• 2016-05-17 15:29:24
  • ព័ត៌មាន

អនាគត​យុវជន​អាមេរិក​ ពិសី នឹង​អាច​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​

  • 2016-05-17 15:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែលទឹក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​នា​ពេល​​អនាគត​ កីឡាករ​លោត​ទឹក​ជម្រើស​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ Jordan Pisey Windle នឹង​អាច​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​សម្រាប់​ការ​ប្រកួត​លើ​​ឆាក​អន្តរជាតិ។

 

 

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ ដោយសារ​តែ​ ពិសី ជា​ជន​ជាតិ​ខ្មែរ​ មាន​សំបុត្រ​កំណើត​ជា​​ខ្មែរ ជា​ពិសេស​រូប​គេ​​បាន​ពិភាក្សា​ជាមួយ​​ឪពុក​ចិញ្ចឹម​របស់​គេ​ហើយ​ថា​ ទៅ​ថ្ងៃ​ខាង​មុខ​រូប​គេ​នឹង​ប្រកួត​លើ​ឆាក​អន្តរជាតិ​តំណាង​​ឲ្យ​ប្រទេស​កម្ពុជា។

 

លោក ហែម គីរី​​លើក​ឡើង​ថា សហព័ន្ធ​​កីឡា​ហែល​ទឹក​កម្ពុជា​ពិត​ជា​ចង់​បាន​​​យុវជន​ជម្រើស​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ ពិសី លេង​​តំណាង​​កម្ពុជា​ណាស់ ប៉ុន្តែ​សព្វ​ថ្ងៃ​រូប​គេ​កំពុង​តែ​លេង​តំណាង​ឲ្យ​ប្រទេស​ទី​២​របស់​ខ្លួន​គឺ​សហរដ្ឋអាមេរិក។ ដូច្នេះ​រូប​គេ​មិន​អាច​លេង​តំណាង​ឲ្យ​ប្រទេស​២​ក្នុង​ពេល​តែ​១​បាន​ទេ ព្រោះ​វា​ជា​ច្បាប់​របស់​សហព័ន្ធ​ហែល​ទឹក​អាមេរិក។ «ណា​មួយ​យើង​ក៏​ត្រូវ​គោរព​សិទ្ធិ​នៃ​ការ​សម្រេច​ចិត្ត​របស់​គាត់​ផង​ដែរ»។ លោក ហែម​ គីរី​ បន្ថែម។

 

 

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឯក​ឧត្តម​ ស៊ុន ចាន់ថុល ​ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​​ហែល​ទឹក​​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​​ឪពុក​ និង​កីឡាករ​ Jordan​ Pisey​ ដើម្បី​ឲ្យ​ Jordan Pisey​ មក​ចូល​រួម​ ជា​ក្រុម​លោត​ទឹក​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ចូល​រួម​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​លើ​ឆាក​អន្តរជាតិ។ ជា​ការ​ឆ្លើយ​តប​ ដោយ​ភាព​ត្រេក​អរ​ក្រៃលែង​ កីឡាករ​ Jordan Pisey បាន​សន្យា​ថា​ នឹង​មក​ចូល​រួម​ ជា​កីឡាករ​ជម្រើស​​ជាតិ​លោត​ទឹក​កម្ពុជា​ នា​ថ្ងៃ​អនាគត​ខាង​មុខ​នេះ​ ​និង​បាន​ប្តេជ្ញា​ដណ្តើម​យក​មេដាយ​ជូន​កម្ពុជា​ឲ្យ​ខាន​តែ​បាន។ នេះ​បើ​តាម​ Page របស់​ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ។

 

Jordan Pisey ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដែល​មាន​ប្រវត្តិ​​ជា​កុមារ​កំព្រា​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​ដែល​ឪពុក​ម្ដាយ​បង្កើត​របស់​គេ​បាន​ទទួល​មរណភាព។ Jordan ​ត្រូវ​បាន​ទទួល​យក​ទៅ​ចិញ្ចឹម និង​រស់នៅ​សហរដ្ឋ​អាមេរិក​ តាំងពី​រូប​គេ​​មាន​អាយុ​ត្រឹម​តែ​ជិត​២ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​លោក Jerry Windle ​ជា​អ្នក​នាំ​ទៅ៕

 

អត្ថបទ៖ មួន សុគន្ធតារា​

មតិយោបល់
អត្ថបទពេញនិយម