- 2016-09-14 17:17:40
- ព័ត៌មាន
វ៉ាន វ៉ុន កីឡាករជនពិការម្នាក់គត់របស់កម្ពុជានៅ Paralympic នឹងប្រកួតថ្ងៃទី១៦នេះ
- 2016-09-14 17:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាន វ៉ុន កីឡាករជនពិការម្នាក់គត់របស់កម្ពុជានៅ Paralympic នឹងប្រកួតថ្ងៃទី១៦នេះ
ចន្លោះមិនឃើញ
វ៉ាន វ៉ុន ជាកីឡាករជនពិការតែម្នាក់គត់របស់កម្ពុជាមានឱកាសចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោក Paralympic នៅប្រទេសប្រេស៊ីល ដោយរូបលោកនឹងធ្វើការប្រកួតជុំទី១នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះ ក្នុងវិញ្ញាសា T54 ប្រណាំងរទេះ ចម្ងាយ១០០ម៉ែត្រ។
ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម២០១៣ ខាងលើបានចូលហ្វឹកហាត់ជាមួយកីឡាករបរទេសផ្សេងៗទៀតតាំងពីថ្ងៃទី៧កន្លងទៅម្ល៉េះ។ ខណៈដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបង្ហោះវីដេអូនៅលើ Page របស់ពួកគេថា វ៉ាន វ៉ុន ទទួលបានបទពិសោធន៍ជាច្រើនក្នុងការហ្វឹកហាត់នេះ ព្រោះមានកីឡាករខ្លាំងៗមកពីបណ្ដាប្រទេសជាច្រើន។
អត្តពលិកពិការកម្ពុជាតែម្នាក់គត់ដែលមានឱកាសទៅប្រកួតនៅប្រេស៊ីលរូបនេះ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនដែរថារូបគេមិនរំពឹងទៅលើលទ្ធផលឈ្នះឬចាញ់នោះទេ តែនេះជាឱកាសមាសមួយសម្រាប់ខ្លួនក្នុងការដកស្រង់បទពិសោធន៍ថ្មីមួយក្នុងជីវិត ដែលមានឱកាសបានចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។
វ៉ាន វ៉ុន បានចូលរួមប្រកួតកីឡានៅព្រឹត្តិការណ៍ Paralympic នាប្រទេសប្រេស៊ីលនេះ ដោយទទួលបានសិទ្ធិអនុគ្រោះ ខណៈដែលកម្ពុជាមានតែកីឡាករម្នាក់នេះទេ ដែលបានចូលរួម។ រូបគេ បានចេញដំណើរទៅកាន់ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២ សីហាឆ្នាំ២០១៦នេះ ដោយចាប់ផ្ដើមហ្វឹកហាត់ជាផ្លូវការនៅថ្ងៃទី៧ខែកញ្ញា ហើយប្រកួតជុំទី១នៅថ្ងៃទី១៦ខាងមុខ៕
អត្ថបទ៖ មុន្នី រម្យ រូបភាព៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា