• 2016-06-13 17:17:10
  • ព័ត៌មាន

Pisnoka FC ​ទើប​បង្កើត ​តែ​មាន​សមត្ថភាព​លើក​ពាន KMH Cup

  • 2016-06-13 17:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Pisnoka FC ​ក្រោម​ការ​ដឹក​នាំ​របស់​លោក កិច វីរីយ៉ាន ​បាន​លើក​ពាន​មួយ​ហើយ​គឺ KMH Cup ​ក្រោយ​ពី​ឈ្នះ​ក្រុម Lan Property ​ដោយ​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។

 

 

ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​ស្វិតស្វាញ​រវាង​ក្រុម Pisnoka FC ​និង​ Lan Property ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​មែនទែន ព្រោះ​សមត្ថភាព​រវាង​ក្រុម​ទាំង​ពីរ ​ត្បិត​តែ​មិន​មែន​ជា​ក្រុម​អាជីព ​ប៉ុន្តែ​អាច​លេង​ស៊ី​ចង្វាក់​និង​ស៊ុត​មិន​សំចៃ​ជើង​នោះ​ទេ។ យ៉ាង​ណា​មិញ ​ក្រុម Pisnoka ​នៅ​តែ​អាច​រក​ជ័យជម្នះ​បាន​ដដែល ​ដោយ​តង់​ទី​២ ​ស៊ុត​បាន​២​គ្រាប់ ​បញ្ចប់​ក្ដី​សង្ឃឹម​ការពារ​តំណែង​ជើង​ឯក​របស់ LAN Property។

 

លោក កិច វីរីយ៉ាន អ្នកចាត់ការ​ទូទៅ​ក្លឹប Pisnoka FC

 

ក្រោយ​លើក​ពាន​ជា​លើក​ដំបូង​នេះ​ដែរ លោក កិច វីរីយ៉ាន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ក្រុម​របស់​ខ្ញុំ​ធ្វើ​បាន​ល្អ ដោយ​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​លើក​ពាន KMH Cup ​នេះ​បាន។ ​ខ្ញុំ​មាន​អារម្មណ៍​​រីករាយ និង​សូម​ធ្វើការ​អប​អរ​ចំពោះ​ក្រុម​ Pisnoka របស់​យើង ដែល​ធ្វើបាន​ល្អ​ពិសេសក្នុង​តង់​ទី ២។ យើង​បាន​រង​សម្ពាធ​ខ្លាំង​ក្នុង​តង់ទី ១ ប៉ុន្តែយើង​បាន​កែប្រែ​ស្ថាន​ភាពការ​ប្រកួត​បាន​ល្អ​វិញ​ក្នុង​តង់ទី ២ ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី ២ គ្រាប់ និង​ដើម្បី​ឈ្នះ​ពាន​នេះ”។

 

អ្នក​ចាត់ការ​វ័យ​ក្មេង​ខាង​លើ ​បាន​បន្ដ​ថា​ក្រុម​របស់​ខ្លួន​ទើប​តែ​បង្កើត​បាន​២​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​កីឡាករ​ទាំង​អស់​មាន​ទំនុក​ចិត្ត​ខ្ពស់ ​បូក​ផ្សុំ​ជាមួយ​ការ​ខំ​ប្រឹងប្រែង​ទៀត ទើប​អាច​មាន​ដល់​ថ្ងៃ​នេះ។ ទៅ​ថ្ងៃ​មុខ ​ក្រុម Pisnoka FC ​នឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​ឱ្យ​កាន់​តែ​ខ្លាំង​ជាង​នេះ។

 

សមាជិក​ក្រុម Pisnoka FC

 

ពាន​រង្វាន់ KMH Cup ​បង្កើត​បាន​៣​រដូវ​កាល​មក​ហើយ ដោយ​រដូវ​កាល​ទី​៣​នេះ ​មាន​ក្រុម​ចូល​រួម​ចំនួន​១៤​ក្រុម ដោយ​ប្រើ​រូបមន្ត​លេង​១០​នាក់។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​មួយ​ដែល​ក្រុម Pisnoka FC ​ទទួល​បាន​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ៨០០​ដុល្លារ ​លេខ​២ Lan Property ​បាន​៦០០​ដុល្លារ ​និង​លេខ​៣​បាន​ទៅ​លើ​ក្រុមHomsport FC ​ទទួល​បាន​៣០០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ រូបភាព៖ Pisnoka FC

មតិយោបល់
អត្ថបទថ្មី