- 2017-05-01 03:06:42
- បាល់ទាត់
ស្វាយអន្ទរពង្រីកសកម្មភាពកីឡា២ប្រភេទទៀត
- 2017-05-01 03:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយអន្ទរពង្រីកសកម្មភាពកីឡា២ប្រភេទទៀត
ចន្លោះមិនឃើញ
ទោះបីជាសហគមន៍កីឡាស្រុកស្វាយអន្ទរកំពុងស្វះស្វែងរកប្រភពថវិកាដើម្បីកសាងទីលានបាល់ទាត់៤បន្ថែមទៀតយ៉ាងក្តី ក៏ស្រុកមួយនេះមិនទុកចោលកីឡាដទៃទៀតឲ្យនៅទ្រឹងមួយកន្លែងនោះទេ។ ជាក់ស្តែងសហគមន៍កីឡាថ្នាក់ស្រុកមួយនេះ បានរៀបចំធ្វើពិធីចែកសម្ភារៈកីឡាប៉េតង់ និងបាល់បោះជូនសាលាមធ្យមសិក្សាចំនួន១១ ក្នុងឃុំ១០ផ្សេងគ្នាទូទាំងស្រុកស្វាយអន្ទរ រួមមានវិទ្យាល័យពានរោង អនុវិទ្យាល័យទឹកថ្លា ព្រហូត ដំរីពួន អង្គរទ្រេត សិរីឧត្តម ស្វាយអាត់ ស្វាយបូព្រឹក្ស ព្រៃខ្លា ពពឺស និងមេបុណ្យ ដើម្បីឲ្យសាលាទាំងនោះជួយបំផុសសកម្មភាពកីឡានៅតាមឃុំនីមួយៗ។
លោក សោម សារិទ្ធ ស្ថាបនិកសហគមន៍កីឡាស្រុកស្វាយអន្ទរ មានលើកឡើងថា ដោយមើលឃើញពីភាពខ្វះខាតសម្ភារៈក្នុងការហ្វឹកហាត់ លេងកម្សាន្តរបស់សិស្សានុសិស្សផង និងសន្ទុះកើនឡើងនៃការលេងកីឡាប៉េតង់ និងបាល់បោះនៅតាមសាលារៀនទូទាំងស្រុកផងនោះ ទើបលោកបានអំពាវនាវដល់សប្បុរសជន និងក្រុមហ៊ុននានា ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ។ លោកបន្តទៀតថា ថវិកាដែលប្រមូលបានមានចំនួន ៥៨៧៧៧០០រៀល ត្រូវបានបែងចែកជាពីរគម្រោង។ គម្រោងទី១ គឺទិញសម្ភារៈកីឡាប៉េតង់និងបាល់បោះចំណាយថវិកាសរុប៤៨៣២០០០ រៀល និង គម្រោងទី២មានថវិកា១០៤៥៧០០រៀល គឺយកទៅកសាងទីលានប៉េតង់១បន្ថែមទៀតស្ថិតនៅក្នុងវិទ្យាល័យស្វាយអន្ទរ។
លោកបានសំណូមពរទៅកាន់លោកនាយកសាលាទាំង១១រូប សូមជួយកសាងទីលានប៉េតង់ដីធម្មតា និងបាល់បោះទៅគំនូសខ្នាតបច្ចេកទេសទីលាន ដោយរកទីតាំងក្រោមម្លប់ឈើ និងរាបស្មើ ដើម្បីងាយស្រួលដល់ប្អូនៗលេងកម្សាន្ត។ ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា សហគមន៍នឹងស្វះស្វែងរកថវិកា ដើម្បីកសាងទីលានប៉េតង់តាមបទដ្ឋានបច្ចេកទេសសម្រាប់ហ្វឹកហាត់ និងប្រកួត ហើយក៏សូមឲ្យលោកនាយក ត្រូវខិតខំស្វែងរកជំនួយដើម្បីកសាងទីលានដោយខ្លួនឯងផងដែរ។ ចំណុចមួយទៀតលោកស្នើឲ្យបង្កើតក្រុមកីឡាទាំងពីរប្រភេទមានសមាសភាពសិស្សនារី និងបុរស ឲ្យបានឆាប់បំផុត ដើម្បីរៀបចំធ្វើកម្មវិធីបង្ហាញ (ក្លីនិក) ជូនក្រុមកីឡាឲ្យកាន់តែឆាប់យល់នូវក្បួនច្បាប់ និងបច្ចេកទេសលេង ដែលនឹងមានការចូលរួមពីគ្រូបង្ហាត់ ព្រមទាំងកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជានៃសហព័ន្ធកីឡាប៊ូល និងប៉េតងកម្ពុជា និងសហព័ន្ធកីឡាបាល់បោះកម្ពុជា ដោយគ្រោងរៀបចំធ្វើនៅទីលានកីឡាវិទ្យាល័យស្វាយអន្ទរ ទីរួមស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
លោក ប៊ិន ថុន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយអន្ទរ បានលើកថា ក្នុងនាមការិយាល័យអប់រំស្រុកជំនួសឲ្យលោកប្រធានការិយាល័យ លោកសូមស្ញើចសរសើរដល់សហគមន៍កីឡាស្រុកស្វាយអន្ទរ ដែលតែងតែខិតខំដើររកជំនួយគ្រប់មធ្យោបាយ ដើម្បីរួមចំណែកកសាងទីលានកីឡា ឧបត្ថម្ភជាសម្ភារៈ ជួយពង្រឹង និងបំផុសវិស័យកីឡានៅតាមសាលារៀននានានៃស្រុកស្វាយអន្ទរកន្លងមក ដោយមិនខ្លាចនឿយហត់។ ការិយាល័យអប់រំ យុវជន និងកីឡា រីករាយសហការ និងជួយសម្រួលនូវរាល់ឯកសារនានា ក៏ដូចជាការរៀបចំកម្មវិធីកីឡាផ្សេងៗនៅក្នុងស្រុកស្វាយអន្ទរទាំងមូល។
បន្ទាប់មកក៏បានចែកជូននូវសម្ភារៈ ដោយក្នុងមួយសាលាទទួលបានគ្រាប់ប៊ូល១ឈុត មាន១២គ្រាប់ កញ្ច្រែងបាល់បោះ១គូ និងបាល់បោះ២គ្រាប់។ សរុបសម្ភារៈកីឡាប៉េតង់មាន១១ឈុត កញ្ច្រែងបាល់បោះ១០គូ និងបាល់បោះ២៦គ្រាប់៕