- 2015-12-11 21:14:30
- បាល់ទាត់
មាស ចាន់ណា៖ បើកីឡាករណាហ្គាមានទំនុកចិត្ត២ឬ៣គ្រាប់ នឹងយកពីក្រោនបានវិញ
- 2015-12-11 21:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា៖ បើកីឡាករណាហ្គាមានទំនុកចិត្ត២ឬ៣គ្រាប់ នឹងយកពីក្រោនបានវិញ
ចន្លោះមិនឃើញ
ប្រសិនបើកីឡាកររបស់ក្រុមណាហ្គាវើលមានទំនុកចិត្តក្នុងពេលកំពុងប្រកួត នោះលទ្ធផល ២ឬ៣ គ្រាប់នឹងយកបានពីភ្នំពេញក្រោនមកវិញ។ នេះជាការលើកឡើងរបស់លោក មាស ចាន់ណា គ្រូបង្គោលរបស់ក្លិបណាហ្គាវើល មុនក្រុមទាំងពីរប៉ះគ្នាម៉ោង ៦:០០ស្អែកនៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទីពីរ នៃលីកកំពូលកម្ពុជារដូវកាល២០១៥ ដែលជើងទី១ក្រុមរបស់លោកប្រកួតចាញ់ភ្នំពេញក្រោន២-០ ។
លោក មាស ចាន់ណា បានឲ្យដឹងថា ទោះកាលពីជើងទី១ ក្រុមរបស់លោកបានចាញ់ភ្នំពេញក្រោន ២-០ ប៉ុន្តែលទ្ធផលនេះលោកមានសង្ឃឹមដណ្ដើមយកមកវិញប្រសិនបើកូនក្រុមរបស់លោកអាចប្រមូលអារម្មណ៍ឲ្យបានល្អ និងលេងដោយមានទំនុកចិត្តនោះ។ ប៉ះក្រុមខ្លាំងភ្នំពេញក្រោនស្អែកនេះលោក នឹងបង្កើតការប្រយុទ្ធឲ្យខ្លាំងបំផុត ដើម្បីរកគ្រាប់បាល់។
លោក មាស ចាន់ណា បាននិយាយថា ៖«លទ្ធផល២ឬ ៣គ្រាប់ វានឹងត្រឡប់មកវិញ ប្រសិនបើក្រុមរបស់ខ្ញុំអាចលេងដោយមានទំនុកចិត្ត។ សម្រាប់សមត្ថភាពកូនក្រុមរបស់ខ្ញុំមិនក្រោមភ្នំពេញក្រោនឡើយ ប៉ុន្តែលទ្ធផលចាញ់ក្រុមនេះកន្លងមកដោយសារចន្លោះប្រហោង ក្នុងការរៀបចំទម្រង់លេងរបស់ខ្ញុំ និងកីឡាកររបស់ខ្ញុំពួកគាត់គ្មានទំនុកចិត្តហ៊ានលេង»។
គ្រូបង្គោលរូបនេះបន្ថែមថា ជួបភ្នំពេញក្រោនស្អែកនេះលោក មិនប្រើទម្រង់លេងដូចពីមុនឡើយ ថែមទាំងមានការដាក់បញ្ចូលកីឡាករខុសពីមុនឲ្យលេងជម្រើស១១នាក់ដំបូងចំនួន៣នាក់គឺ ជិន ជុំ, ញឹម សុវណ្ណរ៉ា និង ទៀត ច័ន្ទតារាសុខា។ ក្នុងលីកកំពូលកម្ពុជាភ្នំពេញក្រោន និងណាហ្គាវើលធ្លាប់ប៉ះគ្នាចំនួន ៧ដងរួចមកហើយគិតចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះក្នុងនោះក្រុមរបស់លោក មាស ចាន់ណា មិនធ្លាប់ឈ្នះម្ដងណាឡើយពោលគឺភ្នំពេញក្រោនឈ្នះ៤ និងស្មើគ្នា៣ដង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា