• 2017-06-20 02:07:27
  • ព័ត៌មាន

បេស្បល​ ត្រូវ​ការ​ទីលាន​កម្រិត​ស្តង់ដារ​៤​ទៀត​ឲ្យ​​មុន​ឆ្នាំ​២០២៣

  • 2017-06-20 02:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្ដម​ ញ៉ែម ថាវី ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ជួបជុំ​ក្រុម​កីឡាករ​របស់​ខ្លួន​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា​ សហព័ន្ធ​របស់​ខ្លួន​​​ត្រូវ​តែ​មាន​ទីលាន​កម្រិត​ស្តង់ដារ​​ចំនួន​៤​ទៀត​​ឲ្យ​បាន​មុន​ឆ្នាំ​២០២៣ ​ដើម្បី​បម្រើ​ការ​រៀបចំ​ការ​ប្រកួត​​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

ឯក​ឧត្ដម​ ញ៉ែម ថាវី

​បច្ចុប្បន្ន​​សហព័ន្ធ​​កីឡា​បេសប្បល​មាន​ទីលាន​កម្រិត​ស្តង់ដារ​មួយ​កន្លែង​នៅ​ខេត្ត​កំពង់​ធំ។ ប៉ុន្តែ​ទីលាន​មួយ​កន្លែង​នេះ​មិន​គ្រប់​គ្រាន់​ សម្រាប់​បម្រើ​​ការ​​រៀប​ចំ​ការ​ប្រកួត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ឡើយ។

​ទាក់​ទង​នឹង​​ នឹង​ការ​ចង់​បាន​ទីលាន​បន្ថែម​នេះ​​ប្រធាន​សហព័ន្ធ​​ឯកឧត្ដម ញ៉ែម ថាវី បាន​នឹង​កំពុង​រៀប​ចំ​កិច្ចការ​នេះ​ ព្រម​ទាំង​ប្រឹងប្រែង​ស្វែង​​រក​ដៃគូ​ជួយ​ឧបត្ថម្ភ។ បច្ចុប្បន្ន​គម្រោង​សាង​សង់​ទីលាន​នេះ​ឈាន​បាន​មួយ​កម្រិត​ហើយ ដោយ​មាន​​ដី​ចំនួន​៥​ហិកតារ​សម្រាប់​សាង​សង់​ទៀត​ផង​។

​លោក​បញ្ជាក់​ទៀត​ថា ដោយ​ឡែក​​ចំពោះ​ប្រាក់​ដែល​ត្រូវ​សាងសង់​ទីលាន​ស្តង់ដារ​មួយ​កន្លែង​​អាច​មាន​តម្លៃ​ខ្ទង់១០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ជា​ចំនួន​មួយ​ច្រើន​ធ្វើ​ឲ្យ​​សហព័ន្ធ​របស់​លោក​ត្រូវ​តែ​ស្វែង​រក​ដៃគូ​ជួយ​ឧបត្ថម្ភ​​។ គម្រោង​សាង​សង់​ទីលាន​នេះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​រួច​រាល់​ត្រឹម​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រកួត​​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ។​

នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​មាន​៩​ប្រទេស​ដែល​មាន​កីឡា​បេស្បល ក្នុង​នោះ​មាន ប្រទេស​ឡាវ សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​កម្ពុជា៕

លោក អ៊ាន​ ភារ៉ា (អគ្គលេខាធិការកីឡា បេស្បល)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី