• 2017-03-09 11:47:28
  • បាល់ទាត់

ខ្សែ​បម្រើ Xabi Alonso ប្រកាស​លា​ឈប់​ពី​អាជីព​លើ​វាល​ស្មៅ​ចុងរដូវ​កាល​នេះ

  • 2017-03-09 11:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា Xabi Alonso ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម Bayern Munich បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា នឹង​ចូល​និវត្ត​ពី​ពិភព​បាល់ទាត់​ពេល​ចប់​រដូវ​កាល​នេះ។

កីឡាករ​វ័យ ៣៥​ឆ្នាំ បាន​បង្ហាញ​ខ្លួន ២៧​លើក​សម្រាប់​ក្រុម Bayern Munich រដូវ​កាល​នេះ ដោយ​រាប់​បញ្ចូល​ទាំង​ការ​លេង​ពេញ​ម៉ោង ១៨០​នាទី ក្នុង​ជ័យ​ជម្នះ​ទាំង ២ជើង ១០-២ លើ​ក្រុម Arsenal នា​យុទ្ធនាការ​ដណ្ដើម​ពាន​រង្វាន់ Champions League។ តាម​ពិត​ទៅ មាន​ចចាមអារ៉ាម​ថា Alonso និង Philipp Lahm ចង់​ព្យួរ​ស្បែក​ជើង​តាំង​ពី​ដើម​រដូវ​កាល ប៉ុន្តែ​ទើប​មាន​ការ​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​នេះ។

អតីត​ខ្សែ​បម្រើ​ក្រុម Liverpool និង Real Madrid រូប​នេះ បាន​និយាយ​ថា មិន​ចង់​លេង​រហូត​ដល់​អស់​ជើង​នោះ​ទេ គឺ​ចង់​បញ្ចប់​អាជីព​នៅ​ចំណុច​ដ៏​ប្រសើរ​មួយ និង​ជួយ​ឲ្យ​ក្រុម​ឈរ​នៅ​កំពូល​ដូច Bayern Munich កំពុង​ធ្វើ​បាន​សព្វថ្ងៃ។ "វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​សម្រេច​ចិត្ត ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​វា​ជា​ពេល​ដ៏​ល្អ... ខ្ញុំ​តែង​គិត​ថា​វា​ល្អ​ក្នុង​ការ​ចាក​ចេញ​ឆាប់ៗ ជាជាង​នៅ​ត្រាំ​ត្រែង... ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​នេះ​ជា​វេលា​មួយ​ដ៏​ត្រឹម​ត្រូវ"។ Alonso និយាយ។

អាជីព​បាល់​ទាត់​របស់ Xabi Alonso បាន​ចាប់​ផ្ដើម​នៅ​ក្លឹប Real Sociedad ប៉ុន្តែ ៤​ឆ្នាំ​ក្រោយ​មក លោក​បាន​ផ្លាស់​ទៅ​លេង​នៅ​ទឹក​ដី​អង់គ្លេស​ជាមួយ​ក្រុម Liverpool។ រដូវ​កាល​ទី១ ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទឹក​ដី Anfield កីឡាករ​អេស្ប៉ាញ​រូប​នេះ បាន​លើក​ពាន Champions League និង ៣​ទៀត​បន្ត​បន្ទាប់។ ៥​ឆ្នាំ​ក្រោយ​មក រូប​គេ​បាន​ចាក​ចេញ​ទៅ​លេង​នៅ Real Madrid ដោយ​ឡើង​តម្លៃ​ខ្លួន​រាប់​លាន​ដុល្លារ។ នៅ​ឆ្នាំ ២០១៤ Alonso បាន​លេង​ឲ្យ​ក្លឹប​ចុង​ក្រោយ គឺ Bayern Munich នេះ​ឯង៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ គង់ វិសាល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី