- 2015-12-25 18:21:31
- បាល់ទាត់
ឃុំស្វាយជ្រំ ខេត្តកណ្តាលជាកន្លែងសំបូរកីឡាករបាល់ទាត់
- 2015-12-25 18:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃុំស្វាយជ្រំ ខេត្តកណ្តាលជាកន្លែងសំបូរកីឡាករបាល់ទាត់
ចន្លោះមិនឃើញ
ឃុំស្វាយជ្រំ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលមានកីឡាករបាល់ទាត់ជាច្រើនបានលេងនៅតាមក្លិបនៃលីគបាល់ទាត់កំពូលកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា។ ឃុំមួយនេះមានភូមិជាច្រើនដូចជាភូមិលើ ភូមិក្រោម ភូមិស្វាយជ្រំ ភូមិបារាយណ៍ ភូមិព្រែកបង្កង ភូមិព្រែកលួង ភូមិព្រែកអំពិល និងភូមិព្រែកក្រប៉ៅជាដើម។
ឃុំដែលជាប់នឹងឃុំអរិយក្សត្រនៃខេត្តកណ្តាលនេះមានទីលានបាល់ទាត់មួយដែលស្ថិតនៅក្នុងអនុវិទ្យាល័យស្វាយជ្រំ ក្នុងវត្តស្វាយជ្រំ។ ទីលានបាល់ទាត់ស្មៅធម្មជាតិនេះតែងតែមានសកម្មភាពកីឡាបាល់ទាត់ជាហូរហែទាំងថ្ងៃធម្មតា និងថ្ងៃចុងសប្ដាហ៍ឡើយ។
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សាយ ពិសិដ្ឋ បានឲ្យដឹងថា ទីលានបាល់ទាត់នេះមិនត្រឹមតែសិស្សសាលា យុវជនក្នុងភូមិប៉ុណ្ណោះទេដែលនាំគ្នាលេង សូម្បីតែតារាសិល្បៈមួយចំនួន និងយុវជនពីរាជធានីភ្នំពេញក៏បានទៅប្រកួតមិត្តភាពនៅទីនោះដែរ។
ពិសិដ្ឋបានបន្តថា មិនត្រឹមតែប៉ុណ្ណោះព្រះចៅអធិការវត្តស្វាយជ្រំក៏ធ្លាប់បានបង្កើតការប្រកួតដណ្តើមពានរង្វាន់ថែមទៀតផង ពីព្រះអង្គរស្រលាញ់ចូលចិត្តបាល់ទាត់ ខណៈព្រះអង្គរឃើញមានកីឡាករជាច្រើនលេងនៅលីគកម្ពុជា និងជម្រើសជាតិ។
សាយ ពិសិដ្ឋបានបន្ថែមថា ឥឡូវនេះព្រះគ្រូចៅអធិការវត្តកំពុងជួសជុលទីលានបាល់ទាត់នៅក្នុងអនុវិទ្យាល័យស្វាយជ្រំនេះដោយរៀបចំដាក់លូទឹក និងដាក់ដាំស្មៅធម្មជាតិថ្មីឲ្យមានលក្ខណៈស្តង់ដារត្រឹមត្រូវដើម្បីបម្រើដល់ប្រយោជន៍កីឡារួម។
បើនិយាយដល់កីឡាករបាល់ទាត់មួយចំនួនដែលកំពុងលេចធ្លោកើតចេញពីទីលានបាល់ទាត់ស្វាយជ្រំដូចជា សាយ ពិសិដ្ឋ, ទិត្យ ឌីណា, នួន បូរី, និងសាយ វិសាលជាសមាជិកជម្រើសជាតិកម្ពុជា និងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ។ កីឡាករ ធិន សុខ និង ធិន សម្បតិ្តក៏លេងឲ្យក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ កីឡាករ ប៉ែន ចន្ធី និងនួន វាសនា លេងនៅ Soccer League ព្រមទាំងកីឡាករមួយចំនួនទៀតកំពុងលេងនៅក្លិបផ្សេងៗមួយចំនួនទៀត។
ដោយសារតែឃុំស្វាយជ្រំសំបូរយុវជនមានទេពកោសល្យបាល់ទាត់ច្រើនទើបបានជាអនុវិទ្យាល័យស្វាយជ្រំមានក្រុមបាល់ទាត់មួយដ៏រឹងមាំ និងធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាមហាជនទូទាំងប្រទេសជាច្រើនលើកទៀតផង។ ជាក់ស្តែងក្រុមបាល់ទាត់អនុវិទ្យាល័យស្វាយជ្រំទទួលបានចំណាត់ថ្នាក់លេខ១រយៈពេលពីរឆ្នាំជាប់ក្នុងប្រចាំខេត្តកណ្តាល៕