• 2017-01-30 23:17:00
  • ព័ត៌មាន

តោះ! ស្គាល់​កីឡាករ​បាល់បោះ​​១០​នាក់ ដែល​មាន​ជាង​គេ​បំផុត​លើ​លោក

  • 2017-01-30 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​​បាល់បោះ​ NBA ​ជា​កីឡា​មួយ​ប្រភេទ ដែល​ធ្វើ​ឲ្យ​កីឡាករ​មាន​ចំណូល​​យ៉ាង​ច្រើន​​ ដល់​ខ្ទង់​រយ​លាន​ដុល្លារ។ ចំណូល​​របស់​កីឡាករ​​ទាំង​​នោះ​ គឺ​បាន​មក​ពី​​ប្រាក់​ឈ្នួល​ ​ភាព​ល្បី​ល្បាញ​​ទទួល​បាន​ពី​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​​បាន​ពី​ចុះ​កុងត្រា​ផ្ទាល់​ខ្លួន​ ​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​​ជា​ដើម។

LeBron James (កាន់ពាន) កីឡា​បាល់បោះ​ មាន​ជាង​គេ​បំផុត​លើ​លោក

វិបសាយ​ Abc News Point ​បាន​បង្ហាញ​ជូន​​កីឡាករ​បាល់​បោះ​ ​ដែល​មាន​ជាង​គេ​លើ​លោក​ ប្រចាំ​ឆ្នាំ​២០១៧​ដូច​​ខាង​ក្រោម៖

១. LeBron James – ៣០០​ លាន​ដុល្លារ

LeBron James សញ្ជាតិ​អាមេរិក​ ​វ័យ​៣២​ឆ្នាំ​ ​ជា​សមាជិក​ក្រុម​ Cleveland Cavaliers ​បច្ចុប្បន្ន។ កីឡាករ​រូប​នេះ​ មាន​ចំណូល​ច្រើន​ដាច់​គេ​លើ​លោក​ ដោយសារ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ក្រុមហ៊ុន ​​និង​ជា​កីឡាករ​ល្បី​បំផុត​ ធ្លាប់​បង្ហាញ​ខ្លួន​តាម​កម្មវិធី​ទូរទស្សន៍​ និង​​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន​ផង​ដែរ។

២. Kobe Bryant – ២៨០ ​លាន​ដុល្លារ

Bryant ​សញ្ជាតិ​អាមេរិក​ ​វ័យ​៣៨​ឆ្នាំ​ ​​លេង​ឲ្យ​ក្រុម​ Los Angeles Lakers ​តាំង​ពី​ឆ្នាំ​១៩៩៦ ​និង​ទើប​ប្រកាស​ចូល​និវត្តន៍​កាល​ឆ្នាំ​២០១៦​ កាល​ពី​ពេល​ថ្មីៗ​នេះ។

៣. Kevin Garnett – ១៩០ ​លាន​ដុល្លារ

Garnett ​សញ្ជាតិ​អាមេរិក ​វ័យ​៤០​ឆ្នាំ ​​ជា​អតីត​សមាជិក​ក្រុម​ Minnesota Timberwolves ​ប៉ុន្តែ​​បាន​​ប្រកាស​ចូល​និវត្តន៍ ​កាល​​ខែ​​កញ្ញា ឆ្នាំ​២០១៦ ហើយ។

៤. Tim Duncan – ១៣០​ លាន​ដុល្លារ

Duncan សញ្ជាតិ​អាមេរិក ​វ័យ​៤០​ឆ្នាំ​ ជា​អតីត​សមាជិក​ក្រុម​ San Antonio Spurs ​ដែល​លេង​តាំង​ពី​ឆ្នាំ​១៩៩៧ និង​ទើប​ប្រកាស​ចូល​និវត្តន៍​កាល​ខែ​កក្កដា ឆ្នាំ​២០១៦។

៥. Dirk Nowitzki – ១២០ ​លាន​ដុល្លារ

Nowitzki សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៣៨​ឆ្នាំ ​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ Dallas Mavericks។ Nowitzki ​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ និង​ជា​កីឡាករ​ល្បី​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ល្បីៗ​បំផុត​លើ​ពិភពលោក។

៦. Dwight Howard – ១០០​ លាន​ដុល្លារ

កីឡាករ​អាមេរិក វ័យ​៣១​ឆ្នាំ​រូប​នេះ​ ​ទើប​ចាក​ចេញ​ពី​ក្រុម Houston Rockets ទៅ​​លេង​ឲ្យ​ក្រុម​ Atlanta Hawks ​កាល​ខែ​កក្កដា ឆ្នាំ​២០១៦។ Howard ​លេចធ្លោ​ខ្លាំង​តាំង​ពី​នៅ​វិទ្យាល័យ​ ជាមួយ​ក្លឹប​ Southwest Atlanta Christian Academy។

៧. Ray Allen​​ – ១០០​ លាន​ដុល្លារ

Allen សញ្ជាតិ​អាមេរិក វ័យ​៤១​ឆ្នាំ ​​ជា​អតីត​សមាជិក​ក្រុម​ Miami Heat ប៉ុន្តែ​​បាន​ប្រកាស​ចូល​និវត្តន៍​ កាល​ឆ្នាំ​២០១៤។

៨. Dwyane Wade – ៩៥ ​​លាន​ដុល្លារ

កីឡាករ​អាមេរិក​ វ័យ​៣៥​ឆ្នាំ​រូប​នេះ​ ​ទើប​​ផ្ទេរ​ពី​​ក្រុម​ Miami Heat ទៅ​ Miami Heat កាល​ឆ្នាំ​២០១៦។ កីឡាករ​រូប​នេះ​ ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​ច្រើន។

៩. Steve Nash – ៩៥​​ លាន​ដុល្លារ

Nash សញ្ជាតិ​កាណាដា ​វ័យ​៤២​ឆ្នាំ ​​ជា​អតីត​សមាជិក​ក្រុម​ Los Angeles Lakers ប៉ុន្តែ​បាន​ប្រកាស​ចូល​និវត្តន៍ ​កាល​ឆ្នាំ​២០១៥។

១០. Carmelo Anthony – ៩០​​ លាន​ដុល្លារ

កីឡាករ​អាមេរិក ​វ័យ​៣២​ឆ្នាំ​ ​​​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម​ New York Knicks។ កីឡាករ​រូប​នេះ​ ជា​កីឡាករ​មាន​ប្រជាប្រិយភាព​បំផុត​មួយ​រូប​ និង​ធ្លាប់​ជា​សមាជិក​ក្រុម​អូឡាំពិក​ របស់​ជម្រើស​ជាតិ​អាមេរិក​ផង​ដែរ៕

ប្រភព៖ ABC News Points ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់