- 2016-07-19 17:33:53
- បាល់ទាត់
ស្វាយអន្ទរខំប្រឹងរហូតបង្កើតបានទីលានប៉េតង់ផ្ទាល់ខ្លួន១ហើយ
- 2016-07-19 17:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយអន្ទរខំប្រឹងរហូតបង្កើតបានទីលានប៉េតង់ផ្ទាល់ខ្លួន១ហើយ
ចន្លោះមិនឃើញ
រយៈពេលត្រឹមតែបីខែក្រោយបង្កើតក្រុមក្លឹបប៉េតង់ស្វាយអន្ទរបានខិតខំព្យាយាមអភិវឌ្ឍខ្លួនទាំងត្រដាបត្រដួសរហូតឈានដល់កសាងទីលានប៉េតង់ខ្លួនឯងថែមទៀតសម្រាប់ការហ្វឹកហាត់ និងរៀបចំការប្រកួតនានា។
ទីលានប៉េតង់ថ្មី
លោក គង់ សុខលេង នាយករងទទួលបន្ទុក ផ្នែកយុវជនកីឡា និងបរិស្ថាននៃវិទ្យាល័យស្វាយអន្ទរ ខេត្តព្រៃវែង រៀបរាប់ថា ដំបូងឡើយសាលាគ្រាន់តែបញ្ជូនក្រុមកីឡាប៉េតង់ទៅចូលរួមប្រកួតកីឡាសិស្សថ្នាក់ខេត្ត ហើយទទួលបានមេដាយសំរឹទ្ធ១គ្រឿងប៉ុណ្ណោះពីប្រភេទវិញ្ញាសាវាយជាក្រុមបុរស ៣នាក់ទល់នឹង៣នាក់។
លោកថា ៖«យើងចាប់ផ្តើមដោយគ្មានតារាងហ្វឹកហាត់ សូម្បីគ្រាប់ប៊ូលប្រកួតផ្លូវការក៏គ្មានផង។ ផលលំបាកមួយទៀតនោះគឺ ប្អូនៗត្រូវចំណាយថវិកាជួលតារាងឯកជន និងចំណាយពេលធ្វើដំណើរទៅហ្វឹកហាត់ និងលេងស្ទើររាល់ថ្ងៃទាំងមិនមានគ្រូបង្ហាត់»។
ឆ្លើយតបតាមការស្នើសុំរបស់សាលា ហើយមើលឃើញពីផលលំបាកនានា និងដោយទឹកចិត្តស្រឡាញ់អាណិតអាសូរដល់ប្អូនៗ លោកស្រី លីលី សប្បុរសជននៅរាជធានីភ្នំពេញបានបរិច្ចាគថវិកា ២០០០០០០រៀល ដើម្បីសាងសង់ទីលានប៉េតង់អត់ដំបូលចំនួន១ ដែលមានបណ្តោយ១៦ម៉ែត្រ ទទឺង៥ម៉ែត្រ ដោយចាក់ដីកម្ពស់២០សង្ទីម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលា ដោយចាប់ផ្តើមកសាងកាលពីថ្ងៃទី ២៤ ខែឧសភា ២០១៦ និងរួចរាល់នៅថ្ងៃទី ១១ ខែកក្កដា ២០១៦។
ទីលានប៉េតង់ថ្មី
លោកគ្រូ សុខលេងបន្តថា ភាពយឺតនៃការកសាងទីលានប៉េតង់នេះ បណ្តាលមកពីកង្វះខាតគ្រឿងសំណង់មួយចំនួន គ្រឿងចក្រស្ថាបនា និងភ្លៀងធ្លាក់ជាបន្តបន្ទាប់។ បន្ទាប់ពីការសាងសង់រួចរាល់ លោកនឹងរៀបចំដាំដើមឈើដើម្បីអាចផ្តល់ម្លប់ ហើយនឹងស្នើសុំកៅអីអង្គុយទាំងមានដំបូលនិងអត់ដំបូលមួយចំនួនជុំវិញទីលានប៉េតង់ពីក្រុមហ៊ុននានា និងប្រជាពលរដ្ឋក្នុងសហគមន៍។
លោកសូមស្នើសុំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បណ្តាក្រុមហ៊ុន សប្បុរសជន អតីតសិស្ស និងប្រជាពលរដ្ឋសូមជួយឧបត្ថម្ភជាគ្រាប់ប៊ូលប្រកួតផ្លូវការ ឯកសណ្ឋាន សម្ភារៈសម្រាប់ហ្វឹកហាត់ និងបន្តជួយដល់វិស័យកីឡានៅវិទ្យាល័យស្វាយអន្ទរបន្ថែមទៀត ព្រោះសាលានៅខ្វះទីលានប៉េតង់៣តារាង តុ និងសម្ភារៈ កីឡាវាយកូនឃ្លី៣ឈុត តារាងសីប៉ាកតាក្រ ១កន្លែង និងតារាងកីឡាវាយសី១កន្លែង៕
អត្ថបទ៖ សោម សារិទ្ធ