- 2016-08-16 17:01:55
- បាល់ទាត់
ស្រុកកំចាយមារអាចជាទីកន្លែងរៀបចំការប្រកួតកីឡាកម្រិតខេត្តបាន
- 2016-08-16 17:01:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រុកកំចាយមារអាចជាទីកន្លែងរៀបចំការប្រកួតកីឡាកម្រិតខេត្តបាន
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុមបាល់ទាត់របស់ខ្លួនបង្ហាញខ្លួនគួរឲ្យកោតសរសើរក្នុងព្រឹត្តិការណ៍ពានរង្វាន់ ស ខេង ព្រៃវែង ២០១៦កន្លងទៅថ្មីៗនេះ ស្រុកកំចាយមារត្រូវបានគេមើលឃើញអាចជាទីកន្លែងសម្រាប់រៀបចំការប្រកួតកីឡាថ្នាក់ខេត្តបាននាពេលឆ្នាំខាងមុខៗ។
កន្លងមកស្រុកមួយនេះពុំធ្លាប់បានរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្តឡើយ ប៉ុន្តែបើពិនិត្យមើលពីហេដ្ឋារចនាសម្ព័ន្ធកីឡា និងក្រុមកីឡានាពេលបច្ចុប្បន្ន គេអាចវាយតម្លៃបានថា អាចទទួលរៀបចំការប្រកួតកម្មវិធីប្រកួតកីឡាសិស្សនិស្សិតកម្រិតខេត្តបាន។
ជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង១៣ និងស្ថិតនៅភាគឦសាននៃខេត្តព្រៃវែង ចម្ងាយ១១៦គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៨ កំចាយមារតែងតែបញ្ជូនក្រុមកីឡារបស់ខ្លួនទៅចូលរួមប្រកួតកីឡាសិស្សនិស្សិតថ្នាក់ខេត្តពុំដែលអាក់ខានឡើយ ហើយកីឡាដែលមានសក្តានុពលរបស់ស្រុក គឺបាល់ទះ និងបាល់ទាត់។
ទីលានកីឡាប្រមូលផ្តុំដ៏សំខាន់ប្រចាំស្រុកមាន២កន្លែង គឺវិទ្យាល័យកំចាយមារមានតារាងបាល់ទាត់ បាល់ទះ និងសាកលវិទ្យាល័យកំចាយមារមានតារាងបាល់ទាត់ស្តង់ដារដែលធ្លាប់រៀបចំវគ្គជម្រុះពានរង្វាន់ ហ៊ុន សែន ម្តងកាលពីឆ្នាំ២០១៣។ ក្រៅពីនេះ ក៏មានតារាងបាល់បោះ២កន្លែង សាលកីឡដ្ឋាន១កន្លែង តែមិនទាន់មានកន្លែងអង្គុយ។
លោក សៅ សុជីតា ប្រធានក្រុមបាល់ទាត់ស្រុកកំចាយមារបាននិយាយថា បើសិនជាការប្រកួតរៀបចំនៅទឹកដីស្រុកកំចាយមារ ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត ពិតសប្បាយចិត្តមែនទែន។ លោកថា កំចាយមារអាចទទួលធ្វើជាម្ចាស់ផ្ទះបាន បើទោះបីមានចំណុចខ្វះខាតមួយចំនួនក៏ដោយ ដូចជាខ្វះខាតក្រុមអាជ្ញាកណ្ដាល ខ្វះខាតតារាងសីដក់ តារាងប៊ូលទើបតែចាក់ដី ក្លឹបកីឡាមានដំបូលតែអត់មានកន្លែងអង្គុយ។ តារាងបាល់ទាត់មិនទាន់សាងសងកន្លែង វេទិកា គណៈអធិបតី កន្លែងសម្រាប់គ្រូ និងកីឡាករអង្គុយ។
កាលពីថ្ងៃទី៧ ខែសីហា ២០១៦កន្លងទៅថ្មីៗនេះ ក្រុមបាល់ទាត់ស្រុកកំចាយមារទទួលបានចំណាត់ថ្នាក់លេខ២នៃពានរង្វាន់ ស ខេង ព្រៃវែង ២០១៦ ធ្វើឲ្យប្រជាពលរដ្ឋបានកោតសរសើរក្រុមមួយនេះថា មានបច្ចេកទេសលេង និងសហការគ្នាបានល្អ៕
អត្ថបទ៖ សោម សារិទ្ធ