- 2015-11-20 13:30:48
- ព័ត៌មាន
ក្រុមកីឡារទេះជនពិការគ្រូមិនហៅឲ្យហាត់ ក៏ប្រឹងហាត់ដើម្បីទៅ SEA Para Games នៅសិង្ហបុរី
- 2015-11-20 13:30:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡារទេះជនពិការគ្រូមិនហៅឲ្យហាត់ ក៏ប្រឹងហាត់ដើម្បីទៅ SEA Para Games នៅសិង្ហបុរី
ចន្លោះមិនឃើញ
ក្រុមកីឡារទេះជនពិការកម្ពុជាមានសន្ទុះចិត្តនៃការហ្វឹកហាត់ខ្ពស់ហួសពីការស្មានដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (SEA Para Games) នៅសិង្ហបុរីនាខែធ្នូខាងមុខនេះ។
លោក លាក់ ឡុច គ្រូបង្វឹកកីឡារទេះជនពិការកម្ពុជាបានឲ្យដឹងថា កីឡាករប្រណាំងរទេះជនពិការរបស់កម្ពុជាមានគ្នា៥នាក់កំពុងហ្វឹកហាត់យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិដើម្បីចេញទៅប្រកួតកីឡា SEA Para Games នៅប្រទសសិង្ហបុរី នាពេលខាងមុខនេះ។ ពួកគាត់ទាំងអស់មានឆន្ទៈខ្ពស់ណាស់ក្នុងការហ្វឹកហាត់ទាំងអំឡុងពេលមានការជ្រោមជ្រែង និងមិនទាន់ទទួលបានការជ្រោមជ្រែង។
លោកគ្រូបង្វឹករូបនេះបានលើកឡើងថា ពួកគាត់បានប្រមូលហ្វឹកហាត់តាំងពីខែមករា ឆ្នាំ២០១៥មកមកម្ល៉េះ។ «ពួកគាត់ខំប្រឹងណាស់ ពេលខ្លះគ្រូមិនហៅឲ្យហ្វឹកហាត់ ក៏ពួកគាត់ស្ម័គ្រចិត្តដោយខ្លួនឯងនាំគ្នាហ្វឹកហាត់ជាប្រចាំ»។
លោកបន្តថា សមត្ថភាពរបស់ពួកគាត់នៅពេលនេះឈានដល់កម្រិតល្អប្រសើរជាងលើកមុនច្រើនដែលកត្តាទាំងអស់នេះធ្វើឲ្យលោកក្នុងនាមជាគ្រូបង្វឹក និងថ្នាក់ដឹកនាំមានសង្ឃឹមខ្ពស់ក្នុងការដណ្ដើមបានមេដាយជូនជាតិមាតុភូមិ។
លោក លាក់ ឡុច បានទម្លាយឲ្យដឹងពីផលលំបាកកាលពីដើមឆ្នាំថា កាលចាប់ផ្តើមហ្វឹកហាត់ដំបូងអត់មានទីលានល្អដូចសព្វថ្ងៃទេ គឺពួកគាត់ទៅហាត់នៅកោះពេជ្រដែលមិនមែនជាទីលានស្តង់ដារសម្រាប់ការប្រណាំងរទេះជនពិការ និងមិនទាន់មានអ្នកជួយឧបត្ថម្ភគ្រប់គ្រាន់។ ជាមួយគ្នាសម្ភារៈមួយចំនួនដូចជាស្រោមដៃ និងរទេះក៏ថ្លៃថែមទៀត។
ទោះបីយ៉ាងណា លោកប្រាប់ថា កាលពីប៉ុន្មានខែមុននេះក្រុមកីឡាជនពិការទទួលបានការអនុញ្ញាតពីក្រសួងអប់រំដើម្បីហ្វឹកហាត់នៅទីលានពហុកីឡដ្ឋានជាតិដែលជាកន្លែងស្តង់ដារ និងទទួលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំគ្រប់លក្ខណៈដែលធ្វើឲ្យពួកគាត់កាន់តែងាយស្រួល និងបង្កើនសមត្ថភាពខ្លាំងឡើង។
លោកបានបញ្ជាក់ថា ប្រសិនបើវិញ្ញាសាដែលក្រុមកីឡាប្រណាំងរទេះកម្ពុជាធ្លាប់ឈ្នះមេដាយកន្លងមកនៅប្រទេសឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាមិនមានការផ្លាស់ប្តូរទេ ក្រុមកីឡាប្រណាំងរទេះកម្ពុជាសង្ឃឹមឈ្នះ១០០%។
ទស្សនាវីដេអូ
កីឡាករប្រណាំងរទេះជនពិការទាំង៥នាក់ដែលត្រូវចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែធ្នូ ខាងមុខនេះ រួមមានកីឡាករ វ៉ាន វ៉ុន, ហេង សាវឿន, ឈុន ពុធ, ឯក ញាណសមុទ្រ និងកីឡាករ ហ៊ុន សើន ដែលទើបចេញទៅប្រកួតអន្តរជាតិលើកដំបូង។ កាលនៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ កីឡាករ វ៉ាន វ៉ុន ឈ្នះមេដាយមាស៣ និងប្រាក២ ឯ ហេង សាវឿន ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ១ ហើយ ឯក ញាណសមុទ្រ និង ឈុន ពុធឈ្នះមេដាយប្រាក់១ដូចគ្នា។
ការប្រកួតកីឡា SEA Para Games ឆ្នាំ២០១៥នេះ កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីពិការចំនួន៣០រូបទៅ ចូលរួមប្រកួតដែលក្នុងនោះមានអត្តពលកម្ម(រទេះ-រត់-ចោលដុំដែក- ចោលថាស១៩រូប ហែលទឹក៩រូប ប៊ូលលីង១រូប និងបាញ់កាំភ្លើង១រូប៕
អត្ថបទ៖ ជាន ចាន់រ៉ា