- 2016-04-07 17:16:43
- បាល់ទាត់
ហេតុអ្វីបាល់ទាត់បឋមសិក្សាស្វាយជ្រំឈ្នះជើងឯកថ្នាក់ខេត្តស្ទើររាល់ឆ្នាំ?
- 2016-04-07 17:16:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបាល់ទាត់បឋមសិក្សាស្វាយជ្រំឈ្នះជើងឯកថ្នាក់ខេត្តស្ទើររាល់ឆ្នាំ?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់សាលាបឋមសិក្សា និងអនុវិទ្យាល័យស្វាយជ្រំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានឈ្នះជើងឯកក្នុងការប្រកួតថ្នាក់ខេត្តស្ទើររាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះតំបន់មួយនេះសំបូរកីឡាករជាប់ជម្រើសជាតិ និងលេងតាមក្លឹបនានាជាច្រើន។
សូមស្តាប់ការលើកឡើងរបស់លោក សុន សំបូរ
លោក សុន សំបូរ អតីតនាយកសាលាបឋមសិក្សាស្វាយជ្រំ និងជាអ្នកដឹកនាំក្រុមកីឡាស្វាយជ្រំចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ខេត្តបានឲ្យដឹងថា អំណោយផលដ៏សំខាន់បំផុតដែលធ្វើឲ្យក្រុមបាល់ទាត់សាលាបឋមសិក្សាស្វាយជ្រំ ក៏ដូចជាក្រុមបាល់ទាត់អនុវិទ្យាល័យស្វាយជ្រំទទួលបានចំណាត់ថ្នាក់ល្អស្ទើររាល់ឆ្នាំគឺមកពីមានទីលានបាល់ទាត់ដែលបានបន្សល់តាំងពីដូនតាយូរហើយ។
ទីលានបាល់ទាត់ស្វាយជ្រំ
លោកថា និយាយរួមក្នុងខេត្តកណ្តាលគឺមានតែសាលាបឋមសិក្សាស្វាយជ្រំហ្នឹងដែលមានតារាងបាល់ទាត់មុនគេ និងយូរលងណាស់មកហើយ។ ចាស់ៗពីដើមបានបន្សល់ទុករហូតដល់សម័យកាលនេះដែលយុវជននៅឃុំស្វាយជ្រំមានកន្លែងលេងបាល់ និងបានក្លាយជាថ្នាលសម្រាប់បណ្តុះបណ្តាលកីឡាករបាល់ទាត់ដ៏សំខាន់បំផុត។
លោក សុន សំបូរ បានបញ្ជាក់ថា តាំងពីសម័យមុននៅសាលាបឋមសិក្សាស្វាយជ្រំនេះក៏មានក្រុមបាល់ទាត់ខ្លាំង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក៏នៅតែខ្លាំង។ ប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាឆ្នាំ២០១០-២០១១, ២០១២-២០១៣, និង២០១៤-២០១៥ ទទួលបានចំណាត់ថ្នាក់លេខ១ថ្នាក់ខេត្ត និងឆ្នាំផ្សេងទៀតទទួលបានចំណាត់ថ្នាក់២ ឬលេខ៣។ ចំណែកក្រុមអនុវិទ្យាល័យវិញតាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១០ ក៏ទទួលបានចំណាត់ថ្នាក់លេខ១ថ្នាក់ខេត្ត និងទទួលបានចំណាត់ថ្នាក់លេខសម្រាប់ការប្រកួតពានមិត្តភាព៧មករា ក្នុងឆ្នាំ២០០៩ និងលេខ១ពានអភិវឌ្ឍ 7NG ក្នុងឆ្នាំ២០១៦។
ទោះជាយ៉ាងណា ក្នុងនាមលោកជាអ្នកដឹកនាំក្រុមចូលរួមការប្រកួតហាក់អស់ទឹកចិត្តក្នុងការដឹកនាំចូលរួមការប្រកួតបន្តទៀត។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ត្រូវចូលរួមការប្រកួតថ្នាក់ជាតិទូទាំងប្រទេស ប៉ុន្តែគេមិនឲ្យក្រុមលេខ១ចូលរួមប្រកួតទេ គេបែរជាយកក្រុមលេខ២ ឬលេខ៣ទៅវិញ។ ចំណុចនេះហើយដែលធ្វើឲ្យក្រុមបាល់ទាត់ស្វាយជ្រំឈឺចាប់កន្លងមក។
កីឡាករបាល់ទាត់ និងព្រះចៅអធិការវត្តស្វាយជ្រំ
លោកថា ក្រុមផ្សេងថា ក្រុមបាល់ទាត់បឋមសិក្សាស្វាយជ្រំរបស់លោកយកកីឡាករកម្រិតអនុវិទ្យាល័យទៅប្រកួតថ្នាក់កម្រិត ប៉ុន្តែមិនដូចអ្វីដែលគេចោទនោះទេ។ តាមពិតក្រុមបាល់ទាត់បឋមសិក្សា និងអនុវិទ្យាល័យបានហ្វឹកហាត់ជាមួយគ្នា ដូច្នេះហើយទើបបានជាក្រុមបឋមក៏មានកម្រិតសមត្ថភាពខ្លាំងប្រហាក់ប្រហែលនឹងអនុវិទ្យាល័យដែរ។
បច្ចុប្បន្ននេះទីលានបាល់ទាត់ស្វាយជ្រំកំពុងត្រូវបានព្រះតេជគុណ ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ត្រី ព្រះធម្មធម៌គណខេត្តកណ្តាល និងជាព្រះអនុគណស្រុកខ្សាច់កណ្តាល ព្រមទាំងជាព្រះចៅអធិការវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជួសជុលឲ្យក្លាយជាទីលានស្តង់ដារមួយដើម្បីប្រយោជន៍ដល់សង្គមកីឡា៕
ចុចអាន៖ ចៅអធិការវត្តស្វាយជ្រំបង្ហាញពីការកសាងកីឡដ្ឋានស្វាយជ្រំ
ចុចអាន៖ ស្វាយជ្រំជាថ្នាលបណ្តុះបណ្តាលកីឡាករបាល់ទាត់
អត្ថបទ៖ ជាន ចាន់រ៉ា