- 2017-02-20 08:44:18
- បាល់ទាត់
Muang Thong United បាត់បង់កីឡាករសំខាន់២នាក់នៅ AFC Champions League ស្អែក
- 2017-02-20 08:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Muang Thong United បាត់បង់កីឡាករសំខាន់២នាក់នៅ AFC Champions League ស្អែក
ចន្លោះមិនឃើញ
ក្រុមជើងឯកថៃ Muang Thong United នឹងបាត់បង់សមាជិកសំខាន់ៗ២នាក់ ក្នុងការប្រកួតដ៏ធំ នៅពានរង្វាន់ AFC Champions League វគ្គសន្សំពិន្ទុពូល E ដែលត្រូវប៉ះក្រុមលេខ៣ក្នុងលីគកំពូលអូស្ត្រាលីរដូវកាលមុន Brisbane Roar នៅក្រៅដី នាវេលាម៉ោង០៦:០០នាទីល្ងាចថ្ងៃអង្គារស្អែកនេះ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Cleiton Silva ពុំមានឈ្មោះចូលលេងឲ្យក្រុម Muang Thong United នៅថ្ងៃស្អែកទេ ដោយសាររូបគេបានព្រមព្រៀងផ្ទេរទៅក្លឹបនៅលីគលំដាប់ទី២របស់ចិន Shanghai Shenxin ក្នុងតម្លៃ២,៨លានដុល្លារ នៅពីរឬបីថ្ងៃខាងមុខនេះ។ ខ្សែប្រយុទ្ធ វ័យ៣០ឆ្នាំរូបនេះ ជាកីឡាករឆ្នើមបំផុតរបស់ Muang Thong និងជា Top Scorer នៅឆ្នាំ២០១៦ផងដែរ ដោយបង្ហាញខ្លួន៣៧ប្រកួត ស៊ុតបាន៣២គ្រាប់។
Muang Thong United ក៏នឹងអវត្តមានកីឡាករសំខាន់ម្នាក់ទៀតគឺ ខ្សែបម្រើការពារ Sarach Yooyen។ កីឡាករវ័យ២៤ឆ្នាំរូបនេះ បានរងរបួសបាក់ឆ្អឹងកជើង កាលប្រកួតឈ្នះក្រុម Sukhothai FC យប់ថ្ងៃសុក្រកន្លងទៅ។ Sarach Yooyen នឹងត្រូវអវត្តមានពី៤ទៅ៦ខែ ដូច្នេះរូបគេ ក៏នឹងអវត្តមានពីការប្រកួតជម្រុះ World Cup 2018 ឲ្យក្រុមជម្រើសជាតិថៃ ពេលប៉ះ អារ៉ាប៊ីសាអ៊ូឌីត និងជប៉ុន នៅខែក្រោយផងដែរ។
Muang Thong ជាក្រុមថៃតែមួយគត់ និងជាក្រុមអាស៊ានតែមួយគត់ ដែលឡើងដល់វគ្គចែកពូល AFC Champions League ឆ្នាំ២០១៧នេះ ខណៈដែលពួកគេស្ថិតនៅពូល E ជាមួយក្រុមជើងឯកជប៉ុន Kashima Antlers, ក្រុមលេខ៤របស់កូរ៉េខាងត្បូង Ulsan Hyundai FC និងក្រុមអូស្ត្រាលី Brisbane Roar៕