- 2017-03-03 02:28:31
- ព័ត៌មាន
អតីតជម្រើសជាតិសិង្ហបុរី នឹងបញ្ជូនកីឡាករទូកក្ដោងកម្ពុជាទៅហាត់នៅចិនត្រៀម ស៊ីហ្គេមនៅម៉ាឡេស៊ី
- 2017-03-03 02:28:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតជម្រើសជាតិសិង្ហបុរី នឹងបញ្ជូនកីឡាករទូកក្ដោងកម្ពុជាទៅហាត់នៅចិនត្រៀម ស៊ីហ្គេមនៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី២៩ នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងក្រុមកីឡាកររបស់ខ្លួនទៅហ្វឹកហាត់ក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាព។
លោក Meng Wang អតីតកីឡាករជម្រើសជាតិកីឡាទូកក្ដោងសិង្ហបុរី និងជាទីប្រឹក្សាសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានឲ្យដឹងថា ប្រទេសទី១ ដែលកីឡាករទូកក្តោងកម្ពុជាត្រូវទៅហ្វឹកហាត់គឺខេត្ត Hainan ប្រទេសចិន។ កីឡាករកម្ពុជានឹងត្រូវហ្វឹកហាត់ជាមួយកីឡាករអាជីព ក៏ដូចជាជើងខ្លាំងចម្រុះជាតិសាសន៍នៅទីនោះរយៈពេល ៥-៧ សប្ដាហ៍។ ទី២ សហព័ន្ធនឹងបញ្ជូនកីឡាករកម្ពុជា២រូប ទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Youth World Windsurfing Championship នៅឯប្រទេសវៀតណាម នាខែមិថុនា ឆ្នាំ ២០១៧។ ទី៣ កីឡាករទូកក្តោងកម្ពុជានឹងចេញទៅហ្វឹកហាត់បន្តទៀតនៅប្រទេសសិង្ហបុរី ប៉ុន្តែផែនការមួយនេះមិនទាន់ច្បាស់១០០% នោះទេ។ បើសិនមានការកែប្រែវិញប្រហែលដូរទៅហាត់នៅប្រទេសចិនម្ដងទៀត ព្រោះទីនោះជាកន្លែងល្អសមស្របសម្រាប់ការបញ្ជូនកីឡាករទៅហ្វឹកហាត់។
ទីប្រឹក្សារូបនេះក៏បានបន្តទៀត ទាក់ទិននឹងការបញ្ជូនកីឡាករកម្ពុជាវ័យក្មេងទៅហ្វឹកហាត់នៅក្រៅប្រទេសនេះជួបការលំបាកច្រើន ដូចជាភាសាសម្រាប់ទំនាក់ទំនងគ្នាក្នុងការហាត់។ មួយទៀតនោះគឺគំនិតរបស់កីឡាករកម្ពុជានៅក្មេងខ្ចី ជាហេតុធ្វើឲ្យពួកគេពិបាកសម្របខ្លួនតាមបរិយាកាសក៏ដូចបញ្ហាផ្សេងៗនៅក្រៅប្រទេស។
អតីតជម្រើសជាតិសិង្ហបុរីនេះលើកឡើងទៀតថា ទោះជាផែនការច្បាស់លាស់ និងអនុវត្តតាមគម្រោងនេះក៏ដោយ ក៏លោកមិនរំពឹងខ្ពស់លើលទ្ធផលក្នុងការប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ី។ ព្រោះកីឡាទូកក្ដោងកម្ពុជាទើបនឹងបង្កើតថ្មី និងត្រូវការពេលវេលា ធនធានជាច្រើនទៀតដើម្បីអភិវឌ្ឍសមត្ថភាព ស្វែងរកបទពិសោធន៍តាមការហ្វឹកហាត់ និងកម្មវិធីប្រកួតប្រជែងផ្សេងទៀត។
កីឡាករពីររូបដែលនឹងត្រូវបញ្ជូនទៅហាត់នៅក្រៅប្រទេស និងត្រៀមចេញទៅប្រកួតស៊ីហ្គេមលើកទី២៩នេះ មានដូចជា ហៀង ស៊ុនហេង អាយុ១៤ឆ្នាំ និងម្នាក់ទៀត សូត្រ មេន អាយុ១៤ឆ្នាំដូចគ្នា។ ពួកគេលេងវិញ្ញាសា RS1 ទាំងពីរនាក់៕