- 2016-01-05 16:26:25
- បាល់ទាត់
ជីវិតគ្រូបង្វឹកវ័យក្មេង ភា សុភ័ក្ត្រា ជួយU-21កម្ពុជាឈ្នះមេដាយសំរឹទ្ធ
- 2016-01-05 16:26:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតគ្រូបង្វឹកវ័យក្មេង ភា សុភ័ក្ត្រា ជួយU-21កម្ពុជាឈ្នះមេដាយសំរឹទ្ធ
ចន្លោះមិនឃើញ
លោក ភា សុភ័ត្ត្រា ជាពិធីកីឡាដ៏ប្រជាប្រិយនៅស្ថានីយទូរទស្សន៍ហង្សមាស និងជាគ្រូបង្វឹកបាល់ទាត់ម្នាក់ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមតាមដានកីឡាយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ថ្មីៗនេះ លោកបានជួយឲ្យក្រុមអាណាចក្របៃតងឈ្នះជើងឯក Soccer League ប្រចាំឆ្នាំ២០១៥។
លោក ភា សុភ័ត្ត្រា
លោកពិតជាមានបទពិសោធន៍ច្រើនទាក់ទងទៅនឹងបាល់ទាត់ដោយឆ្លងកាត់ វគ្គសិក្សាគ្រូបង្វឹកកម្រិត B License និង A License។ អ្វីដែលចងចាំក្នុងជីវិតរបស់លោកនោះគឺ លោក បានរួមចំណែកឲ្យU21កម្ពុជា ឈ្នះមេដាយ សំរឹទ្ធ ក្នុងនាមជាជំនួយការគ្រូបង្វឹក នៅពានរង្វាន់ U21 Hassanal Bolkiah Trophy នៅប្រទេស ប៊្រុយណេ កាលឆ្នាំ ២០០៧។ កាលនោះ U21កម្ពុជា ស្ថិតក្រោមការដឹកនាំរបស់លោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹករបស់ក្រសួងការពារជាតិនាពេលបច្ចុប្បន្ន តែ មិនសូវចេញមុខទេ ដោយទុកឲ្យលោក អ៊ុព សំអាន ជាអ្នកដឹកនាំការប្រកួត។
ជីវិតផ្ទាល់ខ្លួន លោក ភា សុភ័ក្ត្រា កើតនៅថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ១៩៨១ នៅទីក្រុងភ្នំពេញ។ ឪពុករបស់លោក គឺជាអតីតមន្ត្រីរាជការដែលបម្រើការនៅក្រសួងការពារជាតិ។ ឳពុករបស់ លោក ឈ្មោះ សូ ភា រីឯម្ដាយឈ្មោះ ជា ផល្លា។
លោក ភា សុភ័ក្ត្រា បងប្អូនបង្កើតពីរនាក់ផ្សេងទៀតដែលសុទ្ធតែលេងបាល់ទាត់។ ប្អូនប្រុសទី១ ភា សុភ័ក្រនិមល ធ្លាប់លេងឲ្យក្រសួងការពារជាតិពីឆ្នាំ ២០០០ ដល់ ឆ្នាំ ២០០៨ ប៉ុន្តែលេងឲ្យក្រុម សាកលវិទ្យាល័យវេស្ទើន ដែលជាក្រុមចំណូលថ្មីក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ ២០១២។ ប្អូនប្រុសទី២ ភា វិភព ជាគ្រូជំនួយក្រុមជម្រើសជាតិ U-19 កម្ពុជា។
ក្លិបដំបូង ក្លិប ដែល លោក ភា សុភ័ក្ត្រា ចូលហ្វឹកហាត់បាល់ទាត់ដំបូងគឺ ក្រសួងការពារជាតិ បន្ទាប់ពីចំណាយពេលលេង ក្រុមកងពលលេខ១ ឆ្នាំ ១៩៩៩។ នៅឆ្នាំដដែលនេះ លោកគ្រូបង្វឹក នាង សាបាន ដែលគ្រូបង្វឹករបស់ ការពារជាតិ បានឃើញទម្រង់លេងរបស់ លោក សុភ័ក្ត្រា ហើយ ក៏ហៅឲ្យមកចូលរួមជាមួយក្រសួងការពារជាតិតែម្ដង។ លោក នាង សាបាន ជួយបង្វឹកនៅក្លិបបាល់ទាត់សាកលវិទ្យាល័យ វេស្ទើន នាឆ្នាំ២០១២។ ឆ្នាំ ១៩៩៩ មក លោក នាង សាបាន បានដាក់លោកឲ្យលេងជាកីឡាករ១១នាក់របស់ ការពារជាតិ និង បន្តរហូតដល់ឆ្នាំ២០០៥។
