• 2016-12-18 07:08:56
  • ព័ត៌មាន

ប្រណាំង​សេះ ​ប្រាក់​រង្វាន់​១៥ ០០០​ដុល្លារ​នៅ 7NG ​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ

  • 2016-12-18 07:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​រយៈ​ពេល​១២​ខែ​មក​នេះ ​ឃើញ​ថា​ពាន​រង្វាន់​ប្រណាំង​សេះ​នៅ​ទីលាន SCT Sport Complex ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ប្រាក់​រង្វាន់​១៥ ០០០​ដុល្លារ​ហើយ គឺ​បាន​ទៅ​លើ​សេះ​ឈ្មោះ​ថា​ MABELL ​មាន​កម្ពស់​១,៦៥​ម៉ែត្រ។

លោក​ឧកញ៉ា ស្រី ចន្ធូ

កាល​ពី​ម្សិលមិញ​នេះ ​នៅ​ក្រុមហ៊ុន 7NG ​បាន​ធ្វើ​កម្មវិធី​ប្រណាំង​សេះ​ដំណាច់​ឆ្នាំ​របស់​ខ្លួន​ឈ្មោះ​ថា SCT Derby Cup ​ដែល​មាន​ការ​ចូល​រួម​ជា​ច្រើន​ពី​អ្នក​គាំទ្រ ក៏​ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​វិហារសួគ៍ ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដាល។ សេះ​ដែល​ចូល​រួម​ការ​ប្រកួត​ធំ​នេះ ​​មាន​ប្រភព​មក​ពី​បរទេសផង​និង​នៅ​ក្នុង​ស្រុកផង ​ហើយ​និយាយ​ពី​កម្ពស់​វិញ​ក៏​សុទ្ធ​​តែ​ខ្នាត​អន្តរជាតិ​ថែម​ទៀត ដោយ​មាន​រហូត​ដល់​ទៅ​១,៧០ម៉ែត្រ​ឯ​ណោះ។

លោក​ឧកញ៉ា ស្រី ចន្ធូ ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ខាង​លើ​បាន​និយាយ​ថា​នេះ​ជា​ឆ្នាំ​ទី​មួយ​សម្រាប់​ទី​លាន​របស់​លោក​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​នេះ​ឡើយ។ ​ជាក់​ស្ដែង​ក្រុម​ការងារ​បាន​អង្កេត​ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ច្រើន ​និង​មាន​សេះ​ល្អ​ៗ​ជា​ច្រើន​បាន​ចូល​រួម​ប្រកួត​ប្រជែង​គ្នា។ ​សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ​ទៀត​សោត ​ក្រុម​ការងារ​របស់​លោក​នឹង​នៅ​តែ​បន្ដ​ធ្វើ​ការ​ប្រកួត​នេះ ដើម្បី​ឱ្យ​វិស័យ​កីឡា​ប្រណាំង​សេះ​នៅ​កម្ពុជា​កាន់​តែ​រីកចម្រើន​ឡើង ​តាម​រយៈ​ទីលាន​ស្ដង់ដា​នៅ​ក្រុម​ហ៊ុន 7NG ​នេះ។

​ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​សេះ​ឈ្នះ​លេខ​១​ក្នុង​ការ​ប្រកួត​ដំណាច់​ឆ្នាំ​នេះ គឺ​បាន​ទៅ​លើ MABELL ​អម​ជាមួយ​ប្រាក់​រង្វាន់​ ១៥ ០០០​ដុល្លារ​អាមេរិក ​លេខ​២​បាន​ទៅ​លើ​សេះ​ឈ្មោះ Rosi ​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​និង​លេខ​៣​បាន​ទៅ​លើ​សេះ​ឈ្មោះ​ ម៉លលី ​ប្រាក់​រង្វាន់​១ ០០០​ដុល្លារ។

អ្នកជិះសេះបានលេខ១

ក្រៅ​ពី​កម្មវិធី​ប្រណាំង​សេះ​ដ៏​អស្ចារ្យ​នេះ ​នៅ​ទីលានSCT Sport Complex ​ក៏​មាន​ការ​ប្រកួត​ប្រណាំង​កីឡា​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែរ ​ដូចជា​ប្រណាំង​ម៉ូតូ ​ប្រណាំង​ឡាន ​កីឡា​បាល់ទាត់ ​និង​រត់​ប្រណាំង​កុមារាកុមារី ​ជា​ដើម។ ចំពោះ​ការ​ប្រណាំង​ម៉ូតូ ​អ្នក​បាន​លេខ​១​គឺ ជា លីឃៀង ​ដោយ​ទទួល​បាន​រង្វាន់ ​ម៉ូតូ​ប្រណាំង​ថ្មី​មួយ​គ្រឿង ​ដែល​មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ៕

ជា លីឃៀង

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី