• 2016-10-17 21:46:52
  • បាល់ទាត់

សាលា​ដំរី​ពួន​កាន់​តែ​មាន​ពន្លឺ​ក្នុង​​ការ​បង្កើត​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​​

  • 2016-10-17 21:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ដំរី​ពួនស្ថិត​នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ​កាន់​តែ​មាន​ពន្លឺ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​ហើយ​​ បន្ទាប់​​ពី​​​ក្រុម​ការងារ​មូលនិធិ​សង្គម​ និង​អាហារូបករណ៍​នៃ​អង្គភាព​អគ្គិសនី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ លឹម​ ជំនិត​ ​និង​សហការី​៣​រូប​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីធ្លា​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ដំរីពួន​​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​​​ដើម្បី​​ពិភាក្សា​ជា​មួយ​លោក​មេឃុំ​ និង​គណៈ​គ្រប់គ្រង​សាលា​ ដែល​បាន​ដាក់​សំណើ​ស្នើ​សុំ​ថវិកា​ ដើម្បី​សាង​សង់​ទីលាន​បាល់ទាត់​ថ្មី​មួយ​កន្លែង។

 

លោក​ ឡាំ​ សុង​ នាយក​សាលា​បាន​ឲ្យ​ដឹង​ថា​ សាលា​មាន​ផ្ទៃ​ទំហំ​ ៤៦​៧៨៧​ម៉ែត្រ​ការ៉េ​ ស្ថិត​​នៅ​ភូមិ​ចំការ​គួយ​លិច​ ឃុំ​ដំរី​ពួន​ ស្រុក​ស្វាយអន្ទរ​ ខេត្ត​ព្រៃវែង​ កកើត​ដំបូង​នៅ​ឆ្នាំ​១៩៨៩។ សិស្ស​ចូល​ចិត្ត​លេង​កីឡា​បាល់​ទាត់​ច្រើន​ ហើយ​សាលា​នៅ​ពុំ​ទាន់​មាន​ទីលាន​កីឡា​បាល់ទាត់​ ហើយ​បច្ចុប្បន្ន​សិស្ស​សាលា​ទៅ​លេង​នៅ​តាម​វាល​ស្រែ​ជុំ​វិញ​សាលា​ដែល​មាន​ស្ថានភាព​រដិបរដុប​ពិបាក​រត់។

 

 ក្រុម​ការងារ EDC និង​សាលា​ដំរីពូន

 

ម្យ៉ាង​ទៀត​សាលា​មិន​មាន​កញ្ចប់​ថវិកា​សាងសង់​ទីលាន​បាល់ទាត់​ទេ​ ដូច្នេះ​ហើយ​លោក​នាយក​ក៏​បាន​សហការ​ជា​មួយ​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​ ដើម្បី​អំពាវ​នាវ​ស្វះ​ស្វែង​រក​ជំនួយ​ថវិកា​ ឬ​សម្ភារៈ​កីឡា​ សម្រាប់​យក​ទៅ​សាង​សង់​ទីលាន​បាល់ទាត់​នោះ​ ដើម្បី​អាច​ឲ្យ​សិស្ស​សាលា​បាន​លេង​កីឡា​បាល់​ទាត់​ផង​ និង​រួម​ចំណែក​លើក​ស្ទួយ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ប្រទេស​កម្ពុជា​ផង។

 

