• 2017-02-06 04:30:26
  • ព័ត៌មាន

កីឡា​​ទាញ​ព្រ័ត្រ​ត្រៀម​ខ្លួន​​បាន​ល្អ មុន​ទៅ​​​ជើង​ឯក​​អាស៊ី និងអាស៊ីអាគ្នេយ៍​​​នៅ​ថៃ

  • 2017-02-06 04:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា បាន​​​ត្រៀម​ខ្លួន​ហ្វឹកហាត់​​ពីរ​ខែ​មក​ហើយ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​​ប្រកួត​ប្រជែង​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ទាញ​ព្រ័ត្រ​អាស៊ី និង​អាស៊ីអាគ្នេយ៍​លើក​ទី​១១ នៅ​ទឹក​ដី​ថៃ​នា​ ​ថ្ងៃ​ទី​២៦-៣០​ ខែ​មេសា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ឯក​ឧត្ដម មាស សារិន

​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ​ នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​ឯក​ឧត្ដម មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​នេះ​កម្ពុជា​បាន​ត្រៀម​ខ្លួន​បាន​ល្អ​។ ​​កម្ពុជា​សង្ឃឹម​​​ទទួល​បាន​លទ្ធផល​ល្អ ព្រម​ទាំង​​អាច​ប្រជែង​យក​មេដាយ​បាន។

​​លោក​បន្ថែម​ថា សម្រាប់​ប្រទេស​ចូល​រួម​មិន​ទាន់​ទទួល​បាន​ជាក់​លាក់​នៅ​ឡើយ ដោយសារ​មក​ទល់​ពេល​នេះ​នៅ​មាន​ប្រទេស​កំពុង​ចុះ​ឈ្មោះ​នៅ​ឡើយ។ ​​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​៤​វិញ្ញាសា​ឲ្យ​ទៅ​ចូល​រួម​​ប្រកួត​​​រួម​មាន ​លើ ២៣​ឆ្នាំ​បុរស ​​ក្រោម២៣​ឆ្នាំ​បុរស ក្រោម​២៣​ឆ្នាំ​នារី និង​លើ​២៣ ឆ្នាំ​នារី។

​​អ្នក​ស្រី​ ប្រាក់​​ សម្ផស្ស អគ្គលេខាធិការ​​សហព័ន្ធ​មួយ​នេះ​បាន​លើក​ឡើង​​ថា កីឡាករ​​ទាំង​អស់​​​កំពុង​ហ្វឹកហាត់​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង​​​រៀងរាល់​​ថ្ងៃ​ចុង​សប្ដាហ៍ និង​គ្រោង​បង្កើន​ឲ្យ​បាន​យ៉ាង​​តិច​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​មុន​ពេល​ចេញ​ដំណើរ​។ ​​ទន្ទឹម​​នឹង​នោះ​​កីឡាករ​-​កីឡា​ការិនី​ក៏​បាន​ហ្វឹកហាត់​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​ផង​ដែរ បន្ថែម​ពី​លើ​​​អ្វី​ដែល​ហ្វឹកហាត់​រាល់​សប្ដាហ៍​នោះ។ ​ក្រុម​កីឡាករ​-​កីឡា​ការិនី​ទាញ​ព្រ័ត្រ​កម្ពុជា នឹង​ចេញ​ដំណើរ​នា​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧ ទៅ​ទឹក​ដី​ថៃ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​​កីឡា​ទាញ​ព្រ័ត្រ​អាស៊ី​ និង​អាស៊ាន​លើក​ទី​១១ នៅ​ទឹក​ដី​ថៃ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់