• 2016-06-28 18:22:04
  • បាល់ទាត់

ស្វាយ​អន្ទរ​​​បញ្ជូន​​កីឡា​​៤​ ប្រភេទ​ដណ្តើម​ពាន​ សសយក​ ខេត្ត​​ព្រៃ​វែង​

  • 2016-06-28 18:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

​ស្រុក​ស្វាយ​អន្ទរ​​ខេត្ត​ព្រៃវែង ​បាន​សម្រេច​បញ្ជូន​កីឡា​​៤​ប្រភេទ​រួម​មាន​ បាល់ទាត់​ បាល់ទះ អត្តពលកម្ម និង​ស៊ីដក់​ ​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង (សសយក) ដែល​ចាប់ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី១០ កក្កដា ដល់​ថ្ងៃ​ទី៨ ​ខែ​សីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

​លោក ​កែវ ​ពិសី អភិបាលរង​ស្រុក​ស្វាយ​អន្ទរ​មានប្រសាសន៍ថា ពានរង្វាន់ (សសយក) ជា​ព្រឹត្តិការណ៍​កីឡា​មហាជន​ធំ​សម្រាប់​ខេត្ត​ព្រៃវែង​ ពី​ព្រោះ​មាន​រយៈ​ពេល​យូរ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដោយ​សារ​គណៈកម្មការ​រៀបចំ​​ការ​ប្រកួត​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូល​រួម​ច្រើន។ ​​ក្រុម​ទាំង​១៣​ស្រុក​សំបូរ​ទៅ​ដោយ​​កីឡាករ ​មាន​សមត្ថភាព​ខ្លាំង​ៗ។

 

​​​អភិបាល​រង​រូប​នេះ​បន្ត​ថា លោក​បាន​រៀប​ចំ​ឯក​សណ្ឋាន​រួចរាល់​ហើយ សម្រាប់​បាល់​ទាត់​បុរស និង​អត្តពល​កម្ម​ នៅ​តែ​ឯក​សណ្ឋាន​បាល់ទះ​បុរស និង​សីដក់​បុរស​ប៉ុណ្ណោះ។ ចំណែក​​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ពាក្យ​សុំ​ចូលរួម​ប្រកួត​វិញ​ លោក​បាន​បញ្ជូន​ទៅ​លោក គង់ សុខ​លេង នាយករង​វិទ្យាល័យ​ស្វាយ​អន្ទរ ដើម្បី​សហការ​ជួយ​ពន្លឿន​បំពេញ ប្រវត្តិរូប​អត្តពលិក​ជា​សិស្ស ដែល​ត្រូវ​ចូល​រួម​ប្រកួត​។

 

​លោក​បន្ថែម​ថា ចំពោះ​អត្តពលិក​មិនមែន​ជា​សិស្ស ដែល​មាន​គ្រួសារ ឬ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ​ក្នុង​ស្រុក​​មួយ​នេះ លោក​នឹង​រៀបចំ​ឯកសារ​ឲ្យ​រួចរាល់​មុន​ថ្ងៃ​ឈប់​ទទួល​ពាក្យ ចៀស​វាង​ការ​ប្តឹង​តវ៉ា ឬ​កើត​ភាព​អសកម្ម​ណា​មួយ​ពី​ក្រុម​គូ​ប្រកួត។ ក្នុងចំណោម​៤​ប្រភេទ​កីឡា​ដែល​នឹង​ចូល​រួម​ប្រកួត កីឡា​បាល់ទះ​បុរស និង​រត់​ចម្ងាយ​នារី​មាន​សង្ឃឹម​អាច​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ល្អ។

 

លោក កែវ ពិសី សង្កត់​ធ្ងន់​ថា រយៈ​ពេល​ប្រកួត​ច្រើន​ថ្ងៃ ដូច្នេះ​មាន​បញ្ហា​ខ្លះ ដែល​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ ដូច​ជា​អាហារ​ហូប​ចុក ការ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ​របស់​កីឡាករ​កំឡុង​ការ​ប្រកួត។ ប៉ុន្តែ​​បញ្ហា​នេះ​ខាង​គណៈកម្មការ​រៀបចំ​កា​ប្រកួត (សសយក) នឹង​ប្រជុំ​ពិភាក្សា​ដោះស្រាយ។

 

លោក​អភិបាលរង​​ស្រុក សំណូមពរ​ដល់​សប្បុរស​ជន​នានា និង​ប្រជាពលរដ្ឋ​ស្រុក​ស្វាយអន្ទរ ​សូម​ជួយ​ឧបត្ថម្ភ​ឯក​សណ្ឋាន​បាល់ទះ​បុរស១ឈុត (អាវវាលក្លៀក) និង​ថវិកា​តាម​លទ្ធភាព។ ​ក្នុង​ការ​ជួយ​ ​សម្រួល​ដល់​ការ​ចំណាយ​របស់​ក្រុម​កីឡា​ស្រុក​ស្វាយ​អន្ទរ​ផ្ទាល់​តែ​ម្ដង។

 

​បាល់ទះ​បុរស​​របស់​ស្រុក​ស្វាយ​អន្ទរ​ធ្លាប់​ដណ្ដើម​បាន​លេខ​១ ចំនួន​៣ដង និង​លេខ ៣​ចំនួន ១ដង ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​កន្លង​មក​ ខណៈ​​​រត់​ចម្ងាយ​នារី​បាន​លេខ១ ជើង​ឯក​សិស្ស​មធ្យម​សិក្សា​ទូទាំង​ខេត្ត​ព្រៃវែង។ ​ស្រប​ពេល​បាល់ទាត់ និង​សីដក់​បុរស​វិញ​មាន​សង្ឃឹម​តិចតួច ដោយ​សារ​កីឡាករ​ភាគច្រើន​ជា​សិស្ស​សាលា និង​មិន​មាន​គ្រូ​បង្ហាត់៕

អត្ថបទ៖ សោម សារិទ្ធ​
មតិយោបល់
អត្ថបទថ្មី