លោក​បាន​ជូន​ដំណើរ​ក្រុម​ការងារ​ទៅ​ពិនិត្យ​ស្ថានភាព​ដី​ស្រែ​ដែល​ស្នើ​សុំ​ធ្វើ​ទីលាន​បាល់ទាត់​នោះ​មាន​ទំហំ​១.៦​ហិតា។ បច្ចុប្បន្ន​សាលា​បាន​ជួល​ដី​នោះ​ទៅ​ឲ្យ​ប្រជាជន​ធ្វើ​ស្រែ​ តែ​ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​នៅ​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៦​ រួច​ហើយ​គាត់​នឹង​យក​ដី​នោះ​មក​ធ្វើ​ជា​ទីលាន​បាល់ទាត់​វិញ។ លោក​បញ្ជាក់​ថា​ ទីលាន​​បាល់ទាត់​ដែល​គ្រោង​នឹង​សាង​សង់​ថ្មី​នោះ​មាន​បណ្តោយ​១១០​ម៉ែត្រ​ ទទឹង​៨៥​ម៉ែត្រ​ និង​គ្រោង​ចំណាយ​ថវិកា​ ៤២២០​០០០រៀល។

 

ចំណែក​ឯ​លោក​ នួន​ សុភី​ មេ​ឃុំ​ដំរី​ពួន​បាន​ឲ្យ​ដឹង​ថា​ ទីធ្លា​ដែល​សាលា​គ្រោង​សាង​សង់​ជា​ទីលាន​បាល់​ទាត់​នោះ​មិន​មែន​ជា​ដី​របស់​សហគមន៍​ មិន​មែន​ជា​ដី​របស់​ប្រជា​ពលរដ្ឋ​ ឬ​ក៏​មាន​បញ្ហា​ពាក់​ព័ន្ធ​ណា​មួយ​នោះ​ទេ​ គឺ​ជា​កម្មសិទ្ធិ​របស់​សាលា​រៀន​ពិត​ប្រាក​ដមែន​ ប៉ុន្តែ​សាលា​រៀន​មិន​ទាន់​មាន​របង​ព័ទ្ធ​ជុំវិញ​នៅ​ឡើយ​ទេ។

 

 ក្រុម​ការងារ EDC និង​សាលា​ដំរីពូន

 

លោក​មេ​ឃុំ​បន្ត​ថា​ លោក​នាយក​សាលា​ រូប​លោក​ និង​ក្រុម​ប្រឹក្សា​ឃុំ​នឹង​ពិភាក្សា​គ្នា​ ប្រារព្វ​ធ្វើ​បុណ្យ​ផ្កា​មួយ​ ដើម្បី​កសាង​របង​សាលា​រៀន​នេះ​ ដែល​មាន​ប្រវែង​ប្រហែល​១​០០០​ម៉ែត្រ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​បរិវេណ​សាលា​ផង​ដែរ​ ហើយ​លៃ​ឲ្យ​ចំ​ថ្ងៃ​សម្ពោធ​ទីលាន​បាល់​ទាត់​តែ​ម្តង។

 

ក្រោយ​ពី​បាន​រួម​ដំណើរ​ចុះ​ទៅ​ពិនិត្យ​មើល​ទីធ្លា​ និង​ស្តាប់​ការ​លើក​ឡើង​របស់​លោក​មេឃុំ ​និង​លោក​នាយក​សាលា​រួច​មក​ លោក​ លឹម​ ជំនិត​ ប្រធាន​ការិយាល័យ​មូលនិធិ​សង្គ​ម និង​អាហា​រូបករណ៍​ បាន​ធ្វើ​កំណត់​ហេតុ​ដោយ​មាន​ការ​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​មូលនិធិ​នៃ​អគ្គិសនី​កម្ពុជា​ លោក​មេ​ឃុំ​ លោក​នាយក​សាលា​ និង​សហគមន៍​កីឡា​ស្រុក។ លោក​នឹង​យក​កំណត់​ហេតុ​នេះ​ដាក់​ជូន​លោក​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដើម្បី​សម្រេច។ លោក​នឹង​ជម្រាប​ជូន​ពី​លទ្ធផល​នៅ​ខែ​ក្រោយ៕

 

 

 

អត្ថបទ៖ សោម សារិទ្ធ​ រូបភាព៖ EDC មូលនិធិសង្គម និងអាហារូបករណ៍

មតិយោបល់
អត្ថបទថ្មី