- 2016-08-16 18:50:18
- បាល់ទាត់
ឪពុក ទៀត គីមហេង សុំទោសសហព័ន្ធបាល់ទាត់ រឿងយល់ច្រឡំថ្ងៃមុន
- 2016-08-16 18:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុក ទៀត គីមហេង សុំទោសសហព័ន្ធបាល់ទាត់ រឿងយល់ច្រឡំថ្ងៃមុន
ចន្លោះមិនឃើញ
លោក ទៀត ចំរើន ឪពុករបស់កីឡាករ U16 កម្ពុជា ទៀត គីមហេង បាននិយាយសុំទោសសហព័ន្ធបាល់ទាត់កម្ពុជា ចំពោះសម្ដីរបស់លោកដែលបានយល់ច្រឡំទៅលើឯកឧត្តម សៅ សុខា អំឡុងពេលញ៉ាំអាហារជុំគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។
ឯកឧត្តម សៅ សុខា
ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានកោះហៅអាណាព្យាបាលនិងក្រុមកីឡាករ U16 កម្ពុជាទាំងអស់ ដើម្បីញ៉ាំអាហារជុំគ្នាម្ដង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ក្នុងឱកាសនោះដែរ ឯកឧត្ដម បាននិយាយរឿងរ៉ាវជាច្រើនទាក់ទងនិងវិស័យបាល់ទាត់នៅកម្ពុជា បូករួមទាំងការបណ្ដុះបណ្ដាលថ្នាលយុវជនផងដែរ ដោយប្រើពេលជិត១ម៉ោងឯណោះ។
ក្រោយមកដោយមានការស្ដាប់ច្រឡំតិចតួច លោក ទៀត ចំរើន បានផ្ញើសារមិនសមរម្យទៅលើសហព័ន្ធបាល់ទាត់កម្ពុជា(រូបខាងលើ)។ ដោយក្នុងសារនោះ មាន២ចំណុចសង្កត់ធ្ងន់ជាងគេ ដោយចំណុចទី១ ចោទថាសហព័ន្ធមើលងាយឪពុកម្ដាយកីឡាករ ដែលគ្មានប្រាក់មកចិញ្ចឹមកូនឱ្យបានរៀនសូត្រ។ ចំណុចទី២ គឺនិយាយថាក្រុមរដ្ឋបាលកំពុងតែកេងប្រវ័ញ្ចញើសឈាមក្រុមកីឡាករ U16 កម្ពុជា។
លោក ទៀត ចំរើន
ដើម្បីជាការបកស្រាយរឿងមិនគួរឱ្យកើតមាននេះ សហព័ន្ធបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា ផ្ទាល់បានបើកសន្និសីទកាសែតមួយកាលពីព្រឹកមិញនេះ ហើយក៏អញ្ជើញលោក ទៀត ចំរើន មកនិយាយគ្នាផងដែរ។ ក្នុងសន្និសីទកាសែតនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានពន្យល់ថា៖
១. រឿងចោទថាសហព័ន្ធមើលងាយក្រុមគ្រួសារកីឡាករ
លោក គល់ សុផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបកស្រាយថានៅពេលឯកឧត្តម សៅ សុខា បាននិយាយនោះ មិនមែនសំដៅទៅលើការមើលងាយដល់ក្រុមគ្រួសារកីឡាករនោះទេ។ ដោយឯកឧត្ដម គ្រាន់តែចង់បញ្ជាក់ថាសហព័ន្ធបានជួយដល់កីឡាករក្មេងៗនេះ បានច្រើន ទាំងផ្ដល់កន្លែងរៀនសូត្រនិងពង្រឹងបន្ថែមទៅលើមុខវិជ្ជាណាដែលពួកគេមិនចេះថែមទៀត។ នេះអាចបញ្ជាក់ថាសហព័ន្ធយកចិត្តទុកដាក់ខ្លាំងដល់ក្មេងៗនៅបាទី ដែលសឹងតែអាណាព្យាបាលកីឡាករខ្លះដែលនៅខេត្តឆ្ងាយៗធ្វើមិនបាន។ ពាក្យទាំងនេះ មិនមែនសំដៅទៅមើលងាយ មើលថោកដល់ក្រុមគ្រួសារកីឡាករណាម្នាក់ឡើយ។
លោក គល់ សុផាន់ណា
២. រដ្ឋបាលកំពុងកេងប្រវ័ញ្ចញញើសឈាមកីឡាករ U16
ត្រង់ចំណុចនេះ លោក គល់ សុផាន់ណា បានបញ្ជាក់ថាមានការយល់ច្រឡំច្រើន ដែលលោក ទៀត ចំរើន មិនបានយល់ ពោលគឺកាលពីថ្ងៃជប់លៀងនោះ សហព័ន្ធពិតជាបានផ្ដល់ប្រាក់ឧបត្ថម្ភខ្លះដល់ក្រុមគ្រួសារកីឡាករមែន ដើម្បីធ្វើដំណើរ។ តែដោយសារតែមានការយឺតយ៉ាវតិចតួច ទើបបណ្ដាលឱ្យ លោក ទៀត ចំរើន មានការយល់ច្រឡំថាបុគ្គលិកសហព័ន្ធចង់លេបលុយទុក។
ទៀត គីមហេង
ក្រោយពីមានការនិយាយវែកញែកគ្នា និងយល់រៀងៗខ្លួនមក លោក ទៀត ចំរើន ដែលមានតួនាទីជាមន្ត្រីទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ នោះក៏បានយល់ថាខ្លួននិយាយលើសបន្តិច ហើយក៏សូមទោសដល់ខាងឯកឧត្តម សៅ សុខា ដើម្បីជាការសម្រួលគ្នាវិញ។ ខណៈដែលសហព័ន្ធក៏បានយល់ព្រម ហើយយល់ចំពោះអ្វីដែលលោក ទៀត ចំរើន កំពុងធ្វើ ក្នុងគោលបំណងតែមួយគត់ ចង់ឱ្យវិស័យបាល់ទាត់កម្ពុជារីកចំរើនទៅមុខ៕
អត្ថបទ៖ មុន្នី រម្យ