ក្រោយមកទៀតក៏លោកមិនភ្លេច លោក ទេព ឡុងរចនា និង លោក ប្រាក់ សុវណ្ណារ៉ា បានបង្វឹកបន្ថែម និង បានផ្ដល់ទំនុកចិត្តដោយជ្រើសរើសរូបលោកជាជំនួយការនៅក្នុងក្រុម ជម្រើសជាតិនាឆ្នាំ២០០៧ និង ២០០៩ បន្ទាប់ពីលោកបានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកកម្រិតC នៅកម្ពុជា និង លាលែងពីក្លិបអាជីព។
កម្រិតវប្បធម៌ លោក ភា សុភ័ក្ត្រា បានចូលសិក្សាថ្នាក់ បឋមសិក្សា និង អនុវិទ្យាល័យនៅសាលាចតុមុខ។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យនៅ សាលាចតុមុខ នាឆ្នាំ២០០០ លោក បានចូលបន្តការសិក្សានៅសាកលវិទ្យាល័យ។ រហូតដល់ឆ្នាំ២០០៤ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៍ និង សណ្ឋាគារ នៅវិទ្យាស្ថាន បច្ចេកវិទ្យា និង គ្រប់គ្រង។
ចាប់ផ្ដើមលេងបាល់ទាត់ លោក ភា សុភ័ក្ត្រា បានរៀបរាប់បន្តថា បានចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ៦ឆ្នាំដោយផ្ដើមចេញពីការ ទាត់នៅលើចិញ្ចើមផ្លូវ និង ចាប់ផ្ដើមស្រឡាញ់បាល់ទាត់ដោយសារការទស្សនាបាល់ទាត់ពិភពលោកតាំងពីក្មេង។ ឪពុកម្ដាយរបស់លោក មិនបានគាំទ្រឲ្យលេងបាល់ទាត់ទេនាពេលនោះ ពោល ចង់ឲ្យសិក្សាជាងការលេងបាល់ទាត់។
ប៉ុន្តែ ទោះជាលោក ឪពុករបស់លោកមិនមែនជាកីឡាករបាល់ទាត់ក៏ដោយ លោកស្រឡាញ់បាល់ទាត់ តែពិតជាមិនចង់ឲ្យកូនលេងបាល់ទាត់ឡើយ។ បន្ទាប់មកទៀត លោក សូ ភា ក៏បានយល់ព្រមតាមកូន បន្ទាប់ពីលោក សុ័ក្ត្រា សន្យាការលេងបាល់ទាត់ជាមួយនឹង បរិញ្ញាបត្រ។ មានន័យថា លេងបាល់ទាត់ផង និង រៀនផង ខណៈ ដែលម្ដាយចេះ តែបារម្ភ ពីបញ្ហារបួសពេលកូនលេងបាល់ទាត់។
អាជីពជាកីឡាករបាល់ទាត់ ថ្វី បើលោកមិនបានជាប់ជាកីឡាករជម្រើសជាតិនៅក្នុងឈុតធំ តែ លោកពិតជាមានសំណាងមួយក្នុងចំណោមកីឡាករជាច្រើនទូទាំងប្រទេស ពីព្រោះលោកបានជាប់ជម្រើសជាតិ យុវជន អាយុក្រោម២០ឆ្នាំ (U-20) នៅឆ្នាំ ២០០២។
លោក ភា សុភ័ក្ត្រា គឺជាអតីតកីឡាកររបស់ក្រសួងការពារជាតិ ចាប់ពីឆ្នាំ ២០០០ ដល់ ២០០៥។ ក្រោយពីបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ លោកក៏ត្រូវបានជ្រើសរើសឲ្យទៅលេងលក្ខណៈមិត្តភាពក្នុងក្របខ័ណ្ឌ ទាហានអាស៊ាន (Asean Army) នៅទីក្រុង ហាណូយ នៃប្រទេស វៀតណាម។
ក្រោយមកទៀត នៅឆ្នាំ ២០០៣ ដល់ ២០០៤ លោកបានទៅលេងឲ្យបៀលប្រាយយូណាយធីតក្នុងលក្ខណៈខ្ចីជើងក្នុង ក្របខ័ណ្ឌសាកលវិទ្យាល័យ។ ចាប់ពីឆ្នាំ២០១០មក លោកក៏នៅជាកីឡាករម្នាក់នៅក្នុងក្រុមព្រះខ័នរាជ (ស្វាយរៀង)វ័យចាស់។
បទពិសោធន៍ការងារ លោក ធ្លាប់បម្រើការងារជាពិធីករកីឡា (កីឡាស៊ីហ្គេម Series A Premier league…) នៅស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ(ប៉ុស្តិ៍លេខ៥) ចាប់ឆ្នាំ ២០០២ ដល់ ឆ្នាំ២០០៧។ បច្ចុប្បន្នលោកជាពិធីករកីឡានៅស្ថានីយទូរទស្សន៍ហង្សមាស។
