញ មុនបន្ដទៅដឹកនាំក្រុម SCG Muangthong United នៅឆ្នាំ២០១៦។ ត្រឹម១រដូវកាលកន្លងទៅ គ្រូបង្វឹករូបនេះធ្វើបានល្អមែនទែន ដោយអាចនាំក្រុម Muangthong ឈ្នះពាន៣មកហើយ គឺ Thai League Thai League Cup និង Thailand Champions Cup ។
ដោយឡែកនៅថ្ងៃទី១៦នេះ លោកនឹងដឹកនាំក្រុមកីឡាកររបស់ខ្លួនមកប្រកួតតទល់ជាមួយក្រុម Cambodian All Stars បន្ដទៀត។ ចាំមើលថាគ្រូបង្វឹកមួយនេះអាចជួយក្រុមសងសឹកបានដែរឬអត់? ខណៈដែលប្រាក់បានមកពីការប្រកួតនេះនឹងយកទៅជួយអភិវឌ្ឍបាល់ទាត់យុវជនទូទាំងប្រទេសកម្ពុជា៕