- 2016-09-13 17:27:26
- បាល់ទាត់
ជឿឬអត់ សុខ សុវណ្ណ ឲ្យតែមុនប្រកួតមានអារម្មណ៍រកគ្រាប់បាល់បាន គឺបានមែន?
- 2016-09-13 17:27:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿឬអត់ សុខ សុវណ្ណ ឲ្យតែមុនប្រកួតមានអារម្មណ៍រកគ្រាប់បាល់បាន គឺបានមែន?
ចន្លោះមិនឃើញ
ខ្សែការពារកណ្ដាលដ៏រឹងមាំរបស់ក្លឹបបឹងកេតអង្គរ សុខ សុវណ្ណ បង្ហាញពីជំនឿលើអារម្មណ៍របស់ខ្លួនឯង ដែលអាចរកគ្រាប់បាល់បាន ប្រសិនបើមុនការប្រកួត រូបគេមានអារម្មណ៍ នឹងរកគ្រាប់បាល់បានជូនក្រុម សូម្បីតែគ្រាប់បាល់ដែលជួយបឹងកេតយកឈ្នះប៉ូលិស២-១ ដើម្បីលើកពានលីគកំពូលកម្ពុជា។
ប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះ ជាញឹកញាប់ត្រូវបានគេសម្គាល់ឃើញថា រកគ្រាប់បាល់បានជូនក្រុមជម្រើសជាតិ និងក្នុងក្រុមបឹងកេតជាដើមតាមរយៈការតែតដ៏មានប្រសិទ្ធភាព។ ជាក់ស្ដែងរូបគេបានជួយឲ្យបឹងកេតទទួលបានជោគជ័យនាប្រកួតសំខាន់មួយចំនួន ដូចជាយកឈ្នះភ្នំពេញក្រោន១-០ជាដើម។
បុរសដែលគ្មានបំណងចង់ក្លាយជាកីឡាករបាល់ទាត់កាលនៅក្មេងរូបនេះបានឲ្យដឹងថា រៀងរាល់មុនប្រកួតឲ្យតែមានអារម្មណ៍ថា រកគ្រាប់បាល់បានគឺបានមែន។ វាជាអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ ដែលតែងមានមុនពេលចូលទីលាន។
យុវជនកូនទោលក្នុងគ្រួសាររូបនេះបន្តថា រាល់ប្រកួតដែលរូបគេគិតថា អាចរកគ្រាប់បាននោះភាគច្រើនគឺដៃគូបដិបក្ខមិនបានចាប់អារម្មណ៍ ដើម្បីតាមប្រកៀកនឹងរូបគេនោះទេ ហើយពេលនេាះឱកាសតែងហុចឲ្យរូបគេតែតឬទាត់ចូលជាដើម។ ឱកាសក្នុងការរកគ្រាប់បាល់ទាំងនោះគឺបានមកដោយការបង្កើតដោយខ្លួនឯង។
សុខ សុវណ្ណ កើតនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៩២ មានកម្ពស់ ១.៧៨ម៉ែត្រ។ បច្ចុប្បន្នរូបគេលេងជាខ្សែការពារកណ្ដាលទាំងនៅក្លិបបឹងកេតអង្គរ និងក្រុមជម្រើសជាតិ។ មុនមកលេងឲ្យក្លិបបឹងកេតអង្គរ សុវណ្ណធ្លាប់លេងនៅភ្នំពេញក្រោន។ កីឡាកររូបនេះជាប់ជម្រើសជាតិក្នុងឆ្នាំ២០០៦ និងធ្លាប់តែតបញ្ចូលទីឲ្យជម្រើសជាតិបាន២ គ្រាប់ដែលគ្រាប់ទីមួយតែតបញ្ចូលទីថៃក្នុងកម្មវិធី BIDC Cup ឆ្នាំ ២០១១ ។ ចំណែកគ្រាប់ទី ២ តែតបញ្ចូលទី ឥណ្ឌូណេស៊ី ពានរង្វាន់ស្ដេចប្រ៊ុយណេក្នុងឆ្នាំ ២០១៤៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា