• 2016-07-10 16:47:40
  • បាល់ទាត់

Ferdinand៖ ​"ទោះ Ronaldo ឈ្នះ​ពាន​ Euro 2016 ក៏​នៅ​តែ​មិន​លើ​ Messi ប៉ុន្តែ..."

  • 2016-07-10 16:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand អតីត​ខ្សែ​ការពារ​ក្រុម​ Manchester United ​បាន​លើក​ឡើង​ថា ទោះ​បី​ Cristiano Ronaldo ​​ឈ្នះ​ពាន​ Euro 2016 ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​យប់​នេះ​ ក៏​មិន​​អាច​និយាយ​​​បាន​ថា ជា​កីឡាករ​ល្អ​បំផុត​លើ​លោក លើ​ Lionel Messi ​ដែរ ប៉ុន្តែ​​វា​ជា​​ជោគជ័យ​ដ៏​ធេង​បំផុត​សម្រាប់​រូប​គេ។

 

Rio Ferdinand អតីត​ខ្សែ​ការពារ​ក្រុម​ Manchester United

 

Lionel Messi របស់​ក្លឹប​ FC Barcelona ​មិន​ដែល​ឈ្នះ​ពាន​ធំៗ​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ទេ ដោយ​ឡើង​ផ្ដាច់ព្រ័ត្រ​៤​ដង ចាញ់​ទាំង​៤​ដង និង​ចាញ់​ Copa America 2016 កាល​ខែ​មុន ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ថែម​ទៀត។ រីឯ​ Ronaldo ​របស់​ក្លឹប​ Real Madrid វិញ​ ​ក៏​មិន​ដែល​ឈ្នះ​ពាន​អ្វី​ជាមួយ​ក្រុម​ព័រទុយហ្គាល់​​ដែរ​ ដោយ​ធ្លាប់​លើក​ផ្ដាច់ព្រ័ត្រ Euro 2004 ម្ដង តែ​ចាញ់​ដូច​គ្នា។

 

Lionel Messi កាល​ចាញ់​ Copa America 2016

 

យ៉ាងណា​មិញ សម្រាប់​ផ្ដាច់ព្រ័ត្រ​ Euro 2016 រវាង​ព័រទុយហ្គាល់​ ទល់​នឹង​ម្ចាស់​ផ្ទះ​បារាំង​នៅ​យប់​នេះ​ ធ្វើ​ឲ្យ​មាន​មតិ​ខ្លះ​ជឿ​ថា នេះ​ជា​ឱកាស​របស់​ CR7 ដែល​នឹង​ត្រូវ​បាន​គេ​យល់​ឃើញ​​ថា ជា​កីឡាករ​កំពូល​លើ​លោក​​ លើ​ Messi បើ​អាច​ជួយ​ព័រទុយហ្គាល់​ លើក​ពាន​ Euro 2016 យប់​នេះ​បាន។ ប៉ុន្តែ​សម្រាប់​ Ferdinand ដែល​ជា​​​អតីត​មិត្ត​រួម​ក្រុម​​របស់​ Ronaldo កាល​នៅ​ក្រុម​បិសាច​ក្រហម​ ​មិន​យល់​ឃើញ​ដូច​នោះ​ទេ។

 

“បើ​ Ronaldo ឈ្នះ​ពាន​ Euro 2016...វា​ជា​ជោគជ័យ​ដ៏​ធំ​បំផុត​សម្រាប់​គាត់។ ខ្ញុំ​​គិត​​ថា វា​មិន​​ជួយ​ឲ្យ​គាត់​លើ​ Messi ក្នុង​​ការ​​ប្រជែង​គ្នា​ថា​នរណា​​ស័ក្ដិសម​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​នោះ​ទេ ប៉ុន្តែ​​ជា​សមិទ្ធផល​ដ៏​ធំ​ធេង​សម្រាប់​រូប​គាត់”។ Ferdinand វ័យ​៣៧​ឆ្នាំ​ បាន​លើក​ឡើង៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

មតិយោបល់