• 2016-03-12 19:52:04
  • បាល់ទះ

អង្គរក្ស​ឈ្នះ​ក្រសួង​មហា​ផ្ទៃ តែ​អស់​ឱកាស​យក​លេខ​មួយ

  • 2016-03-12 19:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​យក​ឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ​ដោយ​លទ្ធផល ៣​សិត​ទល់​នឹង​១​សិត ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៦​នេះ នៅ​ទីលាន​សាលា​ខេត្ត​កំពង់​ចាម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​អង្គរក្ស​មិន​អាច​ប្រជែង​យក​លេខ​មួយ​បាន​ទេ ព្រោះ​៤​ប្រកួត​មក​នេះ ពួកគេ​ចាញ់​២​ប្រកួត​ឈ្នះ​២​ប្រកួត។

 

 

ការ​ប្រកួត​បាល់ទះ​អបអរ​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​នេះ មាន​៥​ក្រុម​ចូល​រួម​គឺ បញ្ជាការដ្ឋាន​អង្គរក្ស កងពល​ធំ​អន្តរាគមន៍​លេខ​៣ ក្រសួង​មហាផ្ទៃ សាលា​ខេត្ត​កំពង់​ចាម និង​ក្រុម​វិសាខា។ ជា​លទ្ធផល​ក្រោយ​ការ​ប្រកួត​ព្រឹក​មិញ​នេះ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​អស់​តួនាទី​ក្នុង​ការ​ប្រកួត​នេះ​ទៀត​ហើយ ទោះ​ឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ​៣-១ ​ក៏​ដោយ ព្រោះ​៤​ប្រកួត​របស់​ពួកគេ ​បាន​ត្រឹម​តែ​ឈ្នះ​២​ចាញ់​២។ ខណៈ​ដែល​ក្រុម​ក្រសួង​មហាផ្ទៃ​នៅ​មាន​សង្ឃឹម​នៅ​ឡើយ ព្រោះ​៣​ប្រកួត​ពួកគេ​ឈ្នះ​២​ចាញ់​១​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​នៅ​ថ្ងៃ​ស្អែក។

 

 

ដោយ​ឡែក​ក្រុម​ដែល​ត្រូវ​អុត​មើល​នៅ​ថ្ងៃ​ស្អែក​ទៀត​នោះ​គឺ​ក្រុម​ក្រសួង​មហាផ្ទៃ កងពល​ធំ​អន្តរាគមន៍​លេខ​៣ និង​ក្រុម​វិសាខា ដែល​៣​ក្រុម​នេះ​មាន​ពិន្ទុ​ប្រដេញ​គ្នា ​ហើយ​នៅ​សល់​១​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ដួច​គ្នា។ ចំពោះ​ក្រុម​ដែល​អស់​ឱកាស​ហើយ​នោះ​គឺ ​បញ្ជាការដ្ឋាន​អង្គរក្ស​និង​ក្រុម​សាលា​ខេត្ត​កំពង់ចាម ដែល​២​ប្រកួត​កន្លង​មក​ចាញ់​ទាំង​ពីរ​ប្រកួត៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់