- 2016-07-20 03:22:10
- បាល់ទាត់
ជយោ! U16 កម្ពុជា បង្កើតប្រវត្តិសាស្ត្រឡើងវគ្គ៤ក្រុមចុងក្រោយជាលើកដំបូង
- 2016-07-20 03:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជយោ! U16 កម្ពុជា បង្កើតប្រវត្តិសាស្ត្រឡើងវគ្គ៤ក្រុមចុងក្រោយជាលើកដំបូង
ចន្លោះមិនឃើញ
ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម U16ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូង ដោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U16 Championship 2016 ក្រោយបំបាក់ក្រុមទីម័រខាងកើតដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញដែលបានធ្វើអ្នកគាំទ្របាល់ទាត់កម្ពុជា និងពលរដ្ឋកម្ពុជាមានមោទនភាពយ៉ាងខ្លាំង។
U16 កម្ពុជា
ការប្រកួតនៅតង់ទីមួយ យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំគ្រប់គ្រងបាល់បានល្អ និងមានឱកាសនាំបាល់ចូលតំបន់គ្រោះថ្នាក់របស់យុវជនទីម័រខាងកើតបានច្រើនជាង។ ៥នាទីដំបូងU16 កម្ពុជាសម្រុកយ៉ាងខ្លាំងរហូតទទួលបានបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីស៊ុតប៉ះចំដៃរបស់កីឡាករទីម័រខាងកើត។ ប្រធានក្រុម យុើ សាហ្វី ស៊ុតបាល់ពិន័យបានសម្រេចតាំងពីនាទីទី៥ដែលលទ្ធផលនាំមុខ១-០ នេះរក្សារហូតចប់តង់ទីមួយ។ ចំពោះក្រុមទីម័រវិញមិនអាចទម្លាយរបាំងការពាររបស់យុវជនកម្ពុជាបានឡើយព្យាយាមលេងខ្ពស់ និងដាច់មាត់ច្រើនជាង។
សម្រាប់ការប្រកួតតង់ទីពីរ ក្រុមយុវជនកម្ពុជានៅតែធ្វើបានល្អដោយវាយលុករហូតរកបាន២គ្រាប់បន្ថែមទៀត។ ការប្រកួតដល់នាទីទី៥៥ យុវជនមកពីភ្នំពេញក្រោន ម៉ៅ ពិសិដ្ឋ ស៊ុតចូលបាន១គ្រាប់ និងកីឡាកររូបនេះដដែលស៊ុតចូលបាន១គ្រាប់ទៀតនៅនាទីទី៥៨។ ចំណែកយុវជនទីម័រខាងកើតបានព្យាយាមវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែមិនសូវមានឱកាសស៊ុតមុខទីរបស់កម្ពុជាឡើយ។ បើទោះជានាំបាល់ទៅដល់តំបន់គ្រោះថ្នាក់របស់កម្ពុជាក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ទីម័រធ្វើមិនបានសម្រេច។ ចប់ការប្រកួតកម្ពុជាឈ្នះទីម័រខាងកើត ៣-០។
ការបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនេះ យុវជនកម្ពុជាទទួលបានជ័យជម្នះ៣ប្រកួត និងចាញ់១ប្រកួតដោយរកបាន៩ពិន្ទស្ថិតនៅលេខ២នៃពូល B ខណៈលេខ១គឺក្រុមយុវជនថៃ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យុវជនម្ចាស់ផ្ទះកម្ពុជាជួបក្រុមយុវជនវៀតណាម ហើយក្រុមយុវជនថៃត្រូវជួបក្រុមយុវជនអូស្ត្រាលី៕
អត្ថបទ៖ មុន្នី រម្យ