• 2017-06-13 08:06:01
  • ព័ត៌មាន

ហែមថុន​ វិទីនី​ ​ជិត​ឈប់​ពី​អាជីព​​កីឡា​ហែល​ទឹក​ហើយ​

  • 2017-06-13 08:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ រដូវ​ក្តៅ​នៅ​ទី​ក្រុង​រីយ៉ូ​ប្រទេស​ប្រេស៊ីល​ ហែមថុន វិទិនី គ្រោង​បញ្ចប់​អាជីព​របស់​ខ្លួន​ ក្រោយ​ចប់​កីឡា​​ស៊ីហ្គេម​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​ពី​ថ្ងៃ​ទី​៩ ដល់​៣០ ខែ​សីហា។

ហែមថុន វិទីនី ​បាន​និយាយ​ថា ៖«នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​ ដែល​ត្រូវ​លា​ឈប់​ពី​អាជីព​ហែល​ទឹក​  ដោយ​ទុក​ឱកាស​ដល់​អត្តពលិក​ជំនាន់​ក្រោយ​បាន​បញ្ចេញ​ស្នាដៃ​វិញ​ម្តង។ មួយ​វិញ​ទៀត​ខ្ញុំ​ ចង់​បង្កើត​ក្លឹប​ហែល​ទឹក​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ឆ្នាំ​២០២៣​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី៣២»។

ពេល​សួរ​ថា​ ហេតុ​អ្វី​បាន​ឈប់​ពី​អាជីព​មួយ​នេះ? វិទីនី​បាន​ឆ្លើយ​ថា​ កញ្ញា​​​មាន​អាយុ​កាន់​តែ​ច្រើន​ ដូច​នេះ​គឺ​ចង់​បញ្ចប់​អាជីព​ត្រឹម​​ឆ្នាំ​នេះ។ ម្យ៉ាង​ទៀត​​កញ្ញា​ចង់​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ដើម្បី​បង្ហាត់​បង្រៀន​ដល់​យុវជន​ជំនាន់​ក្រោយ​ និង​ទុក​ឱកាស​​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​វិញ​ម្តង​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ។ ជាង​នេះ​ទៀត​នោះ​ សហព័ន្ធ​កីឡា​ហែក​ទឹក​កម្ពុជា​ក៏​មាន​កីឡា​ការិនី​ ដែល​មាន​សមត្ថភាព​ច្រើន​នាក់​ ហើយ​ពួក​គេ​មួយ​ចំនួន​មាន​កាយ​សម្បទា​ និង​សមត្ថភាព​ខ្ពស់​ផង​ដែរ។

ហែម​ថុន វិទីនី​បន្ថែម​ថា កីឡា​ហែលទឹក​ គឺ​មិន​​ងាយ​ស្រួល​ដូច​កីឡា​ដទៃ​ទៀត​ឡើយ​ ជា​ពិសេស​សម្រាប់​ស្ត្រី​ភេទ ពី​ព្រោះ​ត្រូវ​ការ​ប្រើ​កម្លាំង​​កាយ​ទាំង​ស្រុង​តែ​ម្តង​ដើម្បី​ហែល។ យ៉ាង​ណា​​អ្វី​ដែល​ជា​គោល​ដៅ​ចម្បង​ក្រោយ​ពេល​បញ្ឈប់​អាជីព​ជា​អ្នក​ហែល​ទឹក​នេះ​ទៅ​ កញ្ញា​ចង់​ប្រមូល​ផ្ដុំ​ និង​បណ្ដុះ​ក្មេង​ៗ​ជំនាន់​ក្រោយ​​ឲ្យ​ធ្វើ​ការ​ហ្វឹក​ហាត់។ ​បច្ចុប្បន្ន​នេះ​សំបូរ​អ្នក​ចាប់​អារម្មណ៍​​កីឡា​ហែល​ទឹក​ច្រើន​ និង​ជា​ពិសេស​គឺ​មាន​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​បាន​ងាក​មក​ជួយ​ជ្រោមជ្រែង​វិស័យ​កីឡា។

កីឡា​ការិនី​ ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ វិទីនី​ ធ្លាប់​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ដោយ​ប្រើ​ថេរៈ​វេលា​២៩.៣៧​វិនាទី​ នា​ការ​ប្រកួត​វិញ្ញាសា​ហែល​ទឹក ដែល​មាន​ការ​ចូល​រួម​ពី​កីឡា​ការិនី​សរុប​៩២​នាក់​នៅ​អាងទឹក​ Barra Olympic Park​ នាទី​ក្រុង​រីយ៉ូប្រទេស​ប្រេស៊ីល​ កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ៕

ហែមថុន វិទីនី និយាយ​ពី​​ជុំ​វិញ​អាជីព​ហែល​ទឹក

     

អត្ថបទ៖ សាទីយ៉ា

មតិយោបល់
អត្ថបទថ្មី