បទពិសោធន៍ជាគ្រូបង្វឹក - ឆ្នាំ២០០៦ លោកគឺជាគ្រូបង្វឹកU13 នៅមជ្ឈមណ្ឌលបាល់ទាត់ ណារិន កុមារ។ - ឆ្នាំ ២០០៦ – ២០០៧ លោកគឺជាជំនួយការគ្រូបង្វឹកនៅក្លិបក្រសួងការពារជាតិ។ - នៅឆ្នាំ២០១០ លោកបានក្លាយជាជំនួយការគ្រូបង្វឹកនៅក្លិប ព្រះខ័នរាជ។ - នៅឆ្នាំ២០០៩ – បច្ចុប្បន្ន លោកក៏ជាគ្រូបង្វឹកនៃក្រុមបាល់ទាត់សាកលវិទ្យាល័យបញ្ញាសាស្ត្រ ផងដែរ។
វគ្គសិក្សាគ្រូបង្វឹក ឆ្នាំ២០០៥ លោក ភា សុភ័ក្ត្រា បានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត C (AFC “C” license ) នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ២០១០ បានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត B (AFC “C” license ) នៅភ្នំពេញ ព្រមទាំងបានរៀនវគ្គគ្រូបង្វឹកជាបន្តបន្ទាប់ទៀត និងជាពិសេសបានបញ្ចប់កម្រិត A- License នៅឆ្នាំ២០១៣។
ស្នាដៃទទួលបាន លោក បានជួយឲ្យក្រុមជម្រើសជាតិ U-21កម្ពុជាឈ្នះមេដាយសំរឹទ្ធ នៃពានរង្វាន់ Hassanal Bolkiah Trophy U21នៅប្រទេស ប៊្រុយណេ កាលឆ្នាំ២០០៧។ កាលនោះគ្រូបង្វឹក គឺលោក ទេព ឡុងរចនា ដែលបច្ចុប្បន្ន ជាគ្រូបង្វឹករបស់ក្រសួងការពារជាតិ ប៉ុន្តែលោកមិនសូវជាចេញមុខប៉ុន្មានឡើយដោយទុកឲ្យលោក អ៊ុព សំអាន ជាអ្នកដឹកនាំការប្រកួត។
ឆ្នាំ ២០០៧ U-21 កម្ពុជាស្ថិតនៅក្នុងពូលB នៃពានរង្វាន់ខាងលើ ដែលមាន មីយ៉ាន់ម៉ា ហ្វីលីពីន និង ប្រ៊ុយណេ។ ពេលនោះ កម្ពុជាស្មើម្ចាស់ផ្ទះប្រ៊ុយណេ ២-២ ឈ្នះ ហ្វីលីពីន ៦-០ ចាញ់មីយ៉ាន់ម៉ា ០-៧។ U-21 កម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមមីយ៉ាន់ម៉ា។ បន្ទាប់មកកម្ពុជា រងបរាជ័យក្រោមស្នាដៃក្រុម U-21 ថៃ ១០-១ ដែលបានត្រឹមមេដាយសំរឹទ្ធ ស្ទួនជាមួយម៉ាឡេស៊ី។
ឆ្នាំ២០១៥ -រៀបចំកម្មវិធី Football Clinic "ក្តីសុបិននៃបាល់ទាត់កម្ពុជា" បាន៤ដង -ដឹកនាំក្រុមក្រសួងការបរទេស ក្របខ័ណ្ឌអន្តរក្រសួង វគ្គ (៦ក្រុមចុងក្រោយ) -រៀបចំកម្មវិធី Football For Kids បាល់ទាត់សប្បុរសធម៍ដើម្បីកុមារ -ក្នុងនាមជាគ្រូបង្វឹក លោកបានជួយក្រុមអាណាចក្របៃតងឈ្នះជើងឯកពានរង្វាន់ Soccer League ដែលជាពានដ៏សំខាន់មួយក្នុងវិស័យបាល់ទាត់នៅកម្ពុជា។
បំណងថ្ងៃអនាគត បន្ទាប់ពីជោកជាំក្នុងវិស័យបាល់ទាត់ និងបានបញ្ចប់ការសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត A License លោក ភា សុភ័ក្ត្រា បានក្លាយជាគ្រូជំនួយ និងជាគ្រូបង្វឹកជាបន្តបន្ទាប់ ប៉ុន្តែលោកមានគោលបំណងចង់ក្លាយជាគ្រូបង្វឹកក្លិបបាល់ទាត់អាជីពនៅកម្ពុជា។ មួយវិញទៀត គឺលោកមិនចង់សំដៅទៅលើតែលុយនោះទេ តែ លោកចង់ជួយឲ្យវិស័យកីឡាបាល់ទាត់ខ្មែរកាន់តែមានភាពរីកចម្រើននៅ ថ្ងៃអនាគត៕
អត្ថបទ៖ ឆន ទិត្យ រូបថត៖ ភា សុភ័ក្ត្រា