- 2016-08-22 18:30:46
- បាល់ទះ
ក្រុមបាល់ទះក្របខណ្ឌកំពូលកម្ពុជា វិសាខាទៅបង្ហាត់បាល់ទះដល់ស្វាយអន្ទរ
- 2016-08-22 18:30:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទះក្របខណ្ឌកំពូលកម្ពុជា វិសាខាទៅបង្ហាត់បាល់ទះដល់ស្វាយអន្ទរ
ចន្លោះមិនឃើញ
ដោយមើលឃើញពីការខិតខំប្រឹងប្រែងអភិវឌ្ឍកីឡាបាល់ទះស្រុកស្វាយអន្ទរក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ក្រុមបាល់ទះវិសាខាដែលលេងនៅក្របខណ្ឌបាល់ទាត់ជាតិកម្រិតកំពូលបានចុះទៅបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឺះដល់សិស្សសាលាក្នុងស្រុកស្វាយអន្ទរ។
លោក គុន ប៊ុនសាន ជាកីឡាកររបស់វិសាខា បានឲ្យដឹងថា លោកចាប់អារម្មណ៍នឹងបាល់ទះស្វាយអន្ទរ ព្រោះថាក្រុមបាល់ទះសិស្សស្វាយអន្ទរទាំងបុរស-នារីតែងតែទទួលបានចំណាត់ថ្នាក់ល្អក្នុងការប្រកួតកីឡាសិស្សខេត្តព្រៃវែង និងទូទាំងប្រទេស។ សិស្សនៅតាមអនុវិទ្យាល័យទូទាំងស្រុកក៏មានសកម្មភាពលេងយ៉ាងផុលផុសផងដែរ ដូច្នេះហើយលោកក៏បានស្នើសុំឯកឧត្តម ស សុខា ប្រធានកិត្តិយសក្លឹប និងប្រធានក្លឹបលោក គង់ កៃដូ ដើម្បីដឹកនាំក្រុមកីឡាករមួយចំនួន ចំណាយពេលរៀងរាល់ពីរសប្តាហ៍ម្តង ដោយយកថ្ងៃអាទិត្យសម្រាប់ប្រមូលផ្តុំកីឡាករជួបជុំហ្វឹកហាត់។
លោកបន្តទៀតថា ដំបូងឡើយលោកមានបំណងចង់ទៅបង្ហាត់តែម្នាក់ឯងប៉ុណ្ណោះ គឺសាកល្បងប្រមូលផ្តុំក្មេងៗនៅតាមភូមិឃុំក្នុងស្រុកឲ្យងាកមកលេងកីឡាបាល់ទះនៅតាមសាលារៀនក្បែរៗផ្ទះពួកគេ។ លោកក៏សូមសំណូមពរដល់ប្អូនៗសិស្សសាលា និងយុវជនតាមឃុំនានា ឲ្យមកហ្វឹកហាត់បាល់ទះដើម្បីសុខភាពមាំមួន ទទួលយកបច្ចេកទេសថ្មី ក្បួនច្បាប់ និងរបៀបលេងកម្រិតអន្តរជាតិ។ ពិសេសលោកចង់ឃើញបាល់ទះកម្ពុជារីកចម្រើន ដោយផ្តើមចេញពីសិស្សសាលា និងយុវជននៅតាមស្រុកខេត្តទូទាំងប្រទេស។
លោកសង្ឃឹមដែរថា យុទ្ធនាការកីឡាមនុស្សធម៌នេះនឹងឮដល់ឪពុកម្តាយ អាណាព្យាបាលសិស្ស និងគ្រូកីឡា ហើយយល់ព្រមឲ្យពួកគេមកលេងបាល់ទះ ជៀសវាងចំណាយពេលទៅដើរលេង និងសេពគ្រឿង ដែលបង្កជាក្តីកង្វល់ដល់សង្គម។ ចុងក្រោយលោកសំណូមពរដល់សប្បុរសជន សូមចូលរួមជាមួយមូលនិធិមនុស្សធម៌ជាមួយក្រុមលោក ដើម្បីប្រមូលជាកញ្ចប់ថវិកាយកទៅទិញជាឯកសណ្ឋាន សម្ភារៈកីឡា និងវត្ថុអនុស្សារីយ៍សម្រាប់ចែកជូនតាមសាលារៀននៃឃុំនីមួយៗ។ លោកក៏សូមអរគុណដល់លោក នូ សិរី ម្ចាស់តារាងបាល់ទះដែលបានផ្តល់ទីតាំងហ្វឹកហាត់ដោយមិនយកថ្លៃឈ្នួល។
ចំណែកលោក ង៉ូវ សុងងី គ្រូកីឡាប្រចាំវិទ្យាល័យស្វាយអន្ទរ បានលើកឡើងថា លោករីករាយនឹងយុទ្ធនាការកីឡាបាល់ទះមនុស្សធម៌របស់ក្រុមបាល់ទះវិសាខា គឺពិតជាល្អមែនទែន ដោយសារក្រុមកីឡាករចុះទៅបង្ហាត់ផ្ទាល់ក្បែរតំបន់ដែលសិស្ស និងយុវជននៅតាមឃុំទាំងនោះ។ លោកក៏ទទួលបាននូវចំណេះដឹង បច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបញ្ចូលក្នុងកម្មវិធីសិក្សា និងបង្ហាត់ក្រុមកីឡាសិស្សប្រចាំសាលារៀនលោកផងដែរ។ លោកគ្រូកីឡារូបនេះ សំណូមពរជាថ្មីម្តងទៀតដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា បើសិនជាមានវគ្គបណ្តុះបណ្តាល និងវគ្គបំប៉នគ្រូបាល់ទះ សូមផ្តល់ឱកាសឲ្យរូបលោកបានចូលរួមផង។
យុទ្ធនាការនេះនឹងចុះទៅប្រមូលផ្តុំបង្ហាត់ជាលក្ខណៈវិលជុំ ឬប្តូរទីតាំងហ្វឹកហាត់នៅតាមសាលារៀនក្នុងតំបន់នីមួយៗ ដោយក្នុងនោះត្រូវបានបែងចែកជា៣តំបន់គឺ តំបន់ទី១មាន ឃុំស្វាយអន្ទរ ពពឺស អង្គរទ្រេត មេបុណ្យ និងព្រៃខ្លា តំបន់ទី២មាន ឃុំជ្រៃ ជាខ្លាង និងពានរោង ហើយតំបន់ទី៣មាន ឃុំសំរោង ដំរីពួន និងទឹកថ្លា៕
អត្ថបទ៖ សោម សារិទ្ធ