• 2016-05-31 18:45:08
  • បាល់ទាត់

​​លី វ៉ាហេទ ​​បង្ហើប​​មូល​ហេតុពីរ​​មិន​ជាប់​ឈ្មោះ​​ ២៣​នាក់​ចុង​ក្រោយ​ទៅ​តៃប៉ិ

  • 2016-05-31 18:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​សង្ហា​​​ លី វ៉ាហេទ ​​បាន​បង្ហើប​ប្រាប់​មូល​ហេតុ​ពីរ​ ដែល​ធ្វើ​ឲ្យ​គេ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ ២៣​នាក់​ចុង​ក្រោយ​​​ទៅ​លេង​នៅ​ឆាយ​នីស​តៃ​ប៉ិ ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ AFC ​Asian Cup 2019 ​ជើង​ទី​១ នៅ​​​​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

 

​ខ្សែ​ការពារ​​​របស់​បឹង​កេត​អង្គរ​​ លី វ៉ាហេទ បាន​ឲ្យ​ដឹង​ថា ​មិន​បាន​ទៅ​លេង​នៅ​​ឆាយ​នីស​តៃប៉ិ​​អាច​មកពី​មូល​ហេតុ​ ​២​គឺ​បទ​ពិសោធន៍​​​លេង​​ក្នុង​ក្រុម​ជម្រើស​ជាតិ​នៅ​តិច ​និង​របួស​ក​​ជើង។ ​រូប​គេ​បាន​ខក​​ខាន​​ហ្វឹកហាត់​​​ដោយ​សារ​របួស​ប្រហែល​ជា​ពីរ​ឬ​បី​ថ្ងៃ​មុន​ប្រកួត​ជាមួយ​ទីម័រខាងកើត​ម្ល៉េះ។

 

ចំណែក​លោក​ Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​​នៅ​ប្រលាន​យន្តហោះ​ព្រឹក​នេះ​​មិន​បាន​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់​ទេ​​ពី​ការ​ដក​ លី វ៉ាហេទ ចេញ ប៉ុន្តែ​​លោក​និយាយ​ថា លោក​ជ្រើស​រើស​យក​ លី វ៉ាហេទ​ ចូល​ជម្រើស​ជាតិ​ដើម្បី​ធ្វើ​តេស្ត​មើល​សមត្ថភាព​របស់​គេ។ មួយ​រយៈ​ពេល​នៅ​ជា​មួយ​ជម្រើស​ជាតិ កីឡាករ​រូប​នេះ​​មាន​សមត្ថភាព​មិន​អន់​ទេ​ ប៉ុន្តែ​លេង​នៅ​ជម្រើស​ជាតិ​ ជា​ការ​ប្រកួត​ធំ។ លោក​បារម្ភ​ពី​ វ៉ាហេទ មិន​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​​នៅ​ក្រុម​បឹងកេត​អង្គរ ប៉ុន្តែ​បើ​បង្ហាញ​ខ្លួន​ច្រើន កីឡាករ​រូប​នេះ​នឹង​អាច​ជាប់​ជម្រើស​ជាតិ​ទៀត។

 

​កីឡាករ​ដែល​ផ្លាស់​មក​លេង​នៅ​បឹង​កេត​កាល​ពី​ឆ្នាំ​២០១៤ រូប​​នេះ​​​បង្ហាញ​ចំណាប់​អារម្មណ៍​ថា រូប​គេ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​​​បន្ទាប់​ពី​ទទួល​ដំណឹង​ថា ខ្លួន​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ ២៣​នាក់​ចុង​ក្រោយ​ ចេញ​ទៅ​ឆាយ​នីស​តៃប៉ិ​។ ​ទោះ​បី​​​ជា​គេ​​មិន​បាន​ជាប់​ឈ្មោះ​ទៅ​លេង​នៅ​​​ក្រៅ​​ប្រទេស​​លើក​នេះ ប៉ុន្តែ​គេ​សប្បាយ​ចិត្ត​​​បាន​​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ទីម័រ​ខាង​កើត​កន្លង​មក​។

 

​លី វ៉ាហេទ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​ជម្រើស​ជាតិ​កម្ពុជា​​ជា​លើក​ទី​មួយ ​សម្រាប់​ការ​ហ្វឹកហាត់​​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​ជាមួយ​ប្រទេស​ទីម័រ​ខាង​កើត ប៉ុន្តែ​ជំនួប​ដែល​ម្ចាស់​ផ្ទះ​ឈ្នះ ២-០​កាល​ពី​ថ្ងៃ​ទី២៩ នោះ​រូប​គេ​មិន​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ឡើយ៕

 

 

ព័ត៌មាន​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ជា​ច្រើន​ទៀត សូម​ចុច... ទី​នេះ...

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​

មតិយោបល់
អត្ថបទថ្មី