- 2017-02-23 02:38:04
- បាល់ទាត់
ក្រុមបាល់ទាត់វាលឥន្ទ្រីក្បាលពោធិរកបានទីលានហ្វឹកហាត់ថ្មី
- 2017-02-23 02:38:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទាត់វាលឥន្ទ្រីក្បាលពោធិរកបានទីលានហ្វឹកហាត់ថ្មី
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់វាលឥន្ទ្រីក្បាលពោធិដែលកាលពីមុនមិនមានទីលានហ្វឹកហាត់នោះពេលនេះលែងជួបការលំបាកទៀតហើយព្រោះអាចរកបានទីលានមួយសមស្រប បន្ទាប់ពីបានសហការគ្នានឹងវិទ្យាល័យពោធិអំពិល ស្ថិតក្នុងស្រុក ទ្រាំង ខេត្តតាកែវ រួចមក។
លោក អ៊ុង ជាគង អ្នកគ្រប់គ្រងក្រុមបាល់ទាត់នេះប្រាប់ Sabay ថា លោកមានការពេញចិត្តទីលានបាល់ទាត់វិទ្យាល័យពោធិអំពិល បើទោះបីវាមិនទាន់មានលក្ខណៈត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក៏ដោយ។ «វាល្អប្រសើរច្រើនសម្រាប់ក្រុមខ្ញុំ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុនដែលនៅពេលធ្វើការហ្វឹកហាត់ម្តងៗពួកគាត់ត្រូវទៅរកទីទួលនៅក្បែរកុងស៊ីក្បាលពោធិជាទីធ្លារដិបរដុបពិបាកខ្លាំង»។
អតីតកីឡាករឆ្នើមក្របខណ្ឌសិស្សប្រចាំខេត្តក្នុងទសវត្សឆ្នាំ១៩៨០ លោក អ៊ុង ជាគង ប្រាប់ថា លោកចង់ឲ្យមានទីលានបាល់ទាត់ល្អមួយប្រចាំតំបន់នេះដើម្បីឲ្យយុវវ័យមានឱកាសលេងកីឡាបានច្រើននៅពេលទំនេរ។ ប្រយោជន៍ដើម្បីឲ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន ដូច្នោះហើយទើបលោកសុខចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនបដិភាគជាមួយនាយកវិទ្យាល័យនេះដើម្បីចាក់ដីបំពេញបន្ថែមសំដៅជួសជុលទីលានឲ្យបានល្អជាងមុនបើទោះបីជាតូចបន្តិចក៏ដោយ។
ចំណែកលោក អ៊ុក សុភក្ត័ គ្រូជំនួយប្រចាំក្រុមខាងលើឲ្យដឹងថា ៖«ពួកយើងសុទ្ធតែចង់ឲ្យយុវជនមូលដ្ឋានយើងចូលរួមលេងកីឡាឲ្យបានច្រើន។ អញ្ចឹងហើយទើបយើងប្រមូលក្មេងៗទាំងនេះមកបង្កើតក្រុមបាល់ទាត់នេះឡើងរួមមានសិស្សនៅវិទ្យាល័យព្រៃទប់ផងនិងវិទ្យាល័យពោធិអំពិលសរុបមកក្រុមនេះមានកីឡាករ១៨នាក់ហើយ»។ «ខ្ញុំគ្រោងនឹងអញ្ជើញក្រុមផ្សេងៗមកប្រកួតមិត្តភាពនៅទីនេះឲ្យបានញឹកញាប់ ព្រោះកន្លងមកទៅប្រកួតមិត្តភាពនៅខេត្តត្រូវចំណាយប្រាក់ច្រើនដើម្បីជួលទីលានម្តងពី២០ទៅ៣០ដុល្លា»។ លោកសុភក្ត័បញ្ជាក់។
វាលឥន្ទ្រីក្បាលពោធិដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤បានប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗជាបន្តបន្ទាប់។ ពេលនេះពួកគេកំពុងត្រៀមខ្លួនចូលរួមប្រកួតកីឡាមហាជននានាក្នុងខេត្តនាពេលខាងមុខ៕