• 2016-03-17 13:00:35
  • បាល់ទាត់

លោក​គ្រូ​ Lee Tae Hoon ​ទទួល​បាន​​ប្រាក់បៀវត្សរ៍​ជិត​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

  • 2016-03-17 13:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​បូក​សរុប​ចំណូល​ចំណាយ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​បាន​បង្ហាញ លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា ​មាន​ប្រាក់បៀវត្សរ៍​ ៤៨ ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

 

 

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ​មាន​ចំណូល​ដល់​ទៅ ៤ ៣០៥ ៤១៩ ​ដុល្លារ​អាមេរិក ​ខណៈ​ដែល​ការ​ចំណាយ​វិញ​អស់​ត្រឹម​តែ​ ៣ ២៦៥ ៣៦៦ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ​ក្នុង​ការ​ចំណាយ​នេះ​ដែរ គឺ​បូក​សរុប​ទាំង​អស់ ទាំង​ប្រាក់​ខែ​គ្រូ​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​ឈុត​តូច ឈុត​ធំ ​និង​មន្ត្រី​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។ ក្នុង​នោះ​ដែរ បើ​សង្កេត​មើល​ឱ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត ​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា ​មាន​ប្រាក់បៀវត្សរ៍​ចំនួន​៤៨ ១០០​ដុល្លារ​អាមេរិក​។

 

កំណត់ត្រា​របស់​គ្រូ​បង្វឹក Lee Tae Hoon ​នៅ​កម្ពុជា​គឺ​ធ្លាប់​​ដឹកនាំ​ក្រុម​​យុវជន​ក្រោម​អាយុ​២១ ឆ្នាំ (U-21) ក្រុម​យុវជន​ក្រោម​អាយុ​២៣ ឆ្នាំ​ (U-23) និង ក្រុម​ជម្រើសជាតិ ហើយ​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ចូលរួម​ប្រកួត​​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2010 , AFC Challenge Cup 2012 , World Cup Qualifier 2014 ,  BIDC Cup 2011 , Sea Game 2011 ,  Hassanal Bolkiah Trophy(HBT) 2012 , BIDC Cup 2013 , Sea Games 2013 ,  Hassanal Bolkiah Trophy(HBT) 2014 , AFF Suzuki Cup Qualifier 2014 , FIFA World Cup 2018 Qualifier  ​និង Sea Games 2015 ជាដើម។

 

អ្វី​ដែល​ជា​ស្នាដៃ​​គូរ​ឱ្យ​កត់​សម្គាល់​​របស់​លោក Lee ដែល​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​គឺ​អាច​ជួយ​ឱ្យ​ក្រុម​ជម្រើស​ឆ្លង​ទៅ​លេង​ជុំ​ទី២ ក្នុង​វគ្គ​ជម្រុះ​​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ក្រោយ​ឈ្នះ​កោះ​ម៉ាកាវ ទាំង​២​ជើង ៤ ទល់ ១ ខណៈ​គ្រូ​បង្វឹក​ដទៃ​ទៀត​សុទ្ធ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី១ ប៉ុណ្ណោះ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទថ្មី