- 2016-10-07 15:59:38
- បាល់ទាត់
គ្រូកម្ពុជាថា កូនក្រុមលេងបានប៉ុណ្ណឹងល្អហើយ ទោះចាញ់ក៏ដោយ
- 2016-10-07 15:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូកម្ពុជាថា កូនក្រុមលេងបានប៉ុណ្ណឹងល្អហើយ ទោះចាញ់ក៏ដោយ
ចន្លោះមិនឃើញ
លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយថាមនុស្សម្នាក់ៗមានគំនិតខុសៗគ្នា ដូច្នេះក្នុងការប្រកួតដែលចាញ់ហុងកុង២-០នេះ លោកគិតថាកូនក្រុមទាំងអស់លេងបានល្អណាស់ហើយ។
ប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ កម្ពុជាបានបរាជ័យក្រោមថ្វីជើងរបស់ក្រុមហុងកុងក្នុងលទ្ធផល ២-០ ខណៈដែលការគ្រប់គ្រងបាល់វិញ ក្រុមទាំងពីរប្រហាក់ប្រហែលគ្នា គ្រាន់តែម្ចាស់ផ្ទះមិនសូវជាមានឱកាសបានស៊ុតច្រើនប៉ុណ្ណោះ។ ក្រោយពីចប់ការប្រកួតនេះ លោក Lee បានបង្ហាញទស្សនៈថាលោកនឹងប្រឹងប្រែងកែកំហុសឆ្គងខ្លះៗនៅក្នុងក្រុមទាំងមូល ដើម្បីឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជម្រុះបានរង្វាន់ AFF Suzuki Cup នៅពាក់កណ្ដាលខែតុលានេះ។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានបន្តថា៖ “ខ្ញុំដឹងថាអ្នករាល់គ្នាមានគំនិតខុសៗគ្នាចំពោះទម្រង់លេងនៅថ្ងៃនេះ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺកីឡាករទាំងអស់លេងបានល្អហើយ។ ទាំងការបញ្ជូនបាល់ ការប៉ះឱ្យគ្នា និងការចូលដណ្ដើមបាល់ជាដើម។ ប្រកួតមិត្តភាព គឺដើម្បីឱ្យកម្ពុជាត្រៀមខ្លួនទៅប្រកួតផ្លូវការ”។
លោក Lee បន្ថែមថាកម្ពុជាមិនសូវបង្កើតឱកាសបានច្រើន គឺដោយសារតែការលេងបាល់លើមិនបានល្អ ណាមួយកីឡាកររបស់ខាងហុងកុងក៏មានមាឌធំល្អ ជារនាំងដ៏រឹងមាំផងដែរ។ មួយវិញទៀត ក្រុមដែលមកលេងទល់និងកម្ពុជាទាំងអស់ សុទ្ធតែបានដឹងច្រើនពីចំណុចខ្សោយរបស់ក្រុមគោព្រៃ ព្រោះកម្ពុជាតែងតែមានការប្រកួតមិត្តភាពអន្តរជាតិច្រើន៕
អត្ថបទ៖ មុន្នី រម្យ