- 2016-08-18 16:00:38
- បាល់ទាត់
ក្រុមបាល់ទាត់ EDC នឹងបង្កើតទីលានស្តង់ដារផ្ទាល់ខ្លួនត្រៀមលីគទី២
- 2016-08-18 16:00:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទាត់ EDC នឹងបង្កើតទីលានស្តង់ដារផ្ទាល់ខ្លួនត្រៀមលីគទី២
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា (EDC ) បង្ហើបគម្រោងក្នុងការបង្កើតទីលានបាល់ទាត់ផ្ទាល់ខ្លួនស្ថិតនៅសង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវក្រុងភ្នំពេញ ដែលទីលាននោះ នឹងធ្វើឡើងកម្រិតស្តង់ដារឲ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សម្រាប់ប្រើប្រាស់ចូលរួមលេងលីគទី២ របស់កម្ពុជា ។
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់អគ្គិសនីកម្ពុជាបានឲ្យដឹងថា ក្រុមរបស់លោកបានចុះកុងត្រារួចរាល់ជាមួយក្រុមហ៊ុនមួយ ក្នុងការសាងសង់ទីលានបាល់ទាត់ផ្ទាល់ខ្លួន ដែលមានទីតាំងនៅតំបន់ខាងលើ។ គម្រោងរបស់ EDC គឺធ្វើទីលានបាល់ទាត់មួយដែលត្រូវតាមកម្រិតស្តង់ដារ មានទាំងកន្លែងស្នាក់នៅរបស់កីឡាករ កន្លែងអង្គុយទស្សនា និងបំពាក់ភ្លើងបំភ្លឺជាដើម។
គ្រូបង្វឹកធ្លាប់ជួយបឹងកេតឲ្យលើកពានលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១២រូបនេះបន្តថា ជំហានដំបូងគឺសាងសង់តែទីលានសិនសម្រាប់ការប្រកួត ក្រោយធ្វើជំហាននេះរួច នឹងចាប់ផ្ដើមធ្វើកន្លែងអង្គុយ ឬកន្លែងផ្សេងៗទៀតតាមក្រោយ ហើយស្មៅវិញគឺដាំស្មៅធម្មជាតិ។ ការចូលរួមលេងលីគរបស់ EDC ក្នុងគោលបំណងធំពីរគឺចូលរួមលើកកម្ពស់វិស័យបាល់ទាត់ និងធ្វើយ៉ាងណារំកិលខ្លួនបានលេងនៅលីគលំដាប់កំពូលរបស់កម្ពុជា។
បងប្រុសបង្កើតលោក ប្រាក់ សុវណ្ណារ៉ា ខាងលើបន្ថែមថា ពេលវេលាសាងសង់លោក មិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុនដែលបានចុះកុងត្រារួចរាល់នោះ នឹងបើកការសាងសង់ពេលណានោះទេ។ ប៉ុន្តែក្រុមបាល់ទាត់របស់លោកបានកំណត់ពេលវាជាក់លាក់ថា ទីលានត្រូវតែរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីបម្រើសម្រាប់ការហ្វឹកហាត់ ក្នុងការត្រៀមខ្លួនឲ្យបានល្អចូលលេងលីគទី២។
ក្រុមបាល់ទាត់ EDC ជាក្រុមបាល់ទាត់ទី២ បន្ទាប់ពីគីរីវង់សុខសែនជ័យ ដែលគ្រោងចូលរួមលេងលីគទី២របស់កម្ពុជា មានទីលានប្រើប្រាស់ផ្ទាល់ខ្លួន៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា រូបថត៖ EDC