- 2015-12-31 16:03:10
- បាល់ទាត់
មាស ចាន់ណា ប្រើ ៤ ចំណុចសំខាន់ក្នុងការជ្រើសរើសយុវជនណាហ្គា
- 2015-12-31 16:03:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា ប្រើ ៤ ចំណុចសំខាន់ក្នុងការជ្រើសរើសយុវជនណាហ្គា
ចន្លោះមិនឃើញ
បច្ចេកទេស ភាពវ័យឆ្លាត ល្បឿននៃការគិត និងអត្តចរិត ជាចំណុចសំខាន់ទាំង៤ ដែលលោកមាស ចាន់ណា គ្រូបង្គោលរបស់ណាហ្គាវើលប្រើក្នុងការជ្រើសរើសយុវជនរបស់ក្លិបចំនួន២៨ នាក់ចុងក្រោយ នាខែ កុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។
លោក មាស ចាន់ណា បានឲ្យដឹងថា លោកកំណត់យកចំណុចសំខាន់ទាំង៤ ខាងលើ ពីព្រោះចំណុចខ្វះខាតផ្សេងលោកអាចកែប្រែឲ្យល្អបាន។ ប៉ុន្តែចំណុចទាំងនេះអាចបំបែកចេញជាច្រើនចំណុចទៀតដូចខាងក្រោម៖
១-បច្ចេកទេស៖ ជាមូលដ្ឋានគ្រឹះនៃការលេងបាល់ ដែលទាកទង នឹងការទប់បាល់ បណ្ដើរបាល់ បោះបាល់ និងការស៊ុតបាល់។
២-ភាពវ័យឆ្លាត ក្នុងការបទបែនតាមកាលៈទេសៈ៖ យុវជនទាំងនោះត្រូវដឹងពីកម្រិតសមត្ថភាពរបស់ដៃគូ ត្រូវចេះមើលស្ថានភាពក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ចេះពន្យារពេលដៃគូ ដើម្បីស្វែងរកឱកាសបញ្ជូនបាល់ចេញពីខ្លួនក្នុងស្ថានភាពអាក្រក់ទៅជាល្អ ចេះបទបែនតាមចង្វាក់នៃកលល្បិចរបស់គ្រូបង្វឹក និងប្រើពេលវេលាគ្រប់គ្រងបាល់បានយូរមិនឲ្យដៃគូដណ្ដើមបាល់បាន។
៣-ល្បឿននៃការគិត៖ ចំណុចនេះយុវជនត្រូវដឹងពេលវេលាក្នុងការស៊ុតបាល់ ដែលមិនអាចឲ្យដៃគូមកបិទទាន់ពេលវេលា ដឹងពីពេលវេលាក្នុងបញ្ជូនបាល់ទៅមិត្តរួមក្រុមដើម្បីសម្រេចគ្រាប់បាល់ ត្រូវដឹងថាពេលណាខ្លួនជាកីឡាករអាចបណ្ដើរបាល់ទៅមុខ ឬបញ្ជូនបាល់ទៅក្រោយវិញ ហ៊ានសម្រេចស៊ុតបាល់ដោយខ្លួនឯង។
៤-អត្តចរិត៖ កីឡាករទាំងអស់ត្រូវតែមានឆន្ទៈក្នុងការហ្វឹកហាត់ មិនយឺតពេលវេលា ចេះរៀបចំខ្លួនឲ្យស័ក្ដិសមជាកីឡាករបាល់ទាត់ម្នាក់ មិនបំពានច្បាប់ផ្ទៃក្នុងរបស់ក្លិប ហើយអ្វីដែលពិសេសគឺមានការអំណត់ តស៊ូជួយក្រុមអស់ពីកម្លាំងកាយចិត្ត។
ចំណុចសំខាន់ទាំង៤ ខាងលើនេះលោកនឹងប្រើវាក្នុងការជ្រើសរើសលើកចុងក្រោយ បន្ទាប់ពីទុកពេលឲ្យយុវជនទាំងអស់ដឹងពីចំណុចទាំងនេះ និងអនុវត្តន៍តាមក្នុងរយៈពេល២ខែជាមុនសិន។ យុវជនរបស់ណាហ្គាវើលលោកកំណត់យក ២០នាក់ចុងក្រោយសម្រាប់លេងឈុតក្រោម ១៦ឆ្នាំ និង៨នាក់ផ្សេងទៀតក្នុងទិសដៅ ៣ឬ ៤ឆ្នាំទុកសម្រាប់ដាក់បំពេញចន្លោះនៅឈុតធំ៕
-ចុចអាន៖ ឱកាសក្លាយជាយុវជនU-16 របស់ក្លិបណាហ្គាបានមកដល់ហើយ
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា