• 2016-10-16 15:30:28
  • ព័ត៌មាន

​ប្រណាំង​សេះ​វគ្គ​ផ្ដាច់ព្រ័ត្រ​​​​​រង្វាន់ ១៥ ០០០​ដុល្លារ​នៅ 7NG ​រំពឹង​មាន​សេះ​ចូល​រួម​៨០​ក្បាល

  • 2016-10-16 15:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រណាំង​សេះ​ក្នុង​ខែ​ទី​១០​របស់​ទីលាន SCT Sport Complex ​នៅ​ 7NG ​បាន​បញ្ចប់​ហើយ កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​សេះ​ចូល​រួម​ប្រកួត​ចំនួន​៥០​ក្បាល ​បែងចែក​ជា​៣​ពូល។ ខណៈ​ដែល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​រំពឹង​ថា​នឹង​មាន​សេះ​ចូល​រួម​រហូត​ដល់​ទៅ​៨០​ក្បាល​ឯ​ណោះ។

 

 លោក អឿន សុផល

 

លោក អឿន សុផល អ្នក​គ្រប់គ្រងកសិដ្ឋានសេះរបស់ 7NG បាន​បង្ហើប​ឱ្យ​ដឹង​ថា​ពី​មួយ​ខែ​ទៅ​១​ខែ​កន្លែង​របស់​លោក​បាន​ចម្រាញ់​បាន​សេះ​ជា​ច្រើន ដើម្បី​ឈាន​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ប្រាក់​រង្វាន់ ១៥ ០០០​ដុល្លារ​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៦​នេះ។ ដោយ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ លោក​រំពឹង​ថា​នឹង​មាន​សេះ​ចូល​រួម​ឱ្យ​បាន​៨០​ក្បាល ដើម្បី​បង្កើត​ជា​ការ​ប្រកួត​ធំ​បំផុត​មួយ​នៅ​កម្ពុជា។

 

ងាក​ទៅ​លទ្ធផល​នៃ​ការ​ប្រកួត​ប្រចាំ​ខែ​តុលា​នេះ​វិញ ​ក្នុង​ពូល E ​ដែល​មាន​សេះ​កម្ពស់​១,២៩​ម៉ែត្រ​ចុះ​ក្រោម ​សេះ​លេខ​១​បាន​ទៅ​លើ​ឈ្មោះ អា​ពពក ​ប្រាក់​រង្វាន់​៣០​ម៉ឺន​រៀល ​សេះ​លេខ​២ ​អា​ក្រញូង ​ប្រាក់​រង្វាន់​២០​ម៉ឺន​រៀល ​និង​លេខ​៣​បាន​ទៅ​លើ អា​ហុងដា ​ប្រាក់​រង្វាន់​១០​ម៉ឺន​រៀល។ ចំណែក​ឯ​ពូល D ​មាន​សេះ​កម្ពស់​១,៣៩​ម៉ែត្រ​ចុះ​ក្រោម​នោះ ​លេខ​១​បាន​ទៅ​លើ ​អា​ខូប៊យ ​ប្រាក់​រង្វាន់​៥០​ម៉ឺន​រៀល លេខ​២​បាន​ទៅ​លើ​សេះ​ឈ្មោះ​ អា​តូច ​ប្រាក់​រង្វាន់​៣០​ម៉ឺន​រៀល ​និង​លេខ​៣​បាន​ទៅ​លើ ​អា​សក់​វែង ​ប្រាក់​រង្វាន់​២០​ម៉ឺន​រៀល។

 

 

ដោយ​ឡែក​ពូល​ A ​ដែល​ជា​ពូល​ល្អ​ជាង​គេ​និង​មាន​​ស្ដង់ដារ​អន្តរជាតិ​នោះ ​សេះ​មាន​កម្ពស់​ចាប់​ពី​១,៧០​ម៉ែត្រ​ចុះ​ក្រោម ដោយ​មាន​មក​ពី​ប្រទេស​ថៃ​ផង​ដែរ។ ចំពោះ​ចំណាត់​ថ្នាក់​វិញ គឺ​លេខ​១​បាន​ទៅ​លើ​សេះ​ឈ្មោះ​ថា Carino ​ប្រាក់​រង្វាន់​១​លាន​រៀល ​លេខ​២​បាន​ទៅ​លើ​ Chanel ​ប្រាក់​រង្វាន់​៧០​ម៉ឺន​រៀល ​និង​លេខ​៣​បាន​ទៅ​លើ ម៉លលី ​ប្រាក់​រង្វាន់​៥០​ម៉ឺន​រៀល។

 

ក្នុង​ការ​ប្រកួត​ប្រចាំ​ខែ​១០​នេះ​ដែរ ​នៅ​ទីលានSCT Sport Complex ​មិន​ត្រឹម​តែ​មាន​ការ​ប្រណាំង​សេះ​ទេ ពោល​គឺ​ក្រៅ​ពី​សេះ​នេះ មាន​ការ​ប្រណាំង​ម៉ូតូ​ហោះ ​និង​ប្រកួត​បាល់ទាត់​ផង​ដែរ ដោយ​មាន​ការ​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពល​រដ្ឋ​នៅ​តំបន់​នេះ៕

 

 

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់