- 2016-08-19 15:14:13
- បាល់ទាត់
ទាំងពលករខ្មែរនៅកូរ៉េនាំគ្នាប្រមូលលុយធ្វើតារាងបាល់ទាត់ដំរីពួន
- 2016-08-19 15:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងពលករខ្មែរនៅកូរ៉េនាំគ្នាប្រមូលលុយធ្វើតារាងបាល់ទាត់ដំរីពួន
ចន្លោះមិនឃើញ
បន្ទាប់ពីគណៈគ្រប់គ្រងសាលាដំរីពួនបានអំពាវនាវដល់អតីតសិស្ស ប្រជាពលរដ្ឋ និងសប្បុរសជន ដើម្បីចូលរួមសាងសង់ទីលានបាល់ទាត់១កន្លែងក្នុងបរិវេណសាលា ក្រុមពលករខ្មែរនៅប្រទេសកូរ៉េ ក៏ដូចជានៅប្រទេសផ្សេងៗ និងប្អូនៗយុវជនបាននាំគ្នាចំណាយប្រាក់តាមលទ្ធភាពរបស់ខ្លួនដើម្បីធ្វើយ៉ាងឲ្យទីលានបាល់ទាត់លេចចេញជារូបរាងនៅសាលាដាច់ស្រយាលមួយនេះ។
ដំណឹងនេះបានឮដល់អតីតសិស្ស និងប្រជាពលរដ្ឋ ហើយពួកគេបានបង្កើតជាមូលនិធីមួយដើម្បីគៀងគរថវិកាគ្នាសម្រាប់ដំណើរការគម្រោងមួយនេះ។ លោក ឡាំ បញ្ញា អតីតសិស្ស និងបច្ចុប្បន្នកំពុងបម្រើការងារជាពលករនៅប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ឃុំដំរីពួនជាស្រុកកំណើតរបស់លោក ក្រោយពីបានលេចឮដំណឹងពីសាលាដែលធ្លាប់រៀន តាមរយៈសហគមន៍កីឡាស្រុកស្វាយអន្ទរ និងក្រោយពីបានអានអត្ថបទចុះផ្សាយដោយគេហទំព័រ Sabay ដោយមើលឃើញសិស្សប្អូនមិនមានតារាងបាល់ទាត់សម្រាប់លេង លោកក៏បានមានគំនិតថា ចង់បង្កើតជាមូលនិធិមួយ ដើម្បីប្រមូលថវិកាយកទៅសាងសង់ទីលានបាល់ទាត់នៅសាលារៀននៅតំបន់ជនបទមួយនេះ។
លោកបន្តទៀតថា លោកបានស្នើសុំថវិកាតាមក្រុមបាល់ទាត់ និងក្រុមបាល់ទះពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងទៅតាមសន្តានចិត្តចូលរួម ក្នុងនោះក្រុមម្ចាស់គណនីFBឈ្មោះ Theney Kaka មានលោក ឃឹម ណៃ និង យឹម ចំរើន បានរាយអង្គាសថវិកាបានចំនួន ៣៤០ ០០០ វ៉ុន ក្រុមបាល់ទាត់ស្នាមញញឹមគូមីបានជួយឧបត្ថម្ភថវិកា៤០ ០០០ វ៉ុន ក្រុមបាល់ទាត់គីមហេ ក្រុងអ៊ុលសាន ថវិកា ៥០ ០០០វ៉ុន ក្រុមបាល់ទាត់ខ្លាសសីនផ្យ៉ង់ជួយថវិកា ៥០ ០០០ វ៉ុន ហើយក្រុមបាល់ទាត់ក្វាងជូ ថវិកា ១០០ ០០០ វ៉ុន។ លោកនឹងបន្តអំពាវនាវទៅកាន់ក្រុមផ្សេងៗទៀតឲ្យជួយទៅតាមលទ្ធភាព។
ចំណែកលោក ទុយ ឃន ដែលបានមករស់នៅក្នុងឃុំដំរីពួនលើកឡើងថា ដំរីពួនជាសាលានៅស្រុកស្រែ ហើយហេដ្ឋារចនាសម្ព័ន្ធនៅខ្វះខាតច្រើន ដូចជាខ្វះអគារសិក្សា សាលាពុំទាន់មានរបងព័ទ្ធជុំវិញ ដូច្នេះហើយលោកក៏បានបង្កើតជាមូលនិធិមួយដើម្បីប្រមូលថវិកាយកទៅជួយសាងសង់ទីលានបាល់ទាត់នោះផងដែរ។ លោកបានចុះទៅមើលឃើញផ្ទាល់នៅសាលារៀននោះ មិនទាន់តារាងលេង ខ្វះសម្ភារៈហ្វឹកហាត់ ជាពិសេសក្មេងក្នុងភូមិលេងបាល់ទាត់នៅតាមវាលស្រែ ហើយបានសំណូមពរលោកឲ្យជួយសាងសង់តារាងបាល់ទាត់ថ្មីមួយ។
លោកថា ថវិកាដែលប្រមូលបានគិតត្រឹមថ្ងៃទី ១៧ សីហា ២០១៦ នេះមានចំនួន ១៩២ ០០០ រៀល និងបាល់ទាត់១គ្រាប់។ លោកទាំងពីរបញ្ជាក់ថា ទីលានបាល់ទាត់ថ្មីនោះមានបណ្តោយ ១១០ ម៉ែត្រ ទទឹង ៨៥ ម៉ែត្រ ស្មើនឹងទំហំ ៩ ៣៥០ ម៉ែត្រការ៉េ ថវិកាគ្រោងចំណាយទៅលើការចាក់ដីបំពេញ និងជួលគ្រឿងចក្រឈូសឆាយទីលាន៖ ២ ៤០០ ០០០រៀល បង្គោលទី១គូ៖ ១ ៤០០ ០០០រៀល សំណាញ់ទី១គូ៖ ២៦០ ០០០រៀល និងបង្គោលជ្រុង៤ដើម៖ ១៦០ ០០០រៀល។ សរុបគម្រោងចំណាយទាំងអស់សម្រាប់កសាងទីលានថ្មីនេះ ៖ ៤ ២២០ ០០០រៀល។ គិតត្រឹមថ្ងៃទី១៩ ខែសីហានេះ ថវិកាប្រមូលបាន២៦២០០០រៀល លុយដុល្លារ១០៥ដុល្លារ លុយវ៉ុន ៦២០០០០វ៉ុន និងបាល់៤គ្រាប់។
លោកទាំងពីរសូមអំពាវនាវដល់សប្បុរសជន អតីតសិស្ស ប្រជាពលរដ្ឋ មេត្តាចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈកីឡា ដើម្បីឲ្យសិស្សសាលា និងប្រជាពលរដ្ឋនៅដំរីពួនមានតារាងបាល់ទាត់លេង ហើយក្មេងៗអាចលេងដើម្បីបំពេញបំណងរបស់ពួកគេ។ អនុវិទ្យាល័យដំរីពួន ស្ថិតនៅភូមិចម្ការគួយលិច ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទំនាក់ទំនងសួរលោក ទុយ ឃន ០៩២ ៩២៦ ១៧៨ លោក ឡាំ បញ្ញា នៅកូរ៉េខាងត្បូង +៨២ ១០ ២៩៧០ ៩៤៩៩៕
អត្ថបទ៖ សោម សារិទ្ធ រូបថត៖ ផ្តល់ឲ្យ