- 2016-09-02 16:25:22
- បាល់ទាត់
ពីរក្រុមដែលគេរំពឹងថា ខ្លាំងនៅលីគទីពីរសាកជើងគ្នាស្អែកនេះ
- 2016-09-02 16:25:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរក្រុមដែលគេរំពឹងថា ខ្លាំងនៅលីគទីពីរសាកជើងគ្នាស្អែកនេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំគីរីវង់សុខសែនជ័យ នឹងបើកទ្វារផ្ទះរបស់ខ្លួននៅមជ្ឈមណ្ឌលកីឡាខេត្តតាកែវស្វាគមន៍ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា វេលាម៉ោង៣:០០រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ ដែលក្រុមទាំងពីរនេះត្រូវបានគេរំពឹងថា ពិតជាខ្លាំងក្នុងការប្រកួតប្រជែងនៅលីគលំដាប់ទី២ របស់កម្ពុជា។
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់អគ្គិសនីកម្ពុជាធ្លាប់បានឲ្យដឹងថា ក្លឹបរបស់លោកគ្រោងរៀបចំទីលានធ្វើឲ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។ ការបង្កើតទីលាននេះ ដើម្បីត្រៀមខ្លួនឲ្យបានល្អចូលលេងលីគទី២ ក្នុងទិសដៅឆ្ពោះទៅលេងលីគកំពូលកម្ពុជា។
ចំណែកឯកឧត្ដម ឌុក វាសនា អគ្គលេខាធិការក្លឹបគីរីវង់សុខសែនជ័យបានឲ្យដឹងថា ជំនួបមិត្តភាពនេះ ដើម្បីបង្កើតមិត្តភាពរវាងក្លឹបរបស់លោក និងក្រុមអគ្គិសនីកម្ពុជាតែប៉ុណ្ណោះ។ គីរីវង់ចំណាយពេលមួយឆ្នាំពេញបង្កើតពានរង្វាន់យុវជនប្រចាំខេត្តតាកែវ ដើម្បីចម្រាញ់យកយុវជនលេចធ្លោក្នុងខេត្តជ្រើសរើសចូលលេងក្នុងយុវជនក្រោមអាយុ ១៩ឆ្នាំគីរីវង់សុខសែនជ័យនេះ ក៏ដើម្បីក្នុងគោលបំណងចូលលេងលីគទី២ផងដែរ។
ក្លឹបបាល់ទាត់យុវជនក្រោមអាយុ ១៩ឆ្នាំគីរីវង់សុខសែនជ័យ និងក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ជាក្រុមដែលបង្កើតឡើងមានគម្រោងចង់ចូលលេងលីគកំពូលរបស់កម្ពុជាដូចគ្នា។ ប៉ុន្តែក្រុមទាំងពីរត្រូវធ្វើយ៉ាងណាប្រជែងដណ្ដើមជើងឯកលីគលំដាប់ទី២ ដែលគ្រោងចាប់ផ្ដើមដើមឆ្នាំ២០១៧